ជាតិ
សម្ដេច ស ខេង បញ្ជា​ឲ្យ​នគរបាល​ប៉ុស្ដិ៍​នៅ​មូលដ្ឋាន​ឈប់​ប្រើ​អំណាច​គំរាមកំហែង​ប្រជាពលរដ្ឋ
07, Dec 2016 , 8:40 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាន​បញ្ជា​ឲ្យ​គ្រប់​មន្ត្រីនគរបាល​បម្រើ​ការងារ​តាម​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល ប​ញ្ឍ​ប់​ការប្រើ​សិទ្ធិអំណាច ភារកិច្ច​ការងារ ដែល​រដ្ឋ​ប្រគល់​ឲ្យ ទៅ​រំលោភ និង​គំរាមកំហែង​ពលរដ្ឋ​នៅតាម​មូលដ្ឋាន។ បើតាម សម្ដេច ស ខេង ក្រសួង​នឹង​កែសម្រួល​ការងារ​មួយចំនួន​របស់​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល។



ផ្អែក​តាម​ការលើកឡើង​របស់ សម្ដេច ស ខេង ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការពង្រឹង​ការងារ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទូទាំងប្រទេស​លើក​ទី១ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ នៅ​ថ្ងៃទី៦ខែធ្នូ ក្រសួងមហាផ្ទៃ​នឹងធ្វើ​ការកែសម្រួល​ការងា​រ ដោយ​ដក​អំណាច​ភារកិច្ច​មួយចំនួន​ពី​នគរបាល​នៅ​ថ្នាក់​ប៉ុស្តិ៍​រដ្ឋបាល ដែលមាន​ភាព​ប្រឈម​ជាមួយ​ប្រជាពលរដ្ឋ ទៅ​ឲ្យ​នគរបាល​នៅ​ថ្នាក់​អធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌ និង​ស្នងការដ្ឋាន​ធ្វើ​ជំនួស​វិញ។

សម្តេច ស ខេង បញ្ជាក់ថា ការងារ​ដែល​ត្រូវ​ដកចេញ​ពី​នគរបាល​ប៉ុស្តិ៍ រួមមាន ការចាប់ខ្លួន ការអនុវត្ត​សាលដីកា​ចាប់ខ្លួន​របស់​តុលាការ និង​ការងារ​បង្ក្រាប​បទល្មើស​នានា​ដែល​បង្ករ​ឲ្យ​ប៉ះពាល់​ដល់​ការប្រកបមុខរបរ​អា​ជីវ​កម្ម​របស់​ពលរ​ដ្ឋ លើកលែងតែ​ករណី​បទល្មើស​ជាក់ស្ដែង ដែល​នគរបាល​ប៉ុស្តិ៍​ត្រូវ​ស្វែងរក​កិច្ចសហការ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​រួម​គ្នាប​ង្រា្ក​ប​បទល្មើស។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ ឲ្យ​ដឹង​ទៀតថា ក្រសួង​នឹង​បែងចែក​ការងារ​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដែលមាន​ដូចជា ការចុះបញ្ជី​ស្ថិតិ​ប្រជាពលរដ្ឋ, ការងារ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ជូន​ពលរដ្ឋ, ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការងារ​ផ្ដល់​សេវា​តម្រូវការ​នានា​មួយចំនួនទៀត​ដែល​ពលរដ្ឋ​មាន​ត្រូវការ។ សម្តេច​អះអាងថា សម្រាប់​ការងារ​ដែល​ផ្ដល់ជូន​នគរបាល​ប៉ុ​ស្តិ័​នេះ នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លែង​ខ្លាច​អំណាច​ការងារ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​ទាំងនោះ។

យោងតាម​តួលេខ ដែល លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​នោះ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​នៅតាម​ឃុំ សង្កាត់ នៅ​ទូទាំងប្រទេស​មាន​ប្រមាណ ១៦៣៣ប៉ុស្តិ៍ និង​មាន​មន្ត្រីនគរបាល​ជិត ១៧០០០នាក់ ដោយ​ក្នុងនោះ​មន្ត្រី​ដែលមាន​ក្របខ័ណ្ឌ​មាន​ជិត ១៥០០០នាក់៕

 ប្រភពពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ



Tag:
 ស ខេង
  ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com