សង្គមអន្តរជាតិ
អន្តរជាតិ
សិង្ហបុរីដែលជាប្រទេសដ៏តូចមួយតែមានសាកលវិទ្យាល័យស្តង់ដាពិភពលោក សកម្មភាពរបស់ក្រុមនិស្សិតសាកលវិទ្យាល័យ NUS របស់សិង្ហបុរី
× សិង្ហបុរី ដែលមានផ្ទៃដីតែជាង ៧០០គីឡូម៉ែត្រការ៉េនោះ គឺជាប្រទេសរីកចម្រើន និងផុសផុលបំផុតលើគុណភាពវិស័យអប់រំ។ ក្នុងបញ្ជី Best Global Universities ដែលចាត់ថ្នាក់ដោយភ្នាក់ងារ U.S.News កាលពីពេលថ្មីៗកន្លងមកនេះ សិង្ហបុរី មានសាកលវិទ្យាល័យស្តង់ដារកំពូលចំនួន២ក្នុងចំណោមសាកលវិទ្យាល័យកំពូលៗចំនួន១០០០នៅលើពិភពលោក។
យោង Indicator Rankings របស់ U.S.News ប្រចាំឆ្នាំ២០១៧ សាកលវិទ្យាល័យ National University of Singapore (NUS) មានចំណាត់លេខ៥០លើពិភពលោកក្នុងចំណោមសកលវិទ្យាល័យស្តង់ដាកំពូលៗចំនួន១០០០។
នៅតំបន់អាស៊ី NUS ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពី University of Tokyo របស់ជប៉ុន។ សាកលវិទ្យាល័យ NUS មានកម្រិតខ្ពស់លើការអប់រំជំនាញវិស្វកម្ម គីមីវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ, Material Sciences និងជំនាញជាច្រើនទៀត។
សាកលវិទ្យាល័យមួយទៀតរបស់សិង្ហបុរីដែលស្ថិតក្នុងចំណាត់ថ្នាក់ Best Global Universities ផងដែរនោះ គឺ Nanyang Technological University (NTU) ដែលស្ថិតនៅចំណាត់ថ្នាក់៧៤លើពិភពលោក និងទី៥នៅតំបន់អាស៊ី។
NTU មានភាពល្បីល្បាញលើការផ្តល់ជំនាញអប់រំផ្នែក វិទ្យាសាស្ត្រសម្ភារ (Materials Science), គីមីវិទ្យា, វិទ្យាសាស្ត្រកុំព្យូទ័រ, វិស្វកម្ម ផងដែរ។ ក្រៅពីនេះមានជំនាញផ្សេងទៀតដូចជា សិល្បៈ និងមនុស្ស ជីវវិទ្យា សេដ្ឋកិច្ច វិទ្យាសាស្ត្រសង្គម និងសុខភាពសាធារណជាដើម។
សាកលវិទ្យាល័យមួយទៀតរបស់សិង្ហបុរី ដែលមិនស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលៗទាំង១០០០លើពិភពលោកនោះ គឺ Singapore Management University។ ទោះបីជាយ៉ាងណាក៏ដោយ សាកលវិទ្យាល័យនេះ មានស្តង់ដាខ្ពស់លើការអប់រំជំនាញ សេដ្ឋកិច្ច និងពាណិជ្ជកម្ម៕
Tag:
Best Global Universities
អប់រំ
សាកលវិទ្យាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com