អន្តរជាតិ
អ្នក​ដាក់ទណ្ឌកម្ម «Duterte» អាច​ធានា​ពី​«​ភាពជា​ស្នូល​អាស៊ាន​»​ទេ ពេល​ហ្វីលីពីន ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំក្រោយ​?
28, Nov 2016 , 8:39 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន (ប្រភពរូបភាព​៖ inquirer.net)
ប្រធានាធិបតីហ្វីលីពីន (ប្រភពរូបភាព​៖ inquirer.net)
ដោយ:
​សល់​ពេល​ជាង​មួយខែ​ទៀត​ប៉ុណ្ណោះ ហ្វីលីពីន នឹងត្រូវ​ធ្វើជា​ប្រធាន​វិលជុំ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា​«​អាស៊ាន​» បន្ទាប់ពី ឡាវ​។ វា ក៏​នឹង​ជា​ពេលដែល​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ត្រូវ​បង្ហាញ​សមត្ថភាព​ដឹកនាំ​កិច្ចប្រជុំ​ពាក់ព័ន្ធ​កំពូលៗ ខណៈ​ឆ្នាំ​២០១៧ ក៏​ជា​ឱកាស​ពិសេស​មួយ​របស់​អាស៊ាន​ក្នុង​គម្រប់​ខួប​៥០​ឆ្នាំ​របស់ខ្លួន​ផងដែរ​នោះ​។ ក្រសែភ្នែក​សហគមន៍​អន្តរជាតិ និង​អ្នកតាមដាន​កិច្ចការ​អាស៊ាន ដាក់​ចំណោទ​សំណួរ​ថា​តើ លោក​ប្រធានាធិបតី​រូបនេះ អាចបំពេញ​តួនាទី​ស្នូល​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​បាន​ឬ​យ៉ាងណា បើ​គោលនយោបាយ​បរទេស​ក្នុង​រដ្ឋបាល​ថ្មី​របស់លោក មានការ​ប្រែប្រួល​ខ្លាំង​យ៉ាងនេះ​?



​ចាប់ពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៧ តទៅ ហ្វីលីពីន នឹង​ក្លាយជា​ប្រធាន​វិលជុំ​អាស៊ាន​ជា​ផ្លូវការ​ហើយ​។ ជា​ប្រធាន​អាស៊ាន​ឆ្នាំក្រោយ ហ្វីលីពីន មិន​ត្រឹមតែ​ជា​អ្នកសម្របសម្រួល​សម្រាប់​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​អាស៊ាន​លើក​ទី​៣០ និង​៣១​នោះទេ តែ ហ្វីលីពីន ក៏មាន​កាតព្វកិច្ច​ក្នុងការ​រៀបចំ កម្មវិធី​សម្រាប់​ខួប​លើក​ទី​៥០​របស់​អាស៊ាន ដែលជា​ពេល​កំណត់​មួយ​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការបង្កើត​អាស៊ាន​នោះ​។ ទោះ​តិច ឬ​ច្រើន ហ្វីលីពីន ត្រូវមាន​កា​ត្វ​កិច្ច បង្ហាញ​ពី​លក្ខណៈពិសេស​សម្រាប់​ឱកាស​មួយ​នេះ​ទៅកាន់​បណ្តា​សមាជិក​អាស៊ាន ក៏ដូចជា​ដៃគូ​ផ្សេងទៀត​របស់​អាស៊ាន ដ្បិត ហ្វីលីពីន ក៏​ជា​ស្ថាបនិក​របស់​អាស៊ាន​ក្នុង​ឆ្នាំ​១៩៦៧​ផងដែរ​។

​ក្នុង​ថ្ងៃ​ដែល​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ទទួល​ញញួរ​ជា​ប្រធាន​អាស៊ាន​ពី​ឡាវ​ក្រោយពេល​ក្រោយពេល​បញ្ចប់​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​២៨ និង​លើក​ទី​២៩ នៅ​ប្រទេស​ឡាវ នៅ​ថ្ងៃទី​០៨​ខែ កញ្ញា​កន្លងទៅ លោក ក៏បាន​ប្រកាស​ពី​របៀបវារៈ​ដែរ ហើយ​នោះ​គឺ​ភាពជា​ដៃគូរ​ការផ្លាស់ប្ដូរ ការចូល​រួមជាមួយ​ពិភពលោក គឺជា​មូលបទ​របស់​ហ្វីលីពីន ក្នុងនាម​ជា​ប្រធាន​អាស៊ាន​។ បន្ថែម​ពីនេះ លោក ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា «​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន ហ្វីលីពីន​នឹងធ្វើ​ឲ្យ​អាស៊ាន​លេចធ្លោ​ជា​គំរូ​នៃ​តំបន់​និយម និង​ជា​តួអង្គ​សកលលោក ដោយ​ចាត់ទុក​ផលប្រយោជន៍​របស់​ប្រជាជន​ជា​ស្នូល​»​។​

​តួនាទី​ប្រធាន​អាស៊ាន​កំណត់​ក្នុង​ធម្មនុញ្ញ​?
​ដូច​បានកំណត់​នៅក្នុង​មាត្រា​៧​នៃ​ធម្មនុញ្ញ​អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ាន ត្រូវ​រៀបចំឡើង​ពីរដង ក្នុង​មួយឆ្នាំ ក្នុង​រដ្ឋ​សមាជិក ដែលជា​ទទួលបន្ទុក​ជា​ប្រធាន​អាស៊ាន​។ តាមពិតទៅ ក្នុងចំណោម​ភារកិច្ច និង​តួនាទី​ដែល​ត្រូវ​ទទួល​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ការដឹកនាំ​កិច្ចប្រជុំ​ត្រូវបាន​មើលឃើញថា​ជា​បន្ទុក​មួយ​ធ្ងន់​ជាងគេ​។ នោះ​ក៏​ព្រោះតែ មាន​កិច្ចការ​ជាច្រើន​ដែល​ប្រធាន​អាស៊ាន ត្រូវបំពេញ និង​ទទួលខុសត្រូវ ដ្បិត​កិច្ចប្រជុំ​នោះ មិន​ត្រឹមតែ​រាប់បញ្ចូល​តែ​កិច្ចប្រជុំ​ជាមួយនឹង មេដឹកនាំ​អាស៊ាន​ទាំងអស់​នោះទេ តែ​ក៏​រាប់បញ្ចូល​ទាំង​កិច្ចប្រជុំ​ជាមួយនឹង​មេដឹកនាំ​ពិភពលោក​ដែលជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​ផងដែរ​។ កិច្ចប្រជុំ​ជាមួយនឹង​ដៃគូ​សន្ទនា​នោះ​មានដូចជា​កិច្ចប្រជុំ​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​ដាច់​ដោយ​ជាមួយនឹង​អាមេរិក ចិន ជប៉ុន រុស្ស៊ី និង​អង្គការសហប្រជាជាតិ​ជាដើម​នោះ​។

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ កិច្ចការ​ចម្បង​របស់​ប្រធាន​អាស៊ាន​មួយចំនួន​ដែល​បានកំណត់​ក្នុង​មាត្រា​៣១​នៃ​ធម្មនុញ្ញ​អាស៊ាន​នោះ​គឺ ប្រធាន​អាស៊ាន ត្រូវ​លើកស្ទួយ​យ៉ាងសកម្ម និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផលប្រយោជន៍ និង​សុខុមាលភាព របស់​អាស៊ាន​រួមទាំង​ការខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន តាមរយៈ​ការផ្តួចផ្តើម​គោលនយោបាយ ការសម្របសម្រួល កុងសង់ស៊ីស និង​សហប្រតិបត្តិការ និង​ជាពិសេស​នោះ​ត្រូវ​ធានា​ភាពជា​ស្នូល (Centrality) របស់​អាស៊ាន​។ គឺ​«​ភាពជា​ស្នូល​»​នេះហើយ​ដែលជា​ចំណុច​ដែល​គេ​ព្រួយបារម្ភ​ខ្លាំង​ក្នុងពេលដែល​ហ្វីលីពីន ដែលមាន​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​។

​ហេតុអ្វី​ត្រូវ​ព្រួយបារម្ភ​?
​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ត្រូវគេ​មើលឃើញថា​ជា​មេដឹកនាំ​មួយរូប​ដែល​មិន​ត្រឹមតែ​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រជាជន​ក្នុងស្រុក​ប៉ុណ្ណោះ​នោះទេ តែ លោក ក៏ត្រូវ​បាន​សំឡឹង​មិន​ដាក់​ភ្នែក​ពី​សំណាក់​សហគមន៍​អន្តរជាតិ និង​ក្នុង​តំបន់​ផងដែរ​។ កាន់តំណែង​មិនបាន​ប្រាំ​មួយខែ​ផង លោក ស្ទើរតែ​នៅ​ក្រប​មុខ​របស់​សារព័ត៌មាន​ទៅហើយ​។ ហើយ​នោះ​ក៏​ព្រោះតែ ការអនុវត្ត​គោលនយោបាយ​ក្នុងស្រុក និង​គោលនយោបាយ​ការបរទេស​។

​ទន្ទឹមនឹង​ការទន្ទឹងរង់ចាំ​មើលថា​តើ​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹងធ្វើ​បែបណា​ដើម្បី​ស្របតាម​ការសន្យា​របស់​លោក ថា នឹងធ្វើ​ឲ្យ​អាស៊ាន​កាន់​លេចធ្លោ និង​អស្ចារ្យ​ក្នុងពេល​ហ្វីលីពីន គេ ចាំមើល​ដែរ​ថា លោក ឌើ​ទើ​តេ នឹង​អាច​ធានា​ពី​ភាព​ស្នូល​របស់​អាស៊ាន​បាន​កម្រិតណា​ផងដែរ​។ ភាពជា​ស្នូល សំដៅលើ​ការធានា​ពី​តុល្យភាព​នៃ​ភាពជា​ដៃគូ​របស់​អាស៊ាន​ជាមួយនឹង​ដៃគូ​របស់ខ្លួន ជាពិសេស​ជាមួយនឹង​ប្រទេស​មហាអំណាច​ដូចជា​អាមេរិក ចិន និង​រុស្ស៊ី​ជាដើម​។ ក្នុងន័យនេះ ចង់​និយាយថា ប្រធាន​អាស៊ាន ត្រូវបំពេញ​តួនាទី​របស់ខ្លួន​ដោយ​មិន​លម្អៀង ពោលគឺ ត្រូវ​រក្សា​ជំហរ និង​សម្របសម្រួល​សមាជិក​អាស៊ាន​ទាំងអស់​ក្នុង​ឥរិយាបថ​តែមួយ​ជាមួយនឹង​ដៃគូ​របស់ខ្លួន​។​

​តែ​«​គឹ​យើង​បី​ប្រទេស ចិន រុស្ស៊ី និង​ហ្វីលីពីន ប្រឆាំង​ពិភពលោក​» ដែលជា​សេចក្តីថ្លែងការណ៍​បែប​អោបក្រសោប​របស់លោក ឌើ​ទើ​តេ ទៅកាន់​មហាអំណាច​ពីរ​ទាំងពីរ​ដែលជា​ដៃគូ​សន្ទនា​របស់​អាស៊ាន គឺជា​បញ្ហា​។ ខណៈ​សរសើរ​ពី​ប្រទេស​ទាំងពីរ លោក ឌើ​ទើ​តេ ដែលមាន​រហ័ស​នាម​ថា​ជា​អ្នក​ដាក់ទណ្ឌកម្ម​ផងដែរ​នោះ បាន​ទិះ​តៀន ប្រើពាក្យ​អសុរោះ និង​ថែមទាំង​ជេរប្រមាថ​ទៅលើ​សហភាព​អឺរ៉ុប និង​អាមេរិក​ទៅវិញ ដែល​នេះ គឺជា​សារ​មួយ​មិនល្អ​នោះទេ​សម្រាប់​ទំនាក់ទំនង​អាស៊ាន​ជាមួយនឹង​ដៃគូ​នោះ​។  សូម​ជម្រាប​ផងដែរ​ថា ដៃគូ​សន្ទនា​របស់​អាស៊ាន សរុប​មាន​១០​ភាគី រួមមាន អូស្ត្រាលី កាណាដា ចិន សហភាព​អឺរ៉ុប ឥណ្ឌា ជប៉ុន ណូ​វែ​ល​សេ​ឡង់ កូរ៉េខាងត្បូង រុស្ស៊ី និង​សហរដ្ឋអាមេរិក​៕


Tag:
 ​ហ្វីលីពីន​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com