ប្រជាជនហ្កំប៊ីហាក់ភ្ងាក់ផ្អើលផង និងស្ទើរតែមិនជឿថាមេដឹកនាំផ្តាច់ការ Yayah Jammeh ចាញ់ឆ្នោតនិងព្រមទទួលស្គាល់លទ្ធផល បោះឆ្នោតដូច្នេះ។ ដើមឡើងគេបារម្ភថា មេដឹកនាំរូបនេះនឹងអាចទាត់ចោលលទ្ធផល បើលោកចាញ់ និង បន្តក្តោបកា្តប់អំណាចទៀត។
ប្រជាជនហ្កំប៊ី បង្ហាញអារម្មណ៍ភ្ងាក់ផ្អើលខ្លាំងនិងស្ទើរតែមិនជឿថា ប្រធានាធិបតីដែលកាន់អំណាចអស់ ២២ ឆ្នាំ លោក Yayah Jammeh ព្រមទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃសុក្រឡើយ។ ប៉ុន្តែពួកគេរីករាយរកអ្វីប្រៀបផ្ទឹមពុំបាននៅពេលដែលពួកគេដឹងថា វាជាការពិតនោះ។ ពួកគេមានសេរីភាពពេញលេញ និងមានមេដឹកនាំថ្មីហើយ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនេសាទ Yacouba Cisse ដែលមានវ័យ ៣៤ ឆ្នាំ បានអះអាងថា លោកនិងប្រជាជនហ្កំប៊ីផ្សេងទៀតសប្បាយចិត្តខ្លាំង ដែលរឿងមិននឹកស្មានដល់បែបនេះកើតឡើង។ លោកនិយាយដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍ប្លែក ហើយនៅពេលយើងក្រោកពីដេកយើងមានអារម្មណ៍រីករាយប្លែកពីធម្មតា។ អ្វីដែលសំខាន់នៅពេលនេះគឺ យើងមានសេរីភាពដើម្បីនិយាយអ្វីដែលយើងចង់និយាយ»។
ក្រោយការបោះឆ្នោតនៅថ្ងៃសុក្រ លោក Jammedh បានចេញមុខទទួលស្គាល់បរាជ័យរបស់ខ្លួននៅតាមវិទ្យុរដ្ឋ ដោយលោកអះអាងថា លោកទទួលយកការសម្រេចចិត្តរបស់ប្រជាជនហ្កំប៊ីដែលចង់ឲ្យលោកចាកចេញពីតំណែង។ លោកបញ្ជាក់ថា លោកមិនតវ៉ារឿងលទ្ធផលទេ ហើយលោកនឹងចាកចេញទៅរស់នៅចម្ការសាងជីវភាពថ្មីវិញ ក្រោយផ្ទេរអំណាចខែមករាខាងមុខនេះ។ អ្នកជំនួញ និងជាអតីតសន្តិសុខ Adama Barrow ដែលមានបទពិសោធន៍នយោបាយបន្តិចបន្តួចនោះនឹងជំនួសតំណែងមេដឹកនាំផ្តាច់ការនេះ។
យ៉ាងណាមិញ អ្នកជំនួញម្នាក់ទៀតដែលមិនបានបង្ហាញអត្តសញ្ញាណ នៅតែមានអារម្មណ៍ស្រពិចស្រពិលនិងមិនទាន់ហ៊ានជឿថា លោក Jammeh បោះបង់អំណាចឡើយ។ លោកព្រមជឿនៅពេលដែលលោក Jammeh ចាកចេញពីវិមានប្រធានាធិបតី ព្រោះអំណាចបញ្ជាទ័ពនៅពេញដៃលោកនៅឡើយនៅពេលនេះ។
លោក Yahya Jammeh ត្រូវបានគេស្គាល់ថា ជាមេដឹកនាំម្នាក់ដែលស្ថិតក្នុងចំណោមមេដឹកនាំផ្តាច់ការដែលកាន់តំណែងយូរបំផុតនៅអាហ្វ្រិក ហើយលោកធ្លាប់ប្រកាន់កាន់អំណាចឲ្យបាន ១ពាន់លានឆ្នាំផង ។ លោកបានកាន់អំណាចអស់រយៈពេល ២២ ឆ្នាំ ហើយលោកបានក្តោបក្តាប់តំណែងតាមរយៈរដ្ឋប្រហារយោធាកន្លងមក។
ក្រោមការដឹកនាំរបស់លោក Jammeh ប្រជាជនហ្កំប៊ីស្ថិតក្រោមការរឹតត្បិតសិទ្ធិសេរីភាព ហើយរដ្ឋាភិបាលបន្តសង្កត់សង្កិនធ្វើទុក្ខបុកម្នេញលើក្រុមប្រឆាំង និងអ្នកស្រឡាញ់ភេទដូចគ្នាជាដើម។ ក្រៅពីល្បីល្បាញខាងរំលោភសិទ្ធិមនុស្ស មេដឹកនាំរូបនេះតាំងខ្លួនជាអ្នកព្យាបាលជំងឺអេដស៍ដោយប្រើប្រាស់ឱសថបុរាណផ្សំជាមួយផ្លែចេកជាដើម។ ហើយលោក Jammeh ធ្លាប់ប្រកាសថា លោកនឹងដឹកនាំប្រទេស ១ ពាន់លានឆ្នាំផងដែរ។ ដូច្នេះហើយទើបបានជាប្រជាជនហ្កំប៊ីស្រឡាំងកាំង និងសប្បាយចិត្តខ្លាំងនៅពេលដែលមេដឹកនាំម្នាក់នេះព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ។
ដោយឡែក ក្រោយការប្រកាសលទ្ធផលបោះឆ្នោត និងមានការទទួលស្គាល់លទ្ធផលនេះ សហគមន៍អន្តរជាតិបានសាទរ និងប្តេជ្ញាចិត្តជួយជ្រោមជ្រែងប្រជាជនហ្កំប៊ីដើម្បីកសាងប្រជាធិបតេយ្យ និងកសាងសង្គមទៅមុខ។ អគ្គលេខាអង្គការសហប្រជាជាតិលោក បាន គីមូន និងប្រមុខការទូតសហភាពអឺរ៉ុបលោកស្រី Federica Mogherini បានបញ្ជក់ច្បាស់ថា ស្ថាប័នទាំងពីរត្រៀមលក្ខណៈរួចហើយដើម្បីគាំទ្រប្រទេសហ្កំប៊ីនេះ៕