សង្គមអន្តរជាតិ​
អន្តរជាតិ
កុមារអាយុ​១២​ឆ្នាំម្នាក់ ធ្វើ​តុក្កតា​ខ្លាឃ្មុំ​ជាង​៨០០​ដើម្បី​ចែក​ដល់​កុមារ​ដែល​សម្រាក​នៅ​ពេទ្យ​
10, Nov 2016 , 10:56 pm        
រូបភាព
ដោយ: ធីតា
​សប្បុរសធម៌​មិន​គិតពី​អាយុ​នោះឡើយ​។ កុមារា​អូស្ត្រាលី​ម្នាក់ បាន​ក្លាយជា​គំរូ​របស់​មនុស្ស​ទូទៅ​។ ត្រឹម​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ Campbell Remess បាន​ដេរ និង​ច្នៃ​ជា​សត្វ​ខ្លាឃ្មុំ​ជាង​៨០០ ដើម្បី​ធ្វើជា​កាដូ​ដល់​កុមារ​ផ្សេងទៀត​ដែលមាន​ជំងឺ​។​



​រយៈពេល​៣​ឆ្នាំ​មកហើយ Campbell Remess បាន​ចាប់​ដេរ និង​ច្នៃ​ជា​សត្វ​ខ្លាឃ្មុំ​ដើម្បី​ចែក​ដល់​កុមារ​ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​។ យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ Essential Kids របស់​អូស្ត្រាលី Campbell ដែលមាន​រហស្សនាម​ថា «Bumble» តែងតែ​ចំណាយ​ប្រាក់​ខ្លួនឯង​ដើម្បី​ទិញ​សម្ភារ ដូចជា​សំឡី រោម និង​ក្រណាត់ ហើយ​បង្កើតជា​តុក្កតា​ខ្លាឃ្មុំ ដោយ​ប្រើ​ម៉ាស៊ីន​របស់​ម្តាយ​។​

Campbell បាន​ផ្តួច​ផ្តើមគំនិត​សប្បុរសធម៌​តាំងពី​អាយុ​៩​ឆ្នាំ ដោយ​គេ​តែងតែ​សួរ​ឪពុកម្តាយ​ទាក់ទង​នឹង​ការជូន​កាដូ​ដល់​កុមារ​នៅតាម​មន្ទីរពេទ្យ​នា​ពិធីបុណ្យ​ណូអែល ប៉ុន្តែ​ឪពុកម្តាយ​ប្រាប់ថា ត្រូវ​ចំណាយ​ច្រើនណាស់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ Campbell មិន​រាថយ​ឡើយ ហើយ​គេ​ក៏មាន​គំនិត​បង្កើត​វា​ដោយ​ខ្លួន ដោយ​មិនចាំបាច់​ចំណាយលុយ​ច្រើន​ទិញ​។ បន្ថែម​ពីលើ​នេះ គេ​បាន​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា «Project 365»​។​

​គម្រោង​របស់ Campbell មានការ​ទទួលស្គាល់ និង​គាំទ្រ​ជាច្រើន ដែល​នាំ​ឲ្យ​ទទួលបាន​ការឧបត្ថម្ភ​មួយចំនួន​ដើម្បី​ទិញ​សម្ភារ​។ កុមារ​សប្បុរស​រូបនេះ ក៏ត្រូវ​បាន​សម្ភាស​ដោយ​ទូរទស្សន៍ និង​សារព័ត៌មាន​ធំៗ​ផងដែរ រួមមាន ABC, SBS, TODAY និង BBC ជាដើម​។​

​ជាមួយគ្នានេះ​ផងដែរ Campbell ទទួលបាន​រង្វាន់ Peoples Choice Award ក្នុង​ព្រឹត្តិការណ៍ Tas Community Achievement Awards ក្នុងប្រទេស​អូស្ត្រាលី​ផងដែរ​។ មិន​ត្រឹមតែ​កុមារ​នោះឡើយ ឪពុកម្តាយ​កុមារ​ទាំងនោះ តែងតែ​ដឹងគុណ​ចំពោះ Campbell ជានិច្ច ពីព្រោះ​ចិត្តសប្បុរស​របស់គេ ជួយផ្តល់​កម្លាំង​ជាច្រើន​ដល់​កូនៗ​របស់​ពួកគាត់​៕



Tag:
 សប្បុរសធម៌
  កុមារអូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com