កីឡាជាតិ
ម្ចាស់ជើងឯកពីរជំនាន់ ហេង ស៊ីវឡាង នៅតែបន្តបង្ហាញភាពខ្លាំងក្នុងព្រឹត្តិការណ៍ជិះកង់អង្គរ
×
កីឡាការិនី ហេង ស៊ីវឡាង ម្ចាស់ជើងឯកពីរឆ្នាំជាប់គ្នា(២០១៤-២០១៥)មកពីកក្លិបកង់ហោះ នៅតែបន្តបង្ហាញភាពខ្លាំងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ការប្រណាំងកង់ដើម្បីកុមារអង្គរ។ កីឡាការិនីរូបនេះ បានបន្តគ្រងតំណែងជើងឯកប្រចាំឆ្នាំ២០១៦ លើវិញ្ញាសាវិញ្ញាសាជិះកង់ចម្ងាយ១១៧គីឡូម៉ែត្រដែលបានបញ្ចប់កាលពីថ្ងៃទី៣ ខែធ្នូ នៅលើទឹកដីអង្គរខេត្តសៀមរាបដែលមានអត្តពលិក៦០៨នាក់មកពី១៦ប្រទេសចូលរួម។
កីឡាការិនី ហេង ស៊ីវឡាង បានបង្ហាញភាពអស្ចារ្យនៅក្នុងព្រឹត្តិការណ៍ការប្រណាំងកង់ដើម្បីកុមារអង្គរ តាមរយៈការគ្រងតំណែងជើងឯក៣ឆ្នាំជាប់គ្នាលើប្រភេទវិញ្ញាសាជិះកង់ចម្ងាយ១១៧គីឡូម៉ែត្រផ្នែកនារី ពោលគឺកីឡាការិនីរូបនេះបានគ្រងតំណែងតាំងពីឆ្នាំ២០១៤រហូតដល់ឆ្នាំ២០១៦ ដែលបានបញ្ចប់យ៉ាងជោគជ័យនៅថ្ងៃទី៣ ខែឆ្នូ ឆ្នាំ២០១៦ នេះ។
ជាមួយគ្នានេះ កីឡាការិនី ហេង ស៊ីវឡាង បានចាត់ទុកព្រឹត្តិការណ៍ប្រណាំងកង់ដើម្បីកុមារអង្គរជាព្រឹត្តិការណ៍មួយដ៏សំខាន់ក្នុងជួយរួមចំណែកផ្នែកមនុស្សធម៌ ព្រោះអ្នកដែលបានចូលរួមសុទ្ធសឹងបានចូលរួមជួយដល់កុមារ ដែលមានម្តាយកំពុងជាប់ពន្ធធនាគារ។ ម្យ៉ាងទៀត វាជួយចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានកីឡាករកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀតផង។
លើសពីនេះ កីឡាការិនីរូបនេះបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមលេងកីឡាឲ្យច្រើនជាពិសេសនារីៗ ព្រោះកីឡានាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព។ មិនត្រឹមតែប៉ុណ្ណោះនាងបានអំពាវនាវដល់ប្រធានសហព័ន្ធកីឡាទោចក្រយានយន្តធ្វើការផ្សព្វផ្សាយកីឡានេះឲ្យបានទូលំទូលាយ ជាពិសេសប្រមូលផ្តុំកីឡាករកីឡាការិនីអាយុក្រោយ២០ឆ្នាំធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាព សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។
គួរបញ្ជាក់ថា ការប្រកួតប្រណាំងកង់ដើម្បីកុមារអង្គរលើកទី១១ដែលធ្វើឡើងនៅលើទឹកដីអង្គរខេត្តសៀមរាបមានអត្តពលិក៦០៨នាក់មកពី១៦ប្រទេសចូលរួម អត្តពលិកទាំងនេះត្រូវប្រកួតលើ៣ប្រភេទវិញ្ញាសា។ ក្រោយឆ្លងកាត់ការប្រកួតរយៈពេលជិតមួយថ្ងៃម្ចាស់ជើងឯកលើវិញ្ញាសាចម្ងាយ១១៧គីឡូម៉ែត្របានទៅលើកីឡាករ កែវ រដ្ឋា មកពីក្លិបកង់តាខ្មៅ រីឯលេខ២បានទៅកីឡាករ សុភី ភួង ខណៈលេខ៣បានទៅ ព្យុធ យឿន។
វិញ្ញាសា១១៧គីឡូម៉ែត្រផ្នែកនារីលេខ១បានទៅកីឡាករ ហេង ស៊ីវឡាង រីឯលេខ២បានទៅ ធន់ ស្រីអូន និងលេខ៣បានទៅកីឡាការិនី Domi Nique។ ចំណែកវិញ្ញាសា៣៧គីឡូម៉ែត្របុរស លេខ១បានទៅកីឡាករ ស៊ីណា សេង លេខ២បានទៅ គឹម យូរ៉ាន់ និងលេខ៣បានទៅ សីហា យឿន។ ដោយឡែក វិញ្ញាសា៣៧គីឡូម៉ែត្រនារីលេខ១បានទៅកីឡាការិនី ហេង ស៊ីវហ្គិច ខណៈលេខ២ និងលេខ៣មិនមាននោះឡើយ៕
Tag:
ប្រណាំងកង់អង្គរ
ហេង ស៊ីវឡាង
© រក្សាសិទ្ធិដោយ thmeythmey.com