ជាតិ
បុរស​ដែល​វាយ​កញ្ញា អា​វី​ហ្សា ត្រូវបាន​តុលាការ បញ្ជូនទៅ​ឃុំខ្លួន​
17, Nov 2016 , 2:43 pm        
រូបភាព
លោក គៀង ហេង នៅខាងស្តាំកញ្ញា អាវីហ្សា។ រូបពីហ្វេសប៊ុក ឈ្មោះ Hea Heng ( គៀង ហេង)
លោក គៀង ហេង នៅខាងស្តាំកញ្ញា អាវីហ្សា។ រូបពីហ្វេសប៊ុក ឈ្មោះ Hea Heng ( គៀង ហេង)
 
​ភ្នំពេញ​៖ តុលាការខេត្ត​ព្រះសីហនុ បាន​បញ្ជូន​ជនល្មើស ដែល​វាយដំ​កញ្ញា ពេជ្រ អា​វី​ហ្សា ជា​តារា​សម្តែង ទៅ​ឃុំ​បណ្តោះអាសន្ន​។ ជនល្មើស ដែលជាប់​សាច់ឈាមនឹង​ឧកញ៉ា ទ្រី ភាព ហើយក៏​ជា​អតីត​សង្សារ​របស់​កញ្ញា ពេជ្រ អា​វី​ហ្សា ផង​នោះ ត្រូវបាន​ដាក់​ឲ្យ​សិ្ថ​ត​នៅក្រោម​ការស៊ើបអង្កេតរ​បស់​តុលាការ ពាក់ព័ន្ធ​នឹង​ការប្រើ​អំពើហិង្សា​។​

 
​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញ​ដីកា​មួយ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដើម្បី​បញ្ជា​សមត្ថកិច្ច ឲ្យ​នាំ​លោក គៀង ហេង ដែល​ជាប់​សាច់ឈាមជាមួយ​ឧកញ៉ា ទ្រី​ភាព ហើយក៏​ជា​អតីត​សង្សារ​របស់​កញ្ញា អា​វី​ហ្សា ទៅ​ឃុំ​បណ្តោះអាស្ន​។ ការសម្រេច​បែបនេះ គឺធ្វើឡើង បន្ទាប់ពី លោក គៀង ហេង និង​កញ្ញា អា​វី​ហ្សា ត្រូវបាន​នាំខ្លួន ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​សួរចម្លើយ​ពួកគេ ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​។ 
 
​យោងតាម​ដីកា​ខាងលើ ចៅក្រម​ស៊ើបសួរ បានដាក់​លោក គៀង ហេង ដែល​វាយដំ​កញ្ញា អា​វី​ហ្សា ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​លើ​ផ្ទៃមុខ ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ «​ហិង្សា​ដោយ​ចេតនា​»​។ 
​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ខាងលើ ក្រុម​សង្គម​ស៊ីវិល​មួយចំនួន  ដែល​ធ្វើការ​លើកស្ទួយ​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា បាន​ចេញមុខ​រិះគន់​លោក គៀង ហេង ដែល​ហ៊ាន​ប្រើ​អំពើហិង្សា លើក​ញ្ញា អា​វី​ហ្សា ដោយ​មិន​គិតពី​តម្លៃ​ស្រី្ត​។ សង្គម​ស៊ីវិល​ទាំងនោះ បានចាត់ទុក​ទង្វើ​រប​ស់លោក គៀង ហេង ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម​យ៉ាងធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​ជា​បុរស​។ ពួកគេ បានស្នើ​ឲ្យ​តុលាការ ដាក់ទោស​ទណ្ឌ​លើ​លោក គៀង ហេង ទៅតាម​ផ្លូវច្បាប់​។ 
 
​ចំណែកឯ សមាគម​សិល្បករ​ខ្មែរ ដែលមាន លោក សុះ ម៉ាច ជា​ប្រធាន​ឯណោះ​វិញ ក៏បាន​ត្រៀមលក្ខណៈ​ក្នុង​ការជួយជ្រោមជ្រែង​ដល់ក​ញ្ញា អា​វី​ហ្សា​ផងដែរ​។ លោក សុះ ម៉ាច ដែលជា​តារាចម្រៀង​បែប​មនោសញ្ចេតនា បាន​អះអាងថា ប្រសិនបើ កញ្ញា អា​វី​ហ្សា ដាក់ពាក្យ​ប្តឹងទៅ​កាន់​តុលាការ ហើយ​ត្រូវការ​មេធាវី នោះ​សមាគម​សិល្បករ​ខ្មែរ នឹង​ផ្តល់​មេធាវី​ដល់ក​ញ្ញា អា​វី​ហ្សា​។  
 
​ដោយឡែក លោក គឹម សន្តិភាព អ្នកនាំពាក្យ​របស់​ក្រសួងយុត្តិធម៌ ក៏បាន​បកស្រាយ​ពី​ករណី​ខាងលើ​ដែរ​។ លោក បាន​ពន្យល់​តាមផ្លូវ​ច្បាប់​ថា ការប្រើ​អំពើហិង្សា គឺជា​បទ​ល្មើ​ព្រហ្មទណ្ឌ ដូច្នេះ​ស្ថាប័ន​អយ្យការ រួមទាំង​សមត្ថកិច្ច​ដែល​ជាប់​ព័ន្ធ កំពុងតែ​ចាត់វិធានការ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ឈានដល់​ការផ្តន្ទាទោស​ចំពោះ​ជនល្មើស​។ អ្នកនាំពាក្យ​រូបនេះ សង្កត់ធ្ងន់ថា ការសម្របសម្រួល ឬ​ការទទួលយក​សំណង គឺជា​ផ្នែក​មួយ​នៃ​ការដោះស្រាយ​ផ្ទាល់​រវាង​ជនរងគ្រោះ និង​ជនល្មើស តែ​នីតិវិធី​ផ្នែក​ព្រហ្មទណ្ឌ នៅតែ​បន្ត​ដដែល​។ 
 
​ដោយសារតែ​សារព័ត៌មាន​ជាច្រើន បាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត ហើយ​ថែមទាំង​ភ្ជាប់​ឈ្មោះ​របស់ខ្លួន​ទៅនឹង​រឿងរ៉ាវ​ខាងលើ លោក ទ្រី ភាព ដែលមាន​ងារ​ជា​ឧកញ៉ា ក៏បាន​ចេញមុខ​បកស្រាយ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះថា  «TRY PHEAP GROUP CO.,LTD»​។ តាមរយៈ​ទំព័រ​ហ្វេ​ស៊ុ​ក​នោះ លោក ទ្រី ភាព បានប្រកាសថា លោក គៀង ហេង ពិតជា​សាច់ញាតិ​ខាង​ប្រពន្ធ​របស់ខ្លួន​មែន ប៉ុន្តែ លោក ទ្រី ភាព នៅតែ​ជំរុញ​ឲ្យ​តុលាការ​ចាត់ការ ទៅលើ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​។ 
 
​លោក ទ្រី ភាព បានបញ្ជាក់​ទៀតថា អំពើហិង្សា​ខាងលើ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​រូបលោក​ឡើយ​។ ជាងនេះទៀត ឧកញ៉ា​ល្បីឈ្មោះ​រូបនេះ ក៏បាន​ស្នើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ កុំ​ភ្ជាប់​ករណី​ហិង្សា​នេះ ជាមួយនឹង​រូបលោក ព្រោះ​វា​ជា​រឿង​បុគ្គល​ផ្ទាល់ខ្លួន​។​
 
​សូម​រម្លឹក​បន្តិច​ថា លោក គៀង ហេង បាន​វាយដំ​កញ្ញា អា​វី​ហ្សា ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នៅលើ​ផ្ទៃមុខ នៅ​ក្លឹប​កម្សាន្ត​មួយ ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ក្រោយមក កញ្ញា អា​វី​ហ្សា ក៏បាន​ទម្លាយ​ហេតុការណ៍​ខាងលើ នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តែម្តង​៕
 

Tag:
 គៀង ហេង​
  អា​វី​ហ្សា​
  តុលាការ​
  ឃុំខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com