អន្តរជាតិ
ចិន​ដាំ​ដើមត្នោត​លម្អ​តាមផ្លូវ​សាធារណៈ​នៅ​ហៃ​ណាន​
04, Dec 2016 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ហៃ​ណាន​, ចិន​៖ អាជ្ញាធរខេត្ត​ហៃ​ណាន (Hainan) បាន​ដាំ​រុក្ខា​ច្រើន​អនេក​រៀង​ជា​ជួរ​ហូរហែ​អម​តាម​ច​ញ្ចើ​ម​ផ្លូវ​សាធារណៈ​។ តាម​បណ្តោយ​វិថី​ខ្វែងខ្វាត់​នានា​លើ​ដែន​កោះ​ដែលមាន​ទំហំ​ជាង ៣​ម៉ឺន​គីឡូ​ម៉ែត្រក្រឡា​ដែលមាន​ពលរដ្ឋ​រស់នៅ​ជាង ៩​លាន​នាក់​ស្ថិតនៅ​ខាងត្បូង​ប្រទេស​ចិន​នេះ ត្រូវបាន​ហ៊ុមព័ទ្ធ​ជុំជិត​ដោយ​សួនច្បារ ដើម​រុក្ខា​ត្រឈឹងត្រឈៃ​គួរ​ឲ្យ​គយគន់​។​


​អាជ្ញាធរខេត្ត​ហៃ​ណាន​បាន​ដាំ​ផ្កា និង​ដើមឈើ​ស្ទើរ​គ្រប់​ប្រភេទ លម្អ​តាម​បណ្តា​យ​វិថី​ទំហំ​ចន្លោះ​ពី ១០​ម៉ែត្រ ទៅ ៦០​ម៉ែត្រ​។ រុក្ខា​ដែល​ត្រូវបាន​ដាំ​ដុះ​លម្អ​លើ​ដែន​កោះ Hainan ឬ​សមុទ្រ​ខាងត្បូង​នេះ រួមមាន ដើម​ដូង ជ្រៃ ស្លា រាំងភ្នំ ដើមពោធិ៍ ជាពិសេស​គឺ ដើមត្នោត តែម្តង​។​
 
​រុក្ខា​ទាំងនេះ ត្រូវបាន​ដាំ​ដុះ​ផងដែរ តាម​បណ្តោយ​ផ្លូវ​ហាយវ៉េ​ទំហំ​ពី ៣០​ម៉ែត្រ ទៅ​៦០​ម៉ែត្រ ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ ចាប់ពី​តំបន់​ហៃ​ខូវ (Haikou) ដែល​ជាទី​រួម​ខេត្ត​ស្ថិតនៅ​ភាគ​ខាងជើង រហូតដល់​តំបន់​សាន់​យ៉ា (Sanya) ដែលជា​តំបន់​ទេសចរ​ពេញនិយម​នៅ​ភាគខាង​ត្បូង នៃ​កោះ​ហៃ​ណាន (Hainan)​។​
 
​ដោយសារតែ​ធម្មជាតិ​ល្អ​ស្រស់បំព្រង​នៅលើ​ដែន​កោះ​ដែលមាន​ការអភិវឌ្ឍន៍​នៅ​ដើម​សតវត្ស ទី​២០​មកនេះ នាំ​ឲ្យ​ជន​ជាតិចិន​ភាគច្រើន ពិសេស​ចិន​រស់នៅ​ភាគ​ខាងជើង (​នៅ​តំបន់​ត្រជាក់​) ភាគច្រើន​តែង​ចំណាយពេល​ធ្វើដំណើរ​កម្សាន្ត​លើ​កោះ​ចិន​ភាគខាងត្បូង ចន្លោះ​ពី​ខែតុលា ដល់​ខែមករា ពីព្រោះ​វា​មាន​ធម្មជាតិ​ស្រស់បំព្រង អាកាស​ត្រូពិច​ត្រជាក់​ល្មម និង​ខ្យល់អាកាស​បរិសុទ្ធ​។​
 
​បើតាម​លោក A Hia មគ្គ​ទេស​ក៏​ទេសចរ​ប្រចាំ Hianan កោះ​ហៃ​ណាន​ជា​តំបន់​ទេសចរ​ធម្មជាតិ​ជាប់​ចំណាត់ថ្នាក់​ទី ៣ ចូលចិត្ត​មក​លំហែ​កម្សាន្ត នៅ​រដូវ​ត្រជាក់ បន្ទាប់ពី​ខេត្ត​ក្វាង​តុង និង​ខេត្ត​ជាំ​ង​ស៊ី ទូទាំងប្រទេស​ចិន​ដែល​ពលរដ្ឋ​រស់នៅ​ជាង ១​ពាន់​លាន​នាក់ ៕





































Tag:
 ចិន​
  ដើមត្នោត​
  ហៃ​ណាន
© រក្សាសិទ្ធិដោយ thmeythmey.com