កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ជាប់​ពិន័យ​ជាង​១​ឆ្នាំ ឥណ្ឌូនេស៊ី​ឡើងទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ AFF Suzuki Cup
26, Nov 2016 , 11:02 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូនេស៊ី បានបង្ហាញ​ពី​ស្មារតី​ឆ្ពោះទៅមុខ​ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ AFF Suzuki Cup ឆ្នាំ​២០១៦ ដោយបាន​វាយបក​សិង្ហ​បុរី ដើម្បី​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ពូ​ល A ជាមួយ​ថៃ​។​


​ជាង​១​ឆ្នាំកន្លងមក សកម្មភាព​បាល់ទាត់​នៅ​ឥណ្ឌូនេស៊ី ត្រូវបាន​ហាមឃាត់ បន្ទាប់​សហព័ន្ធ​កីឡាបាល់ទាត់​នៃ​ប្រទេស​នេះ ត្រូវ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ដាក់ពិន័យ ដោយសារតែ​មានការ​ជ្រៀត​ជ្រែង​ពី​រដ្ឋាភិបាល​។ បន្ទាប់ពី​ឆ្លង​ផុត​ការពិន័យ ក្រុម​ឥណ្ឌូនេស៊ី បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​នៅក្នុង​ពូ​ល A ហើយ​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​កំពូល​តារាង​ថៃ​។​

​នា​ការប្រកួត​ចុងក្រោយ​នៅក្នុង​ពូ​ល A កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា នៅ​កីឡដ្ឋាន Rizal Memorial Stadium ក្នុង​ទីក្រុង​ម៉ានីល Andik Vermansyah និង Stefano Lilipaly បាន​ស៊ុត​បាល់​បញ្ច​ល​ទី​នៅក្នុង​តង់​ទី​ពីរ តាម​វាយបក​សិង្ហ​បុរី ដែល​នាំមុខ​ដោយ Khairul Amri នៅក្នុង​តង់​ទីមួយ​។​

​ជាមួយនឹង​ជ័យជម្នះ ២-១ លើ​ម្ចាស់​ជើងឯក​៤​ជំនាន់​សិង្ហ​បុរី ក្រុម​ឥណ្ឌូនេស៊ី ដែល​ធ្លាប់​រងជើង​ឯក​៤​លើក​ផងដែរ​នោះ ទទួលបាន​៤​ពិន្ទុ ពី​ការប្រកួត​២​លើក​នៅក្នុង​ពូ​ល បន្ទាប់ពី​ចាញ់​ថៃ ៤-២ និង​ស្មើ​ម្ចាស់ផ្ទះ​ហ្វីលីពីន ២-២ ។​

​ថៃ​ដែលជា​ម្ចាស់​ការពារ​ជើងឯក បានធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ហ្វីលីពីន​ខកចិត្ត​នា​ជំនួប​នៅ​កីឡដ្ឋាន Philippine Sports Stadium ក្រុង Bocaue ដោយ Sarawut Masuk បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​១០​នាទីចុងក្រោយ​មុន​បញ្ចប់​ការប្រកួត ដោយ​នាំ​ឲ្យ​ថៃ មាន​៩​ពិន្ទុ​ពី​ការប្រកួត​ទាំង​៣​លើក​នៅក្នុង​ពូ​ល​។​

​ម្ចាស់ផ្ទះ​ហ្វីលីពីន មាន​ត្រឹមតែ​២​ពិន្ទុ ដោយ​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៣ រីឯ​សិង្ហ​បុរី មាន​១​ពិន្ទុ ត្រឡប់ទៅផ្ទះ​វិញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com