កីឡាជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះ​មមាញឹក​សិក្សា យាន សុខ​ឃឿន ឆ្លៀត​ហាត់​កីឡា​សូ​ហ្វ​តិ​ន្នី​ស បាល់ទាត់ និង​បាល់បោះ
03, Dec 2016 , 8:19 pm        
រូបភាព
ដោយ:
 
 
​គ្មាន​ឡើយ​ពេលទំនេរ​សម្រាប់ យាន សុខ​ឃឿន ទោះបីជា​ស្ថិត​ក្នុងពេល​សម្រាក​វិស្សមកាល​ក្តី ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ខេត្តកំពង់ឆ្នាំង សុខ​ឃឿន អាយុ​១៨​ឆ្នាំ បាន​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​ដោយ​ធ្វើដំណើរ​ពី​ខេត្តកំពង់ឆ្នាំង​មក​ហ្វឹកហាត់​ជំនាញ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​នៅ​រាជធានី​ភ្នំពេញ​។ ការស្រលាញ់​វិស័យ​កីឡា​បានធ្វើ​ឲ្យ​នាង​ក្លាយជា​កីឡាការិនី​បាល់ទាត់ និង​បាល់បោះ​ទាំង​ខ្លួន​នៅ​ក្មេង មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង​ជា​ម្ចាស់​ជើងឯក​បាល់បោះ​៣​ជំនាន់​ជាប់​គ្នា​តំណាង​ឲ្យ​ខេត្តកំពង់ឆ្នាំង​ទៀតផង​។​

 
​ឆ្លៀតឱកាស​សាលា​វិស្សមកាល​កញ្ញា យាន សុខ​ឃឿន បាន​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​ដោយ​ធ្វើដំណើរ​ពី​ខេត្តកំពង់ឆ្នាំង​មក​ហ្វឹកហាត់​ជំនាញ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​នៅ​រាជធានី​ភ្នំពេញ​នៅក្នុង​បរិវេណ​នៃ​ពហុកីឡាដ្ឋាន​ជាតិ​។ ដោយមាន​ការលើកទឹកចិត្ត​ពី​ឪពុកម្តាយ និង​ការស្រលាញ់​ធ្វើ​ឲ្យ​សិស្ស​រៀន​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ព្រះបាទ​សុរ៉ា​ម្រិ​ត​រូបនេះ ព្យាយាម​ហ្វឹកហាត់​ក្រោម​ពន្លឺ​ថ្ងៃ​ដ៏​ក្តៅហែង​ដើម្បី​អភិវឌ្ឍន៍​ជំនាញ​មួយ​នេះ​។ ក្រៅពី​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ដែល​កំពុង​ហ្វឹកហាត់​ប​ច្ចុ​ប្ប សុខ ឃឿន ក៏​ជា​កីឡាការិនី​បាល់បោះ និង​បាល់ទាត់​ម្នាក់​ប្រចាំខេត្ត​កំពង់​ឆ្នាំ​ផងដែរ​។ 
 
​ស្ថិតក្នុង​សំលៀកបំពាក់​កីឡា​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ សុខ​ឃឿន ដែលមាន​ឪពុក​ជា​មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់ និង​បាល់បោះ​តាំងពី​រៀន​នៅ​ថ្នាក់​ទី​៦​មកម្ល៉េះ​។ ដោយសារ​ទេពកោសល្យ​ក្នុងការ​ហ្វឹកហាត់​កីឡា​បានធ្វើ​ឲ្យ កូន​ទី​៤​ក្នុងចំណោម​បងប្អូន​៥​នាក់​រូបនេះ ត្រូវបាន​គ្រូបង្វឹក​ដាក់​ឲ្យ​ហ្វឹកហាត់​ជាមួយ​សិស្ស​ច្បង​ដែល​រៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ​។​
 
 
​ដើម្បី​សម្រេច​គោលបំណង​ដែល​ចង់​ក្លាយជា​កីឡាការិនី​ឆ្នើម​ប្រចាំខេត្ត​កំពង់ឆ្នាំង បានធ្វើ​ឲ្យ​កុមារី​ដែលមាន​ឪពុក​ជាម​ន្ត្រី​អប់រំ​ឆ្លៀត​ពេលទំនេរ​ពី​ការសិក្សា​មក​ខិតខំ​ហ្វឹកហាត់​ដើម្បី​អភិវឌ្ឍន៍​បច្ចេកទេស និង​សមត្ថភាព​ផ្នែក​កីឡាបាល់បោះ និង​បាល់ទាត់​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ តាមរយៈ​ការហ្វឹកហាត់​នេះ សុខ​ឃឿន ត្រូវបាន​សាលា​របស់​នាង​ប​ញ្ចូ​ន​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នានា​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មិន​ត្រឹមតែ​ប៉ុណ្ណោះ​សម្រាប់​ការចូលរួម​នេះ នាង​តែងតែ​សាង​ស្នាដៃ​ល្អៗ​ជូន​ខេត្តកំពង់ឆ្នាំង​ជានិច្ច​។ 
 
​ជាក់ស្តែង​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​កញ្ញា យាន សុខ​ឃឿន បាន​ជួយ​លើក​កិត្តិ​យ​ខេត្តកំពង់ឆ្នាំង​តាមរយៈ​ការដណ្តើម​បាន​ជើងឯក​ផ្នែក​បាល់បោះ​៣​ឆ្នាំ​ជាប់ៗ​គ្នា ពោលគឺ​ឆ្នាំ​២០១៤ នាង​បាន​ក្លាយជា​ម្ចាស់​ជើង​នៅលើ​ទឹកដី​របស់ខ្លួន​(​កំពង់ឆ្នាំង​) រីឯ​ឆ្នាំ​២០១៥ នៅ​ខេត្តបាត់ដំបង និង​ឆ្នាំ​២០១៦ នៅ​ខេត្តកំពត​។ ដោយសារ​ឃើញ​ពី​ទេ​ព្យ​កោសល្យ​និង​ការស្រលាញ់ យុវតី​វ័យ​១៨​ឆ្នាំ​រូបនេះ ត្រូវបាន​លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​យកមក​ហ្វឹកហាត់​ជំនាញ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​នៅ​ប្រទេស​ជប៉ុន​។ ប៉ុន្តែ​សម្រាប់​ការចូលរួម​ព្រឹត្តិការណ៍​នេះ​នាង​មិន​ទ​ទូល​មេដាយ​នោះឡើយ​។ 
 
​ទោះបី​បច្ចុប្បន្នកំពុង​មមាញឹក​ហ្វឹកហាត់​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ក្នុងការ​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​ក៏ដោយ ប៉ុន្តែ​នាង​បាន​ប្តេជ្ញា​ថា មិន​បោះបង់​វិស័យ​កីឡាបាល់បោះ និង​បាល់ទាត់​នោះឡើយ ព្រោះ​វា​ជា​កីឡា​ចំណង់​ចំណូលចិត្ត​តាំងពី​កុមារភាព ម្យ៉ាង​វា​ជា​កីឡា​ដែល​គេ​តែងតែ​ពាំនាំ​នូវ​មេដាយ​ជូន​ខេត្ត​របស់គេ​។​
 
​កញ្ញា យាន សុខ​ឃឿន កូន​ទី​៤​ក្នុងចំណោម​បងប្អូន​៥​នាក់ តែងតែ​យក​ថ្ងៃ​វិស្សមកាល​ប្រើ​សម្រាប់​បំពេញ​ឲ្យ​ការសិក្សា​ក្រៅ​ម៉ោង និង​បំប៉ន​សមត្ថភាព​ដោយ​ខ្លួនឯង​ដើម្បី​ត្រៀម​ការប្រឡង ប៉ុន្តែ​រូបគេ​បែរជាយក​ពេលទំនេរ​នៃ​វិស្សមកាល​ពីសា​លាមក​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​ផ្នែក​កីឡា​ទៅវិញ​។ 
 
​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី កញ្ញា​រូបនេះ​បាន​បញ្ជាក់ថា នាង​មិនដែល​យក​វិស័យ​កីឡា​មក​ពាក់ព័ន្ធ​ជាមួយ​ការសិក្សា​នោះទេ គឹ​នាង​បាន​បែក​ចែក​ពេលវេលា​ដាច់ដោយឡែក​ពីគ្នា ដោយ​ហ្វឹកហាត់​កីឡា​តែ​ពេល​សម្រាក​ពី​ការសិក្សា​តែប៉ុណ្ណោះ​។ ចំណែក​ថ្ងៃ​សិក្សា​រូបគេ​ចូលរៀន​ធម្មតា ហើយ​សម្រាប់​ចំណាត់ថ្នាក់​ប្រចាំខែ​ក៏​រូបគេ​ស្ថិតក្នុង​កម្រិត​មធ្យម​ផងដែរ​។​
 
​កីឡាការិនី​មកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ​យល់ឃើញថា ការលេង​កីឡា​ធ្វើ​ឲ្យ​រូបគេ​មាន​អារម្មណ៍​សប្បាយរីករាយ មាន​សុខ​ភាពល្អ និង​ធ្វើ​ឲ្យ​ឃ្លាតឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេងៗ​ដែល​សង្គម​ស្អប់ខ្ពើម ជាពិសេស​នាំមក​នូវ​មិត្តភាព និង​សាមគ្គីភាព​។ នាង​បញ្ជាក់ថា ក្នុងចំណោម​បងប្អូន​របស់​នាង​ទាំងអស់ គឺ​សុទ្ធតែជា​អ្នកលេង​កីឡា លើកលែងតែ​បងស្រី​ទី​២​របស់គេ​ម្នាក់​ប៉ុណ្ណោះ​៕  
 
  
 
 



Tag:
 យាន សុខ​ឃឿន​
  កំពង់ឆ្នាំង​
  សូ​ហ្វ​តិ​ន្នី​ស​
© រក្សាសិទ្ធិដោយ thmeythmey.com