បទយកការណ៍ / បទសម្ភាសន៍
យុវជន​ដែល​ស្រឡាញ់​បរិស្ថាន នាំគ្នា​ទៅ​រើស​សំរាម​ដែល​អ្នក​កោះកុង​បោះចោល​
04, Dec 2016 , 9:59 pm        
រូបភាព
ដោយ:
 
​កោះកុង​៖ ការ​បោះចោល​សំរាម​ចូលក្នុង​ទឹកសមុទ្រ បាន​ក្លាយជា​ក្តី​ព្រួយបារម្ភ​របស់​ពលរដ្ឋ និង​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន​។ ច្រាំង​សមុទ្រ​ក្នុង​ខេត្តកោះកុង មាន​សំរាម​យ៉ាងច្រើន​អណ្តែត​នៅក្រោយ​ភោជនីយដ្ឋាន​នានា បានធ្វើ​ឲ្យ​ខ្ស​ល់​បរិសុទ្ធ ក្លាយជា​ខ្ស​ល់​ស្អុយ​ទៅវិញ​។ យុវជន​ជាច្រើន បាន​ដើរ​រើស​សំរាម​តាម​មាត់សមុទ្រ​បណ្តើរ និង​រអ៊ូ​បណ្តើរ ចំពោះ​ទម្លាប់​អាក្រក់​របស់​ពលរដ្ឋ ដែល​មិនចេះ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។          

 
​សំរាម​យ៉ាងច្រើន បាន​អណ្តែត​សំពោង​លើ​ផ្ទៃ​ទឹក ខាងក្រោយ​ផ្ទះ ភោជនីយដ្ឋាន និង​សណ្ឋាគារ​ជាប់​ច្រាំង​សមុទ្រ​នៅ​ក្រុង​ខេរ​ភូមិន្ទ​ខេត្តកោះកុង​។ បញ្ហា​នេះ បាន​ជំរុញ​ឲ្យ​យុវជន​មានការ​ព្រួយបារម្ភ ហើយ​ពួកគេ​កំពុង​ដើរ​រើស​សំរាម​ទាំងនោះ​នៅលើ​សួនច្បារ និង​ច្រាំង​សមុទ្រ​ផងដែរ​។ យុវជន​ទាំង​ជាង​២០០​នាក់ គឺ​សុទ្ធសឹង​ជា​សិស្ស​-​និស្សិត មកពី​ស្ទើរ​គ្រប់​២៥​ខេត្ត​រាជធានី ដែល​ពួកគេ​បាន​មកដល់​ខេត្តកោះកុង តាមរយៈ​កម្មវិធី​«​បោះជំរំ​យុវជន​អង្គរ​លើក​ទី​៨ ២០១៦» ដែល​រៀបចំ​ដោយ​សមាគមយុវជន​ខ្មែរ​(KYA)​។   
 
​កញ្ញា ខ្លូត តារា យុវជន​ម្នាក់​ក្នុងចំណោម​យុវជន​ជាង ២០០ នាក់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ខណៈ​នាង​កំពុង​ដើរ​រើស​សំរាម​នៅតាម​មាត់សមុទ្រ ថា ក្រុង​ខេមរភូមិន្ទ​នេះ មិនសូវមាន​សំរាម​នៅតាម​សួនច្បារ​នោះទេ ប៉ុន្តែ​ពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​តាម​មាត់សមុទ្រ បាន​បោះចោល​សំរាម​ចូលក្នុង​ទឹកសមុទ្រ ដែល​ធ្វើ​ឲ្យ​ទឹកសមុទ្រ​កខ្វក់ និង​មាន​ក្លិនស្អុយ​។ កំពុងកាន់​ថង់​ខ្មៅ និង​ពាក់​ស្រោមដៃ​ដើម្បី​រើស​សំរាម​ផង​នោះ យុវតី​វ័យ​២៥​រូបនេះ បាន​រៀបរាប់ថា សំរាម​ដែល​រូបគេ ប្រមូល​ដាក់​ក្នុង​ថង់ គឺ​ភាគច្រើន​ជា​ប្លា​ស្ទិ​ក និង​កំប៉ុង​នានា ដែល​ពលរដ្ឋ​តែង​បោះចោល​ដោយ​ដុំៗ​។ «​ពលរដ្ឋ​នៅទីនេះ ដូច​អត់​ខ្វល់ កន្លែង​ណា​ដែល​ពួកគេ​អាច​ចោល​សំរាម​បាន ពួកគេ​នឹង​ចោល​ភ្លាម​»​។ នេះ​ជាការ​លើកឡើង​របស់ កញ្ញា ខ្លូត តារា​។ 
  
 
​លោក លួ​ន ហល់ និស្សិត​ឆ្នាំ​ទី​៣​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​(PPIU) ដែល​កំពុង​ដើរ​រើស​សំរាម​ដែរនោះ បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​លោក​ដើរ​រើស​សំរាម​នៅទីនេះ គឺ​ដើម្បី​ធ្វើជា​គំរូ​សម្រាប់​ពលរដ្ឋ​នៅ​ខេត្តកោះកុង និង​ជំរុញ​ឲ្យ​ពួកគេ​មាន​ភាព​អៀនខ្មាស​ចំពោះ​ទង្វើ​ខ្លួន ដែល​តែងតែ​ចោល​សំរាម​ពាសវាល​ពាសកាល​។ វ័យ​២៥​ឆ្នាំ យុវជន​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ភ្ញៀវទេសចរ គេ​មិន​ចង់​មើល​សំរាម​ទេ​។ ខ្ញុំ​មិន​ស្អប់​សំរាម​ទេ តែ​ខ្ញុំ​ស្អប់​អ្នក​បោះចោល​សំរាម​។ ខ្ញុំ​ចង់​ឲ្យ​ប្រទេស​យើង​គ្មាន​សំរាម ដើម្បី​ឲ្យ​អ្នកទេសចរ​មក​កម្សាន្ត​ច្រើន​»​។   
  

 
​ដូចគ្នា​ដែរ កញ្ញា អួ​ង សុគន្ធ អះអាងថា បញ្ហា​នេះ គឺមាន​ការផ្សព្វផ្សាយ​យ៉ាងច្រើន ប៉ុន្តែ ពលរដ្ឋ​មួយចំនួន នៅតែ​មិន​ចោល​ទម្លាប់​មិនល្អ​នេះ​ចោល​។ យុវជន​វ័យ​២០​រូបនេះ ក៏បាន​ស្តីបន្ទោស​អ្នកគ្រប់គ្រង​តំបន់ឆ្នេរ​ផងដែរ ដែល​មិនមាន​វិធានការ​ប្រមូល​សំរាម​នៅក្នុង​សមុទ្រ ដើម្បី​ស្តារ​ស្ថានភាព​សោភ័ណភាព​ទឹកសមុទ្រ​ឲ្យ​ល្អ​ជាងនេះទៀត​ផង​។    
 
​ចំណែក កញ្ញា ស៊ុន រដ្ឋា បាន​បញ្ជាក់ថា ការ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​នេះ គឺ         បណ្តាល មកពី​ពលរដ្ឋ​មិនបាន​យល់ដឹង​ពី​អនាម័យ និង​ផលប៉ះពាល់​នៃ​ការ​សំរាម ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​មិនបាន​ខ្វល់ខ្វាយ​ពី​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។ យុវតី​វ័យ​២០​ឆ្នាំ និង​មកពី​ខេត្តបាត់ដំបង​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​សំរាម​ប៉ះពាល់​ដល់​សុខភាព បំពុល​មច្ឆជាតិ ហើយ​បើ​មាន​សំរាម​នៅ​នេះ​កាន់តែច្រើន នឹង​គ្មាន​អ្នកទេសចរ​ណា​ចង់​មកលេង​នោះទេ ដូច្នេះ វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​វិញ​»​។ កំពុង​ដើរ​រើស​សំរាម សុគន្ធ បាន​សំណូម​ឲ្យ​អាជ្ញាធរ​ដាក់ពាក្យ​ស្លាក​នៅតាម​សួន​សាធារណៈ​ឲ្យ​បាន​ច្រើន ដើម្បី​អប់រំ​ពលរដ្ឋ​ឲ្យ​ភ្ញាក់រលឹក ព្រមទាំង​មាន​វិធានការ​តឹងរឹង ដោយ​ពិន័យ​ដល់​ពលរដ្ឋ​ណា ដែល​បោះចោល​សំរាម​ក្រៅ​ធុង ដូច​ប្រទេស​ជឿនលឿន​មួយចំនួន​ដែល​គេ​ធ្វើ​កន្លងមក​។  
  

 
​ខេត្តកោះកុង មិន​មែនមាន​សំរាម​តែ​នៅ​មាត់ច្រាំង​សមុទ្រ​ក្នុង​ទី​រួម​ខេត្ត​នោះទេ ប៉ុន្តែ​នៅ​ឆ្នេរ​បាក់​ខ្លង ដែលមាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ក្រុង​ខេមរភូមិន្ទ ក៏មាន​សំរាម​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ​។ អ្នកលក់ដូរ​នៅ​ឆ្នេរ​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា មាន​សំរាម​ជាច្រើន បាន​ហូរ​តាម​សមុទ្រ រសាត់អណ្តែត​មកដល់​ឆ្នេរសមុទ្រ​នេះ ដែល​ធ្វើ​ឲ្យ​លោក​សម្អាត​ស្ទើរ​គ្មាន​ពេល​សម្រាក​។ លោក​បន្ថែមថា អ្នកភូមិ​ដែល​សង់ផ្ទះ​លើទឹក បាន​បោះ​សំរាម​នៅក្រោម​ផ្ទះ ហើយ​ពុំមាន​វិធានការ​ពី​អាជ្ញាធរ​ឡើយ​។ «​ខ្ញុំ​បាន​ដឹក​សំរាម​ពី​ឆ្នេរ​នេះ ទាំង​រទេះៗ ដើម្បី​យកទៅ​ដុតចោល​នៅតាម​ផ្លូវ ប៉ុន្តែ​មិន​ឈ្នះ​អ្នក​បោះចោល​នោះទេ​។ ភ្ញៀវទេសចរ មិនសូវ​បោះចោល​ទេ តែ​សំរាម​ភាគច្រើន​ហូរ​តាម​សមុទ្រ រសាត់​មកដល់​ឆ្នេរ​នេះ​»​។    
  
​ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកស្រី មិថុនា ភូ​ថង អភិបាលរង​ខេត្តកោះកុង សន្យាថា សាលាខេត្ត​កោះកុង នឹង​ណែនាំ​អាជ្ញាធរ​ក្រុង ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​នៅ​មាត់សមុទ្រ​នេះ​។ រីឯ​បញ្ហា​កង្វះ​ធុងសំរាម​នៅ​ឆ្នេរ​បាក់​ខ្លង​វិញ អ្នកស្រី មិថុនា ភូ​ថង បាន​ពន្យល់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ ថា សំរាម​នៅ​ឆ្នេរ​បាក់​ខ្លង គឺជា​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា​។ 
​សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​អ្នកស្រី មិថុនា ភូ​ថង ខាងក្រោម​នេះ​៖ 



​ការ​ថ្លែង​របស់​អភិបាលរង​ខេត្តកោះកុង​រូបនេះ គឺ​បន្ទាប់ពី​អ្នកស្រី​បិទ​កម្មវិធី​«​បោះជំរំ​យុវជន​អង្គរ​លើក​ទី​៨ ២០១៦» ដែល​រៀបចំ​ដោយ​សមាគមយុវជន​ខ្មែរ​(KYA) នៅ​សាល​មហោស្រព​ខេត្តកោះកុង កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លងមក​៕                               
 
 
 
 
 


Tag:
 យុវជន​
  ​មិថុនា ភូ​ថង​
 ​ សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com