ខ្មែរ​ក្រហម
ជាតិ
អាមេរិក​ស្វាគមន៍​សាលដីកា​តុលាការ​ខ្មែរក្រហម​ដែល​ឲ្យ ខៀវ សំផន និង​នួន ជា ជាប់គុក​មួយជីវិត​
23, Nov 2016 , 9:39 pm        
រូបភាព
រូបពីECCC
រូបពីECCC
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​អាមេរិក បាន​សម្តែង​ការពេញចិត្ត​នឹង​សាលដីកា​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​ពុធ ដែល​បានសម្រេច​រក្សា​សាលក្រម របស់​អង្គជំនុំជម្រះ​សាលាដំបូង ឲ្យ​លោក នួន ជា និង​លោក ខៀវ សំផន ជាប់ពន្ធនាគារ​អស់​មួយជីវិត​។



​សេចក្តីថ្លែងការណ៍​រប​ស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ពុធ បាន​លើកឡើងថា តុលាការ​ខ្មែរក្រហម បាន​កាត់ទោស​លោក ខៀវ សំផន និង​លោក នួន ជា ក្នុង​សំណុំរឿង ០០២ វគ្គ​១ ពីបទ​ឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ ការធ្វើ​ទុក្ខទោស​ដោយសា​រ​ហេតុផល​នយោបាយ និង​អំពើ​អមនុស្សធម៌​ដទៃទៀត ទាក់ទង​នឹង​ការ​ជន្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​ដោយ​បង្ខំ កាលពី ខែមេសា ឆ្នាំ ១៩៧៥ ។  «​សម័យ​ខ្មែរក្រហម​កាន់អំណាច​គឺជា​យុគសម័យ​ដ៏​ខ្មៅ​ងងឹត​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ហើយ​សាលដីកា​ដែល​ចេញ​នៅថ្ងៃនេះ​ធានាថា មេដឹកនាំ​កំពូល​ពីររូប​ក្នុងចំណោម មេដឹកនាំ​កំពូលៗ​នៃ​របប​នេះ​ត្រូវបាន​ចាប់​អោយទទួល​ខុសត្រូវ​»​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ដដែល ហើយក៏​បន្ត​យ៉ាងនេះ​ថា​៖«​សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​បេសកកម្ម​របស់ ECCC ក្នុងការ​នាំមក​នូវ​យុត្តិធម៌​មួយកម្រិត សម្រាប់​ប្រជាជន​កម្ពុជា និង​លាតត្រដាង​ពីបទ​ឧក្រិដ្ឋ​ដ៏​គួរអោយ​ភ័យខ្លាច​របស់​ពួក​ខ្មែរក្រហម​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី ៧ ខែសីហា ឆ្នាំ​២០១៤ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) រកឃើញថា ជនជាប់ចោទ​មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ និង​បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ជនជាប់ចោទ​ទាំងពីរ អស់​មួយជីវិត​។ លោក នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ បាន​ប្តឹង​សារទុក្ខ​នឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដោយ​ម្នាក់ៗ​បានលើកឡើង​ទឡ្ហីករណ៍​បណ្តឹង​សារទុក្ខ​រៀងៗ​ខ្លួន ចំនួន​២២៣ និង​១៤៨ ៕


Tag:
 ខៀវ សំផន​
  នួន ជា​
  តុលាការ​ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com