ជាតិ
សេដ្ឋកិច្ច
RDB ទើបតែ​បញ្ចេញ​កម្ចី​បាន ១,៥ លាន​ដុល្លារ​ប៉ុណ្ណោះ នៃ​កញ្ចប់​ថវិកា ២៧ លាន​ដុល្លារ ដល់​រោង​ម៉ាស៊ីនកិនស្រូវ​
03, Dec 2016 , 7:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៣០​ខែវិច្ឆិកា ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) ទើបតែ​បញ្ចេញ​កម្ចី​ចំនួន ១,៥ លាន​ដុល្លារ​ប៉ុណ្ណោះ ដល់​សហគ្រាស​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន ៣ ដែល​នាំ​ឲ្យ​មានការ​ចោទសួរ​លើ​បញ្ហា​តម្រូវការ​ទុន និង​ការបញ្ចេញ​ប្រាក់កម្ចី​របស់​ធនាគារ​នេះ​។


​បន្ទាប់​មានការ​ស្នើ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) រដ្ឋាភិបាល នៅក្នុង​ខែកញ្ញា​ឆ្នាំនេះ បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ពិសេស​ចំនួន ២៧​លាន​ដុល្លារ ដែល​ទឹកប្រាក់ ៧​លាន​ដុល្លារ​ជា​របស់ RDB ដើម្បី​ជួយ​លើក​តម្លៃ​ស្រូវ​របស់​កសិករ តាមរយៈ​ការផ្ដល់​ឥណទាន​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​។ ប៉ុន្តែ​កញ្ចប់​ថវិកា​នេះ ត្រូវបាន RDB បញ្ចេញ​ឥណទាន​បានតែ ៥,៥ ភាគរយ​ប៉ុណ្ណោះ​ដល់​រោង​ម៉ាស៊ីន​ស្រូវ​។​
 
​លោក កៅ ថាច អគ្គនាយក RDB មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​លើ​បញ្ហា​ស្រូវ​អង្ករ​នៅ​ទីស្ដីការក្រសួង​កសិកម្ម​នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​ថា RDB ស្វាគមន៍​ជានិច្ច​សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​ចង់បាន​កម្ចី ប៉ុន្តែ​ការស្នើសុំ​គឺ​នៅ​តិចតួច ហាក់​មិន​ឆ្លើយតប​នឹង​ការលើកឡើង​ក្នុងពេល​កន្ល​មក​ថា​រោង​ម៉ាស៊ីនកិនស្រូវ​ជួប​បញ្ហា​ខ្វះ​ទុន​។ លោក​ថ្លែងថា​យ៉ាង​ដូច្នេះ​ថា​៖«​ខុំ​មិនដឹងថា តើ​ជា​ស្ថានភាព​ខ្វះ​ទុន​បង្វិល ឬ​ស្ថានភាព​អ្វី​ផ្សេង​?​។ យើង​ចាំ​សហការ​ជានិច្ច សំខាន់​ខាង​រោង​ម៉ាស៊ីនកិនស្រូវ​អញ្ជើញ​មក​ដាក់​ពាក្យសុំ​»​។​
 
​បើតាម​អគ្គនាយក RDB រូបនេះ RDB ផ្ដល់​កម្ចី ៧០​ភាគរយ​នៃ​បរិមាណ​ស្រូវ​ក្នុង​ឃ្លាំង​ជាមួយ​អត្រា​ការប្រាក់ ៧ ភាគរយ​ក្នុង​១​ឆ្នាំ ដល់​អ្នកស្នើសុំ ហើយ​ចំណាយពេល​ត្រឹម​ពីរ​ថ្ងៃ​លើ​នីតិវិធី​ផ្ដល់​កម្ចី​។ លោក​បញ្ជាក់ថា កញ្ចប់​ថវិកា​ពិសេសរ​បស់​រដ្ឋាភិបាល​នេះ នឹងត្រូវ​បង្វិល​ចូល​ថវិកាជាតិ​វិញ​នៅ​ខែឧសភា​ឆ្នាំក្រោយ​។​
 
​លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន CRF ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះដែរ បាន​ផ្ដួចផ្ដើម​ឲ្យ​មានការ​កែសម្រួល​នីតិវិធី​បញ្ចេញ​កម្ចី​រប​ស់ RDB ។ «​នីតិវិធី​ក្នុងការ​ធ្វើ​យើង​បាន​ជជែក​គ្នាច្រើន នេះ​ទាក់ទង​នឹង​ដំណើរការ អ្នក​ចង់​ហុច ហុច​មិន​ដល់ អ្នក​ចង់យក យក​មិនបាន​»​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ មុននឹង​លោក​ថ្លែងបន្តថា​៖«​យើង​ចង់​ឲ្យ​សមាជិក​យើង​ទាំងអស់ មានលទ្ធភាព​យក​កញ្ចប់​ថវិកា​នេះ ដើម្បី​ពង្រីក​សក្ដានុពល​ក្នុង​រយៈពេល​ខ្លី​របស់ខ្លួន​។ យើង​ត្រូវ​ជជែក​គ្នា​ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែមទៀត​គឺ​ធ្វើ​ដូចម្តេច​បង្វិល​ថវិកា​នេះ​ឲ្យ​បាន​លឿន​»៕
 

Tag:
 ស្រូវ​អង្ករ​
  សុខ ពុ​ទ្ធី​វុ​ធ​
  កៅ ថាច​
© រក្សាសិទ្ធិដោយ thmeythmey.com