ជាតិ
សុវត្តិភាព ចរាចរណ៍
លោក ច័ន្ទ សុផល ផ្ដល់វិធីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញ
× ភ្នំពេញ៖ ការកកស្ទះចរាចរណ៍ គឺជាបញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាដទៃទៀតនៅរាជធានីភ្នំពេញ។ មជ្ឈដ្ឋាននានាតែងលើកយកប្រធានបទកកស្ទះចរាចរណ៍មកពិភាក្សា ដើម្បីផ្ដល់គំនិតបែបស្ថាបនាដល់ស្ថាប័ន និងអ្នកពាក់ព័ន្ធយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព។ ដោយឡែក លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) បានបង្ហាញវិធីដោះស្រាយមួយចំនួនសម្រាប់បញ្ហានេះ។
លោក ច័ន្ទ សុផល បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ការពង្រីកផ្លូវ និងសង់ស្ពានអាកាស គឺជាដំណោះស្រាយសម្រាប់បញ្ហាកកស្ទះចរាចរណ៍ ក្នុងរយៈពេលយូរ។ លោកផ្ដល់គំនិតមួយចំនួន ដល់អ្នកពាក់ព័ន្ធ ដើម្បីរកដោះស្រាយក្នុងរយៈពេលខ្លី។ បើតាមនាយក CPS រូបនេះ នគរបាលត្រូវសម្រួលចរាចរណ៍ឱ្យបានទៀងទាត់នៅចំណុចដែលងាយកកស្ទះ ជាពិសេសនៅម៉ោងដែលមានចរាចរណ៍ខ្លាំង។ ទន្ទឹមនឹងនេះ អាជ្ញាធរត្រូវកំណត់ចរាចរណ៍ទិសតែមួយសម្រាប់ផ្លូវមួយចំនួន និងគ្រប់គ្រងកន្លែងទទួលកុមារនៅតាមសាលារៀន។
លោក ច័ន្ទ សុផល បន្ថែមថា អាជ្ញាធរត្រូវជួសជុលផ្លូវខូចខាត ដែលរំខានដល់ការធ្វើដំណើរ ហើយការជួសជុលផ្លូវទៀតសោតត្រូវសម្រុកធ្វើនៅក្រោយម៉ោង ១០យប់។ លោកប្រាប់ថា គួរចៀសវាងការបិទផ្លូវសម្រាប់កម្មវិធីផ្សេងៗ និងបញ្ចៀសការចេញរថភ្លើងនៅម៉ោងមមាញឹក ដែលនាំឲ្យបង្អាក់ការធ្វើដំណើរ។ ក្រៅពីនោះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ឲ្យយោបល់ថា អាជ្ញាធរត្រូវដាក់ភ្លើងស្តុបនៅកន្លែងដែលត្រូវការចាំបាច់ និងបំពាក់ប្រព័ន្ធពន្លឺព្រះអាទិត្យនៅទីតាំងភ្លើងស្តុបដែលងាយដាច់ចរន្តអគ្គិសនី។
ការកកស្ទះចរាចរណ៍បណ្ដាលឲ្យខាតពេលវេលានិងថវិកា ខកខានការណាត់ជួបនិងប្រជុំ បំពុលបរិយាកាស និងនាំឲ្យអ្នកធ្វើដំណើរស្ដ្រេស មួម៉ៅជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com