កីឡាជាតិ
ក្រុមបាល់ទាត់​បញ្ញា​ខ្សោយ​កម្ពុជា​២​ក្រុម​បាន​លេខ​២​ដូចគ្នា​ក្នុង​ព្រឹត្តិការណ៍​អនុតំបន់​ទន្លេមេគង្គ​លើក​ទី​៦
02, Dec 2016 , 8:19 am        
រូបភាព
ដោយ:
 
​ក្រោយពី​ធ្វើការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​២​ថ្ងៃ​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​កីឡាករ​បញ្ញា​ខ្សោយ​កម្ពុជា​ទាំងពីរ​ក្រុម​(A&B)​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​ដូចគ្នា​ប្រចាំ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​ស្ប៉េ​ស្យា​ល់​អូឡាំពិក​អនុតំបន់​ទន្លេមេគង្គ​លើក​ទី​៦​។ បន្ទាប់ពី​ក្រុម​ទាំងពីរ​បាន​ចាញ់​ថៃ និង​មី​យ៉ាន់​ម៉ា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូចគ្នា​។

 
​ការប្រកួត​បាល់ទាត់​ស្ប៉េ​ស្យា​ល់​អូឡាំពិក​អនុតំបន់​ទន្លេមេគង្គ​លើក​ទី​៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​មាន​ក្រុម​ចូលរួម​ចំនួន​៦​មកពី​៥​ប្រទេស​(​កម្ពុជា​, មី​យ៉ាន់​ម៉ា​, វៀតណាម​, ថៃ និង​ឡាវ​) ក្នុងនោះ​កម្ពុជា​បានដាក់​ពីរ​ក្រុម​ឲ្យ​ចូលរួម​ប្រកួត​។ ការប្រកួត​បែងចែក​ជា​ពីរ Division ដោយ​មួយ Division មាន​៣​ក្រុម​។ ក្នុងនោះ Division 1 មាន​ក្រុម​កម្ពុជា A ថៃ និង​វៀតណាម ខណៈ Division 2 មាន​ក្រុម​កម្ពុជា B មី​យ៉ាន់​ម៉ា និង​ឡាវ​។ 
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ពីរ​ថ្ងៃ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រុមបាល់ទាត់​ខ្សោយ​បញ្ញា​ទាំងពីរ​ក្រុម​(A&B)​របស់​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​ដូចគ្នា​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​បាល់​ទាត់​ស្ប៉េ​ស្យា​ល់​អូឡាំពិក​អនុតំបន់​ទន្លេមេគង្គ​លើក​ទី​៦ ក្រោយពី​ក្រុម​កម្ពុជា A ចាញ់​ថៃ ២-០ និង​ក្រុម​កម្ពុជា B ចាញ់​មី​យ៉ាន់​ម៉ា ១-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដូចគ្នា​។​
 
​លទ្ធផល​ជារួម​ក្នុង Division 1 ក្រុម​ថៃ​ឈរ​ចំណាត់ថ្នាក់​លេខ​១ រីឯ​ក្រុម​កម្ពុជា A ឈរ​ចំណាត់ថ្នាក់​លេខ​២ និង​ក្រុម​វៀតណាម​ឈរ​ចំណាត់ថ្នាក់​លេខ​៣​។ ចំណែក Division 2 ក្រុម​មី​យ៉ាន់​ម៉ា​ឈរ​ចំណាត់ថ្នាក់​លេខ​១ ខណៈ​ក្រុម​កម្ពុជា B ឈរ​ចំណាត់ថ្នាក់​លេខ​២ និង​ក្រុម​ឡាវ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​។ 
 
​គួរ​បញ្ជាក់ថា ការប្រកួត​កីឡាបាល់ទាត់​ស្ប៉េ​ស្យា​ល់​អូឡាំពិក​អនុតំបន់​ទន្លេមេគង្គ​លើក​ទី​៦ មិន​ផ្តោត​សំខាន់​លើ​លទ្ធផល​នោះឡើយ ពោលគឺ​ផ្តោត​សំខាន់​ទៅលើ​ចំណងមិត្តភាព​រវាង​ប្រទេស​នៅក្នុង​តំបន់​ទន្លេមេគង្គ​ទាំង​៥ ជាពិសេស​សម្រាប់​ផ្តល់ឱកាស​ដល់​ជន​ខ្សោយ​ខាង​ផ្នែក​បញ្ញា​បាន​លេង​កីឡា ដើម្បី​ឲ្យ​ពួកគេ​មាន​សុខភាព​ល្អ ក្នុង​គោលបំណង​បង្កើន​ភាពរឹងមាំ​។ លើសពីនេះ ដើម្បី​កាត់បន្ថយ​ការរើសអើង​នៅក្នុង​វិស័យ​កីឡា​កម្ពុជា​៕  
 

Tag:
 បាល់ទាត់​
 ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​
  អនុតំបន់​ទន្លេមេគង្គ​លើក​ទី​៦
© រក្សាសិទ្ធិដោយ thmeythmey.com