អន្តរជាតិ
មេបក្ស​កាន់អំណាច​ម៉ាឡេស៊ី ប្រាប់​សមាជិក​បក្ស​ឲ្យ​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត ខណៈ​រឿងអាស្រូវ​នៅតែ​បន្ត​ផ្ទុះ​
30, Nov 2016 , 3:30 pm        
រូបភាព
ប្រភពរូបភាព៖ Malay Mail Online
ប្រភពរូបភាព៖ Malay Mail Online
ដោយ:
​ប្រមុខ​បក្ស​កាន់អំណាច​ម៉ាឡេស៊ី អង្គការ​ជាតិ​រួបរួម​ម៉ា​ឡេ​( UMNO) លោក​ណា​ជីប រ៉ា​ហ្សា​ក់ បាន​ទទូច​ឲ្យ​សមាជិក​របស់លោក​រៀប​ចំ និង​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​សកល​លើក​ទី​១៤​។ តែ​លោក ណា​ជីប ដែលជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ផងដែរ​នោះ មិនបាន​បញ្ជាក់ថា ការត្រៀមខ្លួន​នេះ ពាក់ព័ន្ធ​នឹង​លទ្ធភាព​នៃ​ការបោះឆ្នោត​មុន​អាណត្តិ​ឬ​យ៉ាងណា​នោះទេ​។



«​ត្រៀមខ្លួន​ទាំងអស់គ្នា​នៅតាម​មូលដ្ឋាន​ដើម្បី​បង្ហាញថា​បក្ស​អង្គការ​ជាតិ​រួបរួម​ម៉ា​ឡេ​ខ្លាំងជាងគេ និង​ជា​បក្ស​ដែល​សក្តិសម​បំផុត​ក្នុងការ​ដឹកនាំ​ម៉ាឡេស៊ី​»​។ នេះ គឺជា​សារ​របស់​ប្រមុខ​បក្ស​កាន់អំណាច​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ នាឱកាស​នៃ​មហាសន្និបាត​លើក​ទី​៧០​របស់​បក្ស​កាន់អំណាច UMNO ដែល​ត្រូវបាន​ប្រាប់​ឲ្យ​ដឹង​តាមរយៈ​សមាជិក​ក្រុមប្រឹក្សា​បក្ស លោក Raja Nong Chik Zainal Abidin​។​

​តាមពិតទៅ ការបោះឆ្នោត​សកល​ម៉ាឡេស៊ី ត្រូវ​បានកំណត់​នៅក្នុង​ឆ្នាំ​២០១៨​នោះទេ ហើយ ការលើកឡើង និង​ទទូច​ឲ្យ​ប្រមុខ​បក្ស​កាន់អំណាច​ម៉ាឡេស៊ី ក៏បាន​ក្លាយជា​សំណួរ​មួយ​ថា​តើ​លោក អាច​នឹង​ប្រកាស​ឲ្យ​មានការ​បោះឆ្នោត​មុន​អាណត្តិ ឬ​គ្រាន់តែ ចង់​ឲ្យ​សមាជិក​បក្ស ពង្រឹងសមត្ថភាព​តាម​មូលដ្ឋាន ដ្បិត ក្រុម​បក្សប្រឆាំង​មួយចំនួន ក៏បាន​ចងសម្ព័ន្ធ​គ្នា​ដើម្បី​ប្រជែង​លោក​ផងដែរ​នោះ​។

​ការប្រកាស​របស់​ប្រមុខ​បក្ស និង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ ក៏​ស្របពេល​ដែលមាន​ចលនា​ប្រឆាំង​រូបលោក​កាន់តែខ្លាំង​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​នោះ​។ ចាប់ពី​ចុងឆ្នាំ​២០១៥​មក បាតុកម្ម​ប្រឆាំងនឹង​ការដឹកនាំ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ដោយ​ក្រុម​អាវ​លឿង ដែលមាន​ឈ្មោះថា «Bersih» តែងតែ​ធ្វើ​ឡើងជា​បន្តបន្ទាប់​។ បាតុកម្ម​ប្រឆាំង និង​ទាមទារ​ឲ្យ​លោក ណា​ជីប ចុះ​ចេញពី​តំណែង​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​អតីត​នាយករដ្ឋមន្ត្រី និង​ជា​អតីត​សមាជិក​បក្ស​កាន់អំណាច​ដ៏​សំខាន់ គឺ លោក មហា​ធៀរ មហា​មេ​ដ​ផងដែរ​។

​យ៉ាងណាក៏ដោយ បាតុកម្ម​នោះ មិន​ជោគជ័យ​ឡើយ ដ្បិត វា ក៏មាន​ក្រុម​អ្នកគាំទ្រ​លោកនាយក​រដ្ឋមន្ត្រី​ណា​ជីប ចេញមុខ និង​ប្រកាស​តទល់​ជាមួយនឹង​ក្រុមប្រឆាំង​ទាំងនោះ​ផងដែរ​។ ជាងនេះទៅទៀត អាជ្ញាធរ​ម៉ាឡេស៊ី ក៏បាន​ចាប់ខ្លួន​អ្នករៀបចំ​ធំៗ​មួយចំនួន​នៃ​បាតុកម្ម​នេះ​ទៀត​៕


Tag:
 ​ម៉ាឡេស៊ី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com