ជាតិ
សង្គមជាតិ
សេដ្ឋកិច្ចអន្តរជាតិ
លទ្ធផល​ពី​មន្ទីរពិសោធន៍​ជាតិ​កសិកម្ម៖ គ្មាន​អង្ករ​ប្លា​ស្ទិ​ក​ទេ!
04, Nov 2016 , 12:45 pm        
រូបភាព
ក្រសួងកសិកម្ម បាន​ចេញមុខ​បញ្ជាក់ប្រាប់​សាធារណជន​ថា គ្មាន​ឡើយ អង្ករ​ប្លា​ស្ទិក​នៅ​កម្ពុជា។ ការអះអាង​នេះ គឺ​ផ្អែកលើ​លទ្ធផល​ពិសោធន៍ ពី​មន្ទីរពិសោធន៍​ជាតិ​កសិកម្ម លើ​សំណាក​គំរូ​អង្ករ ដែល​សង្ស័យថា​ជា​អង្ករ​ប្លា​ស្ទិ​ក។


 
ក្រោយពី​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ ពី​វត្តមាន​អង្ករ​ប្លា​ស្ទិក​នៅ​កម្ពុជា កក្រើក​ជាថ្មី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជូន​សំណាក​គំរូ​អង្ករ ដែល​សង្ស័យថា​ជា​អង្ករ​ប្លា​ស្ទិ​ក ទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍​ជាតិ​កសិកម្ម ដើម្បី​កំណត់​អត្តសញ្ញាណ​អង្ករ​នោះ។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម មន្ទីរពិសោធន៍​ជាតិ​កសិកម្ម បានធ្វើ​វិភាគ​សំណាក​គំរូ​អង្ករ​តាម​បច្ចេកទេស​ចំនួន៣។ ​ទី១ ការវិភាគ​លក្ខណៈ​រូប តាមរយៈ​ការ​វាស់​ដង់ស៊ីតេ​អង្ករ និង​វាស់​ដង់ស៊ីតេ​ម្សៅ​អង្ករ។ ទី២ ការវិភាគ​លក្ខណៈ​គីមី ដើម្បី​ស្រាវជ្រាវ​កម្រិត​ប្រូតេអ៊ីន​ក្នុង​អង្ករ។ ទី៣ ការរំលាយ​អង្ករ ដោយ​ប្រើប្រាស់​អាស៊ី​ខ្លាំង(Nitric Digestion)។

យោងតាម​លទ្ធផល​នៃ​ការពិសោធន៍ ក្រសួង​មិនបាន​រកឃើញ​វត្តមាន​ប្លា​ស្ទិ​ក​នៅក្នុង​អង្ករ​នោះឡើយ។ ក្រសួងកសិកម្ម ក៏​ស្នើ​ឲ្យ​សាធារណជន​រាយការណ៍​ទៅកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច ករណី​មានការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​អង្ករ​ប្លា​ស្ទិ​ក។

គួរ​បញ្ជាក់ថា ថ្មីៗនេះ វីដេអូ​ដែល​គេ​អះអាងថា​ជា​អង្ករ​ប្លា​ស្ទិ​ក ត្រូវបាន​ចែក​ផ្សាយ​បន្ត​គ្នា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បារម្ភ។ កន្លងមក ក៏មាន​ការអះអាង​ផ្ទុយគ្នា  ជុំវិញ​វត្តមាន​អង្ករ​ប្លា​ស្ទិ​កនៅ​កម្ពុជា រវាង​អាជ្ញាធរ​កម្ពុជា និង​អង្គ​ការដែល​ធ្វើការ​ងារ​លើ​ផ្នែក​អង្ករដែរ។ យ៉ាងណាក៏ដោយ លទ្ធផល​ពិសោធន៍​ចុងក្រោយ​នេះ អាច​ជម្រះ​មន្ទិលសង្ស័យ​របស់​ប្រជាពលរដ្ឋ៕


© រក្សាសិទ្ធិដោយ thmeythmey.com