សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អ្នកសេដ្ឋកិច្ច​អាមេរិក​ល្បី​ម្នាក់​ព្រមាន​ពី​បញ្ហា​សេដ្ឋកិច្ច​នាពេល​អនាគត​ក្នុងប្រទេស​ចិន
07, Dec 2016 , 10:19 am        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន៖ លោក Krugman និយាយថា អ្វីដែល​លោក​បារម្ភ​នោះ គឺ​មិនមែន​កំណើនសេដ្ឋកិច្ច​របស់​ចិន និង​ភាព​លុប​លើ​សេដ្ឋកិច្ច​ក្នុង​ពិភពលោក​នោះទេ​។ ផ្ទុយទៅវិញ អ្វីដែល​លោក​បារម្ភ​គឺ​លទ្ធភាព​ដែល​អាច​ឲ្យ​សេដ្ឋកិច្ច​របស់​ចិន​ធ្លាក់ចុះ និង​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​នៃ​ការធ្លាក់ចុះ​នេះ​ទៅលើ​សេដ្ឋកិច្ចពិភពលោក​។​



​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ លោក Krugman បានទទួល​ពានរង្វាន់​ណូបែល​សម្រាប់​សេដ្ឋកិច្ច​កាលពី ៨ ឆ្នាំមុន​។ លោក​បាន​ថ្លែង​នៅ​វិទ្យាស្ថាន Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​នៅក្នុង​បទសម្ភាសន៍​ខ្លី​មួយ​ជាមួយ VOA​។​

​លោក​បាន​និយាយថា បញ្ហា​ធំ​បំផុត​នោះ​គឺថា តើ​ចិន​នឹងធ្វើ​អ្វី​នៅពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ ហើយ​ថា​តើ​នឹងមាន​បញ្ហា​អ្វីដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពិភពលោក​ទាំងមូល​។​

​សេដ្ឋកិច្ច​ចិន​មិនមែន​ធំ​មហិមា​រហូតដល់​ថ្នាក់​មិនអាច​ដូ​លរ​លំបាន​នោះទេ​

​នៅពេល​សួរថា តើ​សហគមន៍​អន្តរជាតិ​នឹង​មកជួយ​សង្គ្រោះ​ចិន​ស្រដៀង​ទៅនឹង​ការជួយ​តាមរយៈ​កម្មវិធី​បង់ប្រាក់​ជួយសង្គ្រោះ​ដល់​ធនាគារ​ដែល​រដ្ឋាភិបាល​អាមេរិក​បានធ្វើ​ឡើង​បន្ទាប់ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៧ និង​២០០៨ ឬ​យ៉ាងណា​នោះ លោក Krugman បាន​គ្រវីក្បាល​ហើយ​និយាយថា​៖ «​អត់​ទេ ទោះបីជា​ប្រទេស​ខ្លាំង​បំផុត​នៅក្នុង​ពិភពលោក​ក៏ដោយ ក៏​ពិបាក​នឹង​ជួយសង្គ្រោះ​សេដ្ឋកិច្ច​ចិន​ណាស់ សេដ្ឋកិច្ច​ចិន​គឺ​ធំ​ហួសប្រមាណ តែ​មិនមែន​មានន័យថា​ធំ​រហូតដល់​ថ្នាក់​អាច​ជៀស​ផុតពី​គ្រោះថ្នាក់​នោះទេ គឺ​វា​ធំ​ពេក​ដែល​ពិបាក​នឹង​ជួយ​សង្គ្រោះបាន​»​។​

​លោក​បាន​បន្ថែមថា​៖ «​តើ​អ្នកណា​អាច​នឹងធ្វើ​រឿងនេះ​ទៅ​? តើ​រដ្ឋបាល​របស់លោក ត្រាំ នៅ​សហរដ្ឋអាមេរិក​ឬ​? តើ​សហភាព​អឺរ៉ុប​ដែល​កំពុងតែ​រវល់​ជាមួយនឹង​ការបែកបាក់​គ្នា​ឬ​? ចម្លើយ​គឺ​ទេ នឹង​មិនមាន​ការជួយ​សង្គ្រោះ​ពី​សាកលលោក​នោះទេ​»​។​

​ផលវិបាក​ផ្នែក​នយោបាយ​ដែលជា​លទ្ធផល​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នេះ ក៏​ជា​ក្តីបារម្ភ​ធំ​មួយ​ផងដែរ​។ លោក Krugman បាន​និយាយថា​៖ «​ចិន​មាន​សេដ្ឋកិច្ច​ខ្លាំង​ល្មម​ដែល​អាចធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ផ្ទាល់​ទៅលើ​ពិភពលោក ប៉ុន្តែ ភាគច្រើន​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​តំបន់​អាស៊ី​។ ប៉ុន្តែ​ខ្ញុំ​បានចាប់ផ្តើម​មានការ​បា​រ​ម្ភ​អំពី​សេដ្ឋកិច្ច​នយោបាយ​រួចទៅហើយ​។ តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​ស្ថិរភាព​ផ្ទៃក្នុង​របស់​ចិន​? វា​មិនមែនជា​រឿង​ល្អ​នោះទេ​»​។​

​អ្នកវិភាគ​ជាច្រើន​បាន​អះអាង​រៀងៗ​ខ្លួន ហើយ​ក្រុម​អ្នកតស៊ូ​មតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​សង្ឃឹមថា ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ចិន​អាច​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នយោបាយ និង​សង្គម​ដែល​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​របប​ដឹកនាំ បើទោះបីជា​ការប្តូរ​រប​ប​នោះ​ត្រូវបាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ឬ​ដោយ​សមាជិក​របស់​រដ្ឋា​ភិ​បាល​បច្ចុប្បន្ន​ក៏ដោយ​។ លោក Krugman និយាយថា លោក​គិតថា លទ្ធផល​ជាច្រើន​អាច​នឹង​កើតមានឡើង រួមទាំង​ការ​បែរ​ទៅរក​វិធីសាស្ត្រ​ហិង្សា​ម្តងទៀត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក្នុងការ​បង្ក្រាប​លើ​បាតុកម្ម និង​អ្នក​ប្រឆាំងនឹង​រដ្ឋាភិបាល​។​

​ប្រទេស​ចិន​គឺ​ដូច​ទៅនឹង​ប្រទេស​ជប៉ុន​ដែល​គ្មាន​សំណាញ់​សុវត្ថិភាព​

​លោក Krugman បាន​ប្រាប់ VOA ថា​៖ «​យើង​បានឃើញ​មានការ​ធ្លាក់ចុះ​សេរីភាព​នយោបាយ​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​។ អ្នក​អាច​នឹង​ឃើញ​មានការ​ធ្លាក់ចុះ​កាន់តែខ្លាំង​ជាងនេះទៅទៀត​។ តើ​អ្នកណា​អាច​ដឹងបាន​ទៅ​?»​។​

​លោក​បាន​បញ្ចេញ​នូវ​គំនិត​យ៉ាង​ទូលំទូលាយ​ទាក់ទង​នឹង​អ្វីដែល​អាច ឬ​មិនអាច​កើតមានឡើង​នៅក្នុង​ប្រទេស​ចិន ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។​

​លោក Krugman ជា​ញឹកញាប់​តែង​ប្រៀបធៀប​ស្ថានភាព​ប្រទេស​ចិន​ទៅនឹង​ស្ថានភាព​ដែល​ប្រទេស​ជប៉ុន​ធ្លាប់បាន​ឆ្លងកាត់​។ លោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ថា ខណៈដែល​ប្រទេស​នៅ​អាស៊ី​ខាងកើត​ទាំងពីរ​នេះ​នៅតែមាន​ឥទ្ធិពល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​កិច្ចការ​អន្តរជាតិ និង​មាន​ភាព​ប្រហាក់ប្រហែលគ្នា​ផ្នែក​សេដ្ឋកិច្ច​នោះ ប្រទេស​ចិន​អាច​នឹងរង​គ្រោះ​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ​ខ្លាំង​ជាង​។​

​លោក Krugman និយាយថា ស្ថានភាព​ប្រទេស​ចិន​នាពេល​បច្ចុប្បន្ននេះ​គឺ​ដូច​ទៅនឹង​ប្រទេស​ជប៉ុន «​ពាក់ព័ន្ធ​នឹង​ការ​សន្សំ​ហួស​កម្រិត ការមិន​មានឱកាស​វិនិយោគ​គ្រប់គ្រាន់ និង​ភាពលេច​ធ្លោ​រលើ​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​មួយ​។ បញ្ហា​ទាំងនេះ​មើលទៅ​ដូច​ទៅនឹង​ប្រទេស​ជប៉ុន​ខ្លាំងណាស់ ប៉ុន្តែ​សំណាញ់​សុវត្ថិភាព​វិញ​មាន​លក្ខណៈ​ទន់ខ្សោយ​»​។​

​លោក​និយាយថា ប្រទេស​ជប៉ុន​មាន​ស្ថិរភាព​នយោបាយ និង​«​ពូកែ​ខាង​បង្កើត​ការងារ​។ លោក​បាន​បន្ថែមថា រដ្ឋាភិបាល​ក្រុង​តូ​ក្យូ «​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ចំនួន​មួយ​ដែល​គេ​មាន​ចម្ងល់ ប៉ុន្តែ​ប្រទេស​នេះ​នៅតែ​រក្សាបាន​នូវ​ស្ថិរភាព​សង្គម​»​។​

​សង្គម​រួបរួមគ្នា​ក៏​ចូលរួមចំណែក​ផងដែរ​

​លោក Krugman បាន​និយាយថា «​លើសពីនេះទៅទៀត ជប៉ុន​ជា​សង្គម​ដែល​មានការ​រួបរួមគ្នា​» គឺ​ប្រៀបដូចជា​«​គ្រួសារ​មួយ​ដ៏​ធំ​អញ្ចឹង​ដែរ​» បើទោះបីជា «​ប្រទេស​នេះ​មិន​ត្រូវបាន​ដឹកនាំ​យ៉ាង​ល្អ​ជាប់​ជា​លំដាប់​ក៏ដោយ​»​។​

​ការរួម​គ្នា​នេះ​ជា​គន្លឹះ​ក្នុង​ការជួយ​សង្គម​ទោះបី​ជាមាន​ព្យុះភ្លៀង​យ៉ាងណាក៏ដោយ ប៉ុន្តែ​លោក​Krugman អះអាងថា ការរួម​គ្នា​បែបនេះ​មិនមាន​ទេ​នៅក្នុង​ប្រទេស​ចិន ជាពិសេស​នាពេល​បច្ចុប្បន្ន​នេះ​។​

​នៅពេល​សួរ​អំពី​ទ្រឹស្តី​សេដ្ឋកិច្ច​ល្បីៗ​ដែល​ពាក់ព័ន្ធ​នឹង​កម្រិត​កើនឡើង​នៃ​ចំណូល​ជាមួយនឹង​ការ​ផ្ទា​ស់​ប្តូរ​ជា​ប្រព័ន្ធ​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច លោក Krugman បាន​ប្រាប់ VOA ថា លោក​មិនដែល​បាន​គិតពី​គំនិត​ទាំង​នោះទេ​។ លោក​បាន​និយាយថា តាមពិតទៅ ការអភិវឌ្ឍ​ជា​សាកល «​មិនមាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​» ការដឹក​នាំទៅរក​លទ្ធិ​ប្រជាធិបតេយ្យ​ជា​សាកល​នោះទេ​។ លោក​បាន​បន្ថែមថា ទ្រឹស្តី​មួយចំនួន​អាចជា «​ការកើតឡើង​ដោយ​ឥត​គ្រោង​ទុកជា​ប្រវត្តិសាស្ត្រ​» ដែល​មិនមាន «​ការធានា​» នោះទេ​។​

​បន្ថែម​លើ​ការខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេចការ​សិក្សា​របស់លោក លោក Krugman ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​ជាច្រើន ជា​អ្នកសរសេរ​ប្លក់ ជា​អ្នកសរសេរ​អត្ថបទ​ទស្សនៈ​សម្រាប់​កាសែត The New York Times លើ​ប្រធានបទ​សេដ្ឋកិច្ច និង​នយោបាយ​ផងដែរ​។ លោក​បញ្ចេញមតិ​តាម​គំនិត​របស់លោក​អំពី​ការពឹងផ្អែក​កាន់តែខ្លាំង​របស់​សង្គម​ជា​សាកល​ទៅលើ​ម៉ាស៊ីន​ស្វ័យប្រវត្តិ ដោយ​លោក​ប្រើ​ឃ្លា​បែប​កំប្លែង​មួយ​ថា​៖ ១៥ ឆ្នាំ​ពី​ឥឡូវ​ទៅ «​មនុស្ស​យន្ត​នឹង​សម្លាប់​យើងទាំងអស់គ្នា​ជាមិនខាន​»៕​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com