កីឡាជាតិ
លោកតាអាយុ៨៥ឆ្នាំបានដល់គោលដៅលើការជិះកង់១១៧គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍អង្គរ
×
លោកតាវ័យ៨៥ឆ្នាំមកពីរាជាធានីភ្នំពេញបានមកដល់គោលដៅយ៉ាងជោគជ័យលើការជិះកង់ចម្ងាយ១១៧គីឡូម៉ែត្រនាព្រឹត្តិការណ៍ការប្រកួតប្រណាំងកង់ដើម្បីកុមារអង្គរប្រចាំឆ្នាំ២០១៦ ដែលធ្វើឡើងក្នុងទឹកដីអង្គរ ខេត្តសៀមរាប ដែលទើបបញ្ចប់កាលពីថ្ងៃទី៣ ខែធ្នូ។ ការប្រកួតនេះមានប្រទេសចូលរួមចំនួន១៦ មានអត្តពលិកសរុមទាំងអស់ប្រមាណជា៦០០នាក់។
លោក លុយ សុខុម អតីតកីឡាករជើងចាស់នាទសវត្សរ៍ឆ្នាំ១៩៦០ ទោះបីមិនទទួលបានជ័យជម្នះពីការប្រកួតប្រណាំងកង់ដើម្បីកុមារអង្គរលើកទី១១ ប៉ុន្តែកីឡាករវ័យ៨៥ឆ្នាំរូបនេះមិនបានបោះបង់ការប្រកួតពាក់កណ្តាលទីលើការជិះកង់ចម្ងាយ១១៧គីឡូម៉ែត្ររបស់ខ្លួននោះឡើយ។ អ្វីកាន់តែអស្ចារ្យជាងនេះ គាត់ថែមទាំងបានជិះមកដល់គោលយ៉ាងជោគជ័យថែមទៀតផង ខណៈមានកីឡាករមួយចំនួនបានបោះពាក់កណ្តាលទី។
ទោះបីមិនទទួលបានជ័យលាភី ឬរង្វាន់លើកទឹកចិត្តពីការប្រកួតក៏ដោយ ប៉ុន្តែលោក លុយ សុខុម ហាក់ដូចជាសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងក្នុងអំឡុងពេលប្រកួត ដោយលោកជិះកង់បណ្តើរផ្លុំកញ្ចែខ្មៅដែលពាក់ជាប់នឹង ក បណ្តើរនៅពេលជិះជិតដល់មុខគណកម្មាកររៀបការប្រកួត។ នេះមិនមែនជាលើកទី១ឡើយសម្រាប់កីឡាករវ័យ៨៥ឆ្នាំរូបនេះ ពោលគឺគាត់តែងតែចូលរួមព្រឹត្តិការណ៍បែបមនុស្សធម៌នេះយ៉ាងហូរហែ។
លោកតា លុយ សុខុម មានស្រុកកំណើតនៅខេត្តកំពង់ចាម ប៉ុន្តែបច្ចុប្បន្នកំពុងរស់នៅក្នុងរាជធានីភ្នំពេញ លោកជាអតីតម្ចាស់មេដាយមាសកីឡាប្រណាំងកង់នាទស្សវត្សរ៍ឆ្នាំ១៩៦០។ លោកមិនត្រឹមតែជាកីឡាករជិះកង់ប៉ុណ្ណោះទេថែមទាំងជាកីឡាកររត់ប្រណាំង និងហែលទឹកដ៏ល្បីរូបផងដែរ ព្រោះលោកបានចូលរួមប្រឡូកក្នុងវិស័យកីឡាតាំងពីឆ្នាំ១៩៥៣។
លោកបានក្លាយជាកីឡាករជម្រើសជាតិក្នុងឆ្នាំ១៩៥៩។ នៅឆ្នាំ១៩៦០ លោកបានក្លាយជាម្ចាស់មេដាយមាសការប្រណាំងកង់ថ្នាក់ជាតិជាលើកដំបូងលើវិញ្ញាសាជិះចម្ងាយ១៧៥គីឡូម៉ែត្រ។ លុះដល់ឆ្នាំ១៩៦១ លោកបានចូលរួមប្រកួតកម្រិតអាស៊ីនៅប្រទេសជប៉ុន ដោយលោកទទួលបានចំណាត់ថ្នាក់លេខ៤លើចម្ងាយ១៧៤គីឡូម៉ែត្រក្នុងចំណោមកីឡាករជាង១០០នាក់។
លើសពីនេះលោកបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗជាច្រើនទៀត ដូចជានៅឆ្នាំ១៩៦២ លោកបានចូលរួមប្រកួតប្រណាំងកង់នៅប្រទេសឥណ្ឌូនេស៊ីដោយទទួលបានចំណាត់ថ្នាក់លេខ៤ជាក្រុមលើវិញ្ញាសា១៧០គីឡូម៉ែត្រ។ មិនត្រឹមតែជាកីឡាករប៉ុណ្ណោះទេ លោកក៏ជាគ្រូបង្វឹកជំនាញកីឡាជិះកង់ម្នាក់ផងដែរ៕
Tag:
ប្រណាំងកង់ដើម្បីអង្គរ
លុយ សុខុម
© រក្សាសិទ្ធិដោយ thmeythmey.com