ជាតិ
​សព​ព្រះ​តេជគុណ សំ ប៊ុនធឿន ដែល​ត្រូវ​ឃាតករ​បាញ់សម្លាប់​កាលពី ១៣ ឆ្នាំមុន ត្រូវបាន​បូជា​ហើយ​
04, Dec 2016 , 2:17 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា
រូបភាពពីហ្វេសប៊ុក ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ដោយ:
 
​ក្រោយពី​តម្កល់​អស់​រយៈពេល​ជាង ១៣  ឆ្នាំ សព​របស់​ព្រះ​តេជគុណ សំ ប៊ុនធឿន អតីត​ធម្មាចារ្យ​ដ៏​ល្បី​នៅ​កម្ពុជា ត្រូវបាន​បូជា​ហើយ​កាលពី​យប់​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៦ ។​


 
​ពិធី​បូជា​ព្រ​សព​ព្រះ​តេជគុណ កេតុ​ធ​ម្មោ សំ ប៊ុនធឿន ធ្វើឡើង​នៅ ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតនៅ​ក្នុងស្រុក​ពញ្ញាឮ ខេត្តកណ្តាល ជាទី ដែល​តម្កល់​ព្រះ​សព​ព្រះអង្គ​អស់​រយៈពេល​ជាង ១៣ ឆ្នាំ​មកហើយ​។ ពិធី​បួ​ជា​សព​របស់​ធម្មកថិក ដែល​ជំនាញ​ផ្នែក​វិបស្សនា​អង្គ​នេះ រៀបចំឡើង​ពីថ្ងៃ​ទី ១ ដល់​ថ្ងៃទី ៤ ខែធ្នូ ដោយ​មានការ​និមន្ត​ចូលរួម​ពីស​ម្តេច​សង្ឃ​, ព្រះសង្ឃ​ស្ទើរ​គ្រប់​ខេត្ត និង​ពុទ្ធបរិស័ទ​រាប់ពាន់នាក់​ផងដែរ​។ 
 
​សូម​រម្លឹក ព្រះ​តេជគុណ សំ ប៊ុន​ធឿន ត្រូវបាន​ឃាតករ​លួច​បាញ់សម្លាប់​កាលពី​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៣ នៅក្នុង​បរិវេណ​វត្ត​លង្ការ រាជធានី​ភ្នំពេញ ក្នុង​ព្រះជន្ម ៤៧ ព្រះវស្សា​។ ទោះជា​យ៉ាងណា អស់​រយៈពេល​ជាង ១៣ ឆ្នាំ មកនេះ រដ្ឋាភិបាល នៅតែ​មិនទាន់​អាច​វែកមុខ​ឃាតករ ដែល​បាញ់ប្រហារ​ព្រះ​តេជគុណ​ធម្មាចារ្យ​ដ៏​ល្បី​ឃើញ​នោះទេ​។ 
  
 
​បើតាម​សៀវភៅ​មាន​ចំណងជើង​ថា ជីវប្រវត្តិ ព្រះ​ធម្ម​វិបស្សនា សំ ប៊ុនធឿន កេតុ​ធ​ម្មោ ដែល​បោះ​ពុ​ម្ភ​ដោយ​គណៈកម្មាធិការ​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ កាលពី​ឆ្នាំ ២០០៤ ព្រះ​តេជគុណ សំ ប៊ុនធឿន ប្រសូត្រ​នៅ​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៥៧ នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ក្រោយពី​របប ប៉ុល ពត ពោលគឺ​ឆ្នាំ ១៩៨០ ព្រះអង្គ​ចូល​សាង​ព្រះ​ផ្នួស ក្នុង​ព្រះជន្ម ២៤ ព្រះវស្សា​។ ចាប់តាំងពី​ក្លាយជា​បព្វជិត​មក ព្រះ​តេជគុណ បាន​ស្វះ​ស្វែងរក​សាលា​សិក្សា​ទាំង​ផ្លូវលោក និង​ផ្លូវធម៌ និង​បាន​ទេសនា​តាម​វិទ្យុ​ផងដែរ​។ ព្រះអង្គ​បាន​សរសេរ​សៀវភៅ ចំនួន ១៥ ក្បាល ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពុទ្ធបរិស័ទ​ខ្មែរ​។ ព្រះអង្គ ក៏​ជាស​ង្ឃ​ដំបូង​គេ ដែល​បាន​ង្កើ​ត​មជ្ឈមណ្ឌល​វិបស្សនាធុរៈ​នៅក្នុង​កម្ពុជា​ចំនួន ៨ ខេត្ត មាន​ខេត្តកណ្តាល ក្រចេះ តាកែវ សៀមរាប ពោធិ៍សាត់ និង​កំពង់ធំ​ជាដើម​៕









Tag:
 សំ ប៊ុនធឿន
© រក្សាសិទ្ធិដោយ thmeythmey.com