ជាតិ
ក្រសួង​អប់រំ ប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ៧៧៩៧​នាក់ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​
04, Dec 2016 , 6:59 pm        
រូបភាព
 
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ដំណឹង​ជ្រើសរើស​បេក្ខជន​-​បេ​ក្ខ​នារី​ចំនួន ៧៧៩៧​នាក់ សម្រាប់​ទទួល​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨​។ អាហារូបករណ៍​នេះ សម្រាប់​សិស្ស​ទូទៅ សិស្ស​អាទិភាព​នារី សិស្ស​អាទិភាព​ក្រីក្រ និង​សិស្ស​អាទិភាព​តំបន់​ជួប​ការលំបាក​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។


 
​ក្រសួង​អប់រំ នឹងធ្វើ​ការជ្រើសរើស​បេក្ខជន​ចំនួន ៧៧៩៧ នាក់ ឲ្យ​ទទួល​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ សម្រាប់​ឆ្នាំ​សិក្សា ២០១៧-២០១៨​។ ជាមួយគ្នានេះ  សិស្ស និស្សិត អាច​ជ្រើសរើស​ចូល​សិក្សា​នៅ​គ្រឺះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ និង​ឯកជន ចំនួន​៣៤ ដែល​ផ្ដល់​អាហារូបករណ៍​។​
 
​សម្រាប់ លក្ខខណ្ឌ​នៃ​ការចុះឈ្មោះ​សុំ​អាហារូបករណ៍ បេក្ខជន​ត្រូវជា​សិស្ស​ដែល​កំពុង​រៀន​ថ្នាក់​ទី​១២ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា និង​បេក្ខជនស្វ័យរិន ដែល​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧​។ ដោយឡែក​ចំពោះ​បេក្ខជន​ចង់​សុំ​អាហារូបករណ៍​ចូលរៀន​មុខជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ត្រូវមាន​ព្រឹ​ត្ត​ប​ត្រ​លទ្ធផល​ប្រឡង​ជាប់ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ និង​ត្រូវមាន​អាយុ​ច្រើន​បំផុត ២២​ឆ្នាំ​។ 
 
​ជាមួយគ្នានេះ សម្រាប់​កាលបរិច្ឆេទ​នៃ​ការឈប់​ទទួល​ពាក្យ និង​កន្លែង​ទទួល​ពាក្យ បេក្ខជន​-​បេ​ក្ខ​នារី ជា​សិស្ស​ថ្នាក់​ទី​១២ កំពុង​រៀន​ក្នុង​ឆ្នាំ​សិក្សា ២០១៦-២០១៧ ត្រូវ​ទៅ​ទទួល​សំណុំ​ពាក្យសុំ​អាហារូបករណ៍​ពី​វិទ្យាល័យ​របស់ខ្លួន និង​បេក្ខជនស្វ័យរិន បេក្ខជន​បំពេញវិជ្ជា អាច​ទទួល​ពាក្យ​ពី​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត ដើម្បី​យកទៅ​បំពេញ​ពាក្យ ចាប់ពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧ និង​ប្រគល់​មកវិញ​ត្រឹម​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧​។ 
 
​ចំពោះ​ពាក្យ​ដែល​ត្រូវបំពេញ សម្រាប់​សិស្ស​ទូទៅ សិស្ស​អាទិភាព​នារី និង​សិស្ស​អាទិភាព​តំបន់​ជួប​ការលំបាក ត្រូវ​ភ្ជាប់​មកជា​មួយ​ពាក្យសុំ​អាហារូបករណ៍​, បង្កាន់ដៃ​ទទួល​ពាក្យ​មាន​បិទ​រូបថត និង​សលាក​ប​ត្រ​ឯកត្តជន (​សម្រាប់តែ​បេក្ខជន​ត្រូវ​ប្រឡង​សំណេរ​)​។ បន្ថែម​លើ​នេះ សម្រាប់​សិស្ស​អាទិភាព​ក្រីក្រ ត្រូវ​ភ្ជាប់​មកជា​មួយ​ពាក្យសុំ​អាហា​រូប​រណ៍​, បង្កាន់ដៃ​ទទួល​ពាក្យ​មាន​បិទ​រូបថត​, ប័ណ្ណ​គ្រូ​សារ​ថតចម្លង​ដែលមាន​ការបញ្ជាក់​ពី​រដ្ឋអំណាច និង​សលាក​ប​ត្រ​ឯកត្តជន (​សម្រាប់តែ​បេក្ខជន​ត្រូវ​ប្រឡង​សំណេរ​)​។​
 
​បន្ថែម​លើ​នេះ លទ្ធផល​នៃ​ការជ្រើសរើស នឹងមាន​បិទ​ផ្សាយ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅតាម​គ្រឹះស្ថាន​អប់រំ​នីមួយៗ នៅ​រាជធានី​ភ្នំពេញ និង​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ នឹងមាន​បិទ​ផ្សាយ​នៅតាម​គ្រឹះស្ថាន និង​គ្រប់​វិទ្យាល័យ​ដែលមាន​បេក្ខជន​ជាប់​អាហារូបករណ៍​។ ចំណែក លទ្ធផល​បេក្ខជន​ដែល​ជ្រើសរើស​មុខជំនាញ​ប្រឡង និង​មាន​បិទ​ផ្សាយ​នៅ​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០១៧ នៅតាម​គ្រឹះស្ថាន​នីមួយ​។ គួររម្លឹកថា បេក្ខជន​១​នាក់ មាន​សិទ្ធិ​ចុះឈ្មោះ​សុំ​អាហារូបករណ៍​បានតែ​១​មុខជំនាញ​ប៉ុណ្ណោះ​៕
 
 

Tag:
 ក្រសួង​អប់រំ​
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com