អន្តរជាតិ
ហ្វីលីពីន ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​«​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី AIIB» ដែល​ដឹកនាំ​ដោយ​ចិន​
06, Dec 2016 , 2:10 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន (ខាងឆ្វេង) ចាប់ដៃប្រធានាធិបតីចិន នាពេលបំពេញទស្សនកិច្ចនៅខែតុលាកន្លងទៅ
ប្រធានាធិបតីហ្វីលីពីន (ខាងឆ្វេង) ចាប់ដៃប្រធានាធិបតីចិន នាពេលបំពេញទស្សនកិច្ចនៅខែតុលាកន្លងទៅ
ដោយ:
​ព្រឹទ្ធិ​សភា​ហ្វីលីពីន នៅ​ថ្ងៃទី​០៥ ខែធ្នូ បានអនុម័ត​ទទួលយក​លក្ខន្តិកៈ​នៃ​កិច្ចព្រមព្រៀង​របស់​ធនា​គារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដែលជា​គំនិត​ផ្តួចផ្តើម និង​ក្រោម​ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ដែល​បាន​ដកស្រង់​សម្តី​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​លោក Loren Legarda ។​



​លោកស្រី  Loren Legarda សមាជិក​ព្រឹទ្ធសភា​ដែលជា​គណៈកម្មាធិការ​ស្តីពី​សន្ធិសញ្ញា​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​(AIIB) បានបង្ហាញ​ពី​ទស្សន​វិជ្ជមាន​ចំពោះ​ការអនុម័ត​លើ​កិច្ចព្រមព្រៀង​នេះ ដោយ​លោកស្រី លើកឡើងថា សមាជិកភាព​ហ្វីលីពីន​នៅក្នុង AIIB នឹង​ជួយ​ហ្វីលីពីន​ក្នុងការ​សម្រេច​ទិសដៅ​នៃ​កំណើន​​សេដ្ឋ​កិ​ច្ច​តាមរយៈ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ​។

​ការផ្តល់​សច្ចាប័ន​រប​ស់​ព្រឹទ្ធសភា​ហ្វីលីពីន ត្រូវបាន​ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​ហ្វីលីពីន បាន​ចុះហត្ថលេខា​លើ​ល​ក្ខិ​ន្តិ​កៈ​នៃ​កិច្ចព្រមព្រៀង​របស់ AIIB នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ និង​ផ្តល់​ការអនុម័ត​ដោយ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នៅ​ថ្ងៃទី​១៩ ខែតុលា មុនពេល​ដែល​លោក​ប្រធានាធិបតី ត្រូវបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាលពី​ខែតុលា​កន្លង​ទៅនោះ​។​

​សូម​ជម្រាប​ផងដែរ​ថា ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​របស់​ចិន ដែលមាន​ទី​ស្នាក់​កណ្តាល​នៅ​ក្រុង​ប៉េកាំង និងមាន​សមាជិក​សរុប​៥៧​ប្រទេសនោះ  ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ផ្តល់​ការផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​។ ធនាគារ​នេះ ក៏​ត្រូវបាន​មើលឃើញថា បង្កើតឡើង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​គ្រប់គ្រង​ដោយ​លោកខាងលិច​មាន​ធនាគារពិភពលោក និង​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​ផងដែរ​។ ក្នុងចំណោម​សមាជិក​អាស៊ាន មានតែ​ម៉ាឡេស៊ី​នោះទេ ដែល​មិនទាន់​ផ្តល់​សច្ចាប័ន ដោយ​គ្រាន់តែ​ចុះហត្ថលេខា​ប៉ុណ្ណោះ​៕


Tag:
 ​ហ្វីលីពីន​
  អាស៊ាន​
  AIIB
© រក្សាសិទ្ធិដោយ thmeythmey.com