ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា បញ្ជាក់ថា ការលើកលែងទោស​លោក គ្មាន​លក្ខខណ្ឌ ឬ​ដោះដូរ​អ្វី​ឡើយ​
04, Dec 2016 , 12:33 pm        
រូបភាព
រូបពីហ្វេសប៊ុកឯកឧត្តម កឹម សុខា ( Kem Sokha)
រូបពីហ្វេសប៊ុកឯកឧត្តម កឹម សុខា ( Kem Sokha)
ដោយ:
 
​បន្ទាប់ពី​ត្រឡប់ទៅផ្ទះ​របស់ខ្លួន​វិញ កាលពី​ថ្ងៃ​សៅ​រិ៍ នៅ​ថ្ងៃអាទិត្យ​ទី ០៤ ខែធ្នូ​នេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​ជួប​ក្រុមយុវជន​ខេត្តកំពង់ចាម ដោយ​ឯកឧត្តម ប្រកាសថា ការលើកលែងទោស​ឲ្យ​រូបលោក កាលពី​ថ្ងៃ​សុក្រ គ្មាន​លក្ខខណ្ឌ ឬ​ការដោះដូរ​អ្វី​នោះទេ​។​

 
​ក្រោយ​មានការ​សង្ស័យ​ពី​សំណាក់​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មួយចំនួន ជុំវិញ​ការលើកលែងទោស​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា អាចមាន​ការដោះដូរ ឬ​លក្ខខណ្ឌ​សម្ងាត់​ណាមួយ​ជាមួយ សម្តេច ហ៊ុន សែន នោះ ឯកឧត្តម កឹម សុខា បាន​ចេញមុខ​បដិសេធចោល​ទាំងស្រុង​។ នៅ​ចំពោះមុខ​ក្រុមយុវជន​បក្ស​មកពី​ខេត្តកំពង់ចាម នៅ​ថ្ងៃទី ៤ ខែធ្នូ​នេះ ឯកឧត្តម កឹម សុខា បានបញ្ជាក់​យ៉ាងនេះ​ថា​៖« ខ្ញុំ​សូមបញ្ជាក់ថា ស្ថានការណ៍​ថ្មីៗ​នេះ ទី ១ ដំណោះស្រាយ អត់​មាន​លក្ខខណ្ឌ អត់​មានការ​ដោះដូរ​ទេ តែ​គឺ​ជាការ​ឯកភាគ​គ្នា​។ ទី​២ ជា​ដំណោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរ​»​។​
 
​ជាមួយគ្នានេះ ឯកឧត្តម សុខា ក៏​ឆ្លៀត​បន្ថែមថា ដំណោះស្រាយ​នេះ មិនមែន​ចប់​ត្រឹម​ការលើកលែងទោស​ឲ្យ​លោក​ទេ តែ​លោក​នឹង​ព្យាយាម​ចរចា​ឲ្យ​មានការ​ដោះលែង​សកម្មជន ឬ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ដែល​កំពុង​ជាប់ពន្ធនាគារ​បច្ចុប្បន្ន​។ «​បញ្ហា​នេះ ខ្ញុំ​បាន​ជជែក​គ្នា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​រួច​ហើយ​។ យើង​នឹង​ដោះស្រាយ បញ្ហា​បងប្អូន ជា​ដំណាក់ៗ ទៅតាម​ប្រព័ន្ធតុលាការ ហើយ​យើង​នឹងធ្វើ​ឲ្យ​បាន​នាពេលខាងមុខ​។ ជោគជ័យ​ប៉ុណ្ណា ខ្ញុំ​មិន​ហ៊ាន​ធានា​ទេ តែ​យើង​នឹងធ្វើ​ឲ្យ​បាន​»​។ អ្នកនយោបាយ​ដែល​ធ្លាប់​ឃុំខ្លួន​ក្នុង​ស្នាក់ការ​បក្ស​អស់ ៦ ខែ លើកឡើង​បែបនេះហើយ ក៏​បន្ត​និយាយ​ពី​ការចូលរួម​ប្រជុំ​សភា​នៅពេល​ខាងមុខ​ដូច្នេះ​ថា​៖« សប្តាហ៍​ក្រោយនេះ បើ​មាន​ប្រជុំ​រដ្ឋសភា ខ្ញុំ​នឹង​ទៅ​ចូលប្រជុំ ហើយនឹង​មានការ​ជជែក​គ្នា រវាង​ក្រុម​មតិ​ភាគច្រើន និង​ក្រុម​មតិ​ភាគតិច​»​។​
 
​ជាការ​កត់សម្គាល់ សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ទៅកាន់​ក្រុមយុវជន​ជាង​កន្លះ​ម៉ោង​នៅថ្ងៃនេះ ភាគច្រើន​ប្រាប់​អ្នកគាំទ្រ​ខ្លួន​ឲ្យ​ឈប់​ជេរប្រមាថ​គ្នា តែ​ឲ្យ​រិះគន់​ដើម្បី​ស្ថាបនា​វិញ​។ ជាង​នេះ ទៅទៀត លោក​ក៏​ឲ្យ​យុវជន​ទាំងនោះ កុំ​គិតតែ​រិះគន់​បក្ស​ដទៃ តែ​ភ្លេច​គិតពី​ការពង្រឹង​សមត្ថភាព​ខ្លួនឯង ឬ​រិះគន់​តែ​មិនមាន​យោបល់​ដើម្បី​ដោះស្រាយ​៕

Tag:
 កឹម សុខា​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com