កីឡាជាតិ
ជាតិ
សិល្បះ
ការវិវត្តរបស់ក្រុមជម្រើសជាតិកម្ពុជាធ្វើឲ្យ ខេមរៈ សិរីមន្ត ចូលចិត្តកីឡាបាល់ទាត់
15, Nov 2016 , 2:49 pm        
រូបភាព
ដោយ: ថ្មីៗ
តារាចម្រៀងដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា ខេមរៈ សិរីមន្ត ក្រៅអាជីពជាអ្នកចម្រៀង លោកតែងតែយកចិត្តទុកដាក់គាំទ្រ និងស្រលាញ់វិស័យកីឡារបស់កម្ពុជា។ លើសពីនេះកាលពីពេលថ្មីតាមរយៈការរីកចម្រើនថ្វីជើងបានធ្វើឲ្យ លោកចាប់អារម្មណ៍ខ្លាំងលើកីឡា នោះគឺកីឡាបាល់ទាត់ ដែលពីមុនមកលោកមិនធ្លាប់ចាប់អារម្មណ៍នោះឡើយ ។ 


តារាចម្រៀងជួរមុខរបស់កម្ពុជា និងជាតារាពេញនិយមរបស់យុវវ័យ លោកខេមរៈ សិរីមន្ត ទោះបីជារវល់ជាមួយការងារសិល្បៈ ប៉ុន្តែរូបគេបានឆ្លៀតឱកាសយកពេលវេលាទំនេរពីអាជីពជាអ្នកចម្រៀងមកគាំទ្រ និងស្រលាញ់វិស័យកីឡា។ ក្រៅពីវិស័យសិល្បៈ សេរីមន្ត ចូលចិត្តកីឡាស្ទើរគ្រប់ប្រភេទ ប៉ុន្តែកាលពីពេលថ្មីៗ ដោយមើលឃើញពីការវិវត្តថ្វីជើងរបស់ក្រុមជម្រើសជាតិកម្ពុជាធ្វើឲ្យរូបគេចាប់អារម្មណ៍ខ្លាំងលើកីឡាបាល់ទាត់។



«បើនិយាយពីកីឡាខ្ញុំចូលចិត្តទាំងអស់ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះខ្ញុំចាប់អារម្មណ៍កីឡាបាល់ទាត់។ ពីមុនខ្ញុំមិនសូវចាប់អារម្មណ៍នោះទេ ប៉ុន្តែនៅពេលឃើញកីឡាករយើងវិវត្តថ្វីជើងកាន់តែល្អឡើងៗ ខ្ញុំតាមដានទៅ ខ្ញុំមានកាពេញចិត្តនឹងថ្វីជើងរបស់គាត់ ធ្វើឲ្យខ្ញុំចាប់អារម្មណ៍កីឡាបាល់ទាត់។ ហើយខ្ញុំក៏ធ្លាប់ទៅទាត់នៅទីលានឯកជនតូចៗ ខ្ញុំគិតថាបាល់ទាត់មិនមានភាពងាយស្រួលនោះទេ»។ នេះជាការបញ្ជាក់របស់ លោក ខេមរៈ សិរីមន្ត។

ការវិវត្តថ្វីជើងរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា មិនត្រឹមតែធ្វើឲ្យតារាចម្រៀងដ៏ល្បីល្បាញរបស់កម្ពុជា ខេមរៈ សិរីមន្ត ចូលចិត្ត និងស្រលាញ់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យរូបគេភ្ញាក់ផ្អើលទៀតផង។ លើសពីនេះ ក្រុមកីឡាករទាំងនោះបានក្លាយជា Idol របស់លោកផងដែរ។



លោករៀបរាប់ដូច្នេះថា៖«និយាយរួមទៅខ្ញុំឃើញពីថ្វីជើងរបស់ប្អូនៗល្អសឹងតែគ្រប់គ្នា ដូច្នេះ Idol របស់ខ្ញុំស្ទើរតែគ្រប់គ្នាដែរ។ ចំណែកបរទេស ខ្ញុំអត់សូវតាមដាននោះទេ ជាការពិតខ្ញុំអត់សូវតាមដានបាល់ទាត់ ខ្ញុំអត់ដែលផ្តោត ទើបតែថ្មីៗនេះ ខ្ញុំឃើញប្អូនៗកីឡាករខ្មែរយើងធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល។ ក្រៅពីបាល់ទាត់ខ្ញុំចូលចិត្តកីឡាកីឡាប្រដាល់ និងក្បាច់គុនផ្សេងៗ»៕ 


Tag:
 បាល់ទាត់
  ខេមរៈ សេរីមន្ត
© រក្សាសិទ្ធិដោយ thmeythmey.com