ជាតិ
សង្គមជាតិ
ប្រតិបត្តិ​ករ​ទេសចរណ៍​ជួបជុំគ្នា​ដើម្បី​រក​គន្លឹះ​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​មាន​និរន្តរភាព​
25, Nov 2016 , 10:22 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប​៖ ប្រតិបត្តិ​ករ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប បានរៀបចំ​កម្មវិធី​ជួបជុំគ្នា​មួយ ក្នុង​បំណង​ចែករំលែក​ពី​ការងារ​ផ្សេងៗ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​។ ការជជែក ចែករំលែក និង​ស្វែងរក​ដំណោះស្រាយ​រួម​ពី​ការងារ​ទេសចរណ៍ គឺ​សុទ្ធសឹង​ជា​ប្រធានបទ ដែល​ប្រតិបត្តិ​ករ​ទេសចរណ៍ លើក​មក​ពិគ្រោះគ្នា ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​វិស័យ​ដ៏​មាន​សក្តានុពល​ក្នុង​ខេត្ត​ទេសចរណ៍​សៀមរាប​មាន​និរន្តរភាព​។​



​លោក ហ្វី​លី​ព កៅ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​កម្មវិធី​រាត្រី​ជួបជុំ​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប​ថា​ នេះ​ជា​លើក​ទី​១៣​ហើយ​ដែល​ក្លឹប​ទេសចរណ៍​ខេត្តសៀមរាប​របស់លោក បានរៀបចំ​កម្មវិធី​នេះ​ឡើង​។ តាម​ការបញ្ជាក់​របស់​លោក ហ្វី​លី​ព កៅ កម្មវិធី​នេះ​ធ្វើ​ឡើងជា​រៀងរាល់ខែ គោលបំណង​សំខាន់​ជួបជុំ​ប្រ​ត្តិ​ករ​ទេសចរណ៍​ទាំងអស់​ក្នុង​ខេត្តសៀមរាប ដើម្បី​ជួបគ្នា ផ្លាស់ប្តូរ​យោបល់ និង​ចែករំលែក​នូវ​បទពិសោធន៍​នានា ជុំវិញ​វិស័យ​ទេសចរណ៍​។​

​បន្ថែម​ពីលើ​នេះ លោក ហ្វី​លី​ព កៅ បាន​បញ្ជាក់ថា លោក​ចង់​ឲ្យ​សកម្មភាព​បែបនេះ​មាន​ជា​រហូត​ទៅ ក្នុង​បំណង​យ៉ាងណា​ធ្វើ​ឲ្យ​ប្រាកដថា វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប មាន​និរន្តរភាព​។ ប្រធាន​ក្លឹប​ទេសចរណ៍​ខេត្តសៀមរាប (STC) បាន​រម្លឹក​ពី​ការងារ​ខ្លះៗ ដែល​ក្រុម​របស់លោក​បាន​ចូលរួម​ជួយ​សង្គម​នាពេល​កន្លងមក ដូចជា​ការយក​ថវិកា​ដែល​បាន​ពី​ការរៀបចំ​ពិធី​ជួបជុំ​នានា ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​ល​។​

​លោក ចាន់ សុភា សមាជិក​ក្លឹប​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ដែរ​ថា វិស័យ​ទេសចរណ៍ គឺជា​វិស័យ​មួយ​ដែល​រកចំណូលបាន​ច្រើន ហើយ​វា​ក៏​ជា​វិស័យ​មួយ​ដែល​ផុយស្រួយ​ផងដែរ ដូច្នេះ​ចាំបាច់​ត្រូវ​ប្រតិបត្តិ​ក​ទាំងអស់​ជួប​ជជែក​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​។​

​គួរ​បញ្ជាក់ថា ពិធី​ជួបជុំ​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប​លើក​ទី​១៣ ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី​២៥ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​ហ៊ីល​ឡក់ ហូ​ថែ​ល និង​ស្ប៉ា (HILLOCKS Hotel & Spa)​។ ប្រតិបត្តិ​ករ​ទេសចរ​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​មាន​ចំនួន​ប្រមាណ​ជាង​១០០​នាក់​៕



Tag:
 ​ទេសចរណ៍​ខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com