ដើម្បីជួយជំរុញវិស័យកីឡាទេសចរណ៍ដែលជាផលិតផលទេសចរណ៍ដ៏សំខាន់របស់កម្ពុជាឲ្យកាន់តែរីកចម្រើន ក្រសួងទេសចរណ៍សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រោងសាងសង់កីឡដ្ឋានលំដាប់ស្តង់ដាអន្តរជាតិដែលអាចផ្ទុកមនុស្សពី២ម៉ឹនទៅ៣ម៉ឺននាក់នៅខេត្តសៀមរាបក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងសាងសង់ពហុកីដ្ឋានលំដាប់ស្តង់ដាអន្តរជាតិដែលអាចផ្ទុកមនុស្សពី២ម៉ឺនទៅ៣នាក់នាក់នៅលើទីលានចាស់ក្នុងខេត្តសៀមរាប។ បើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍គម្រោងនេះគ្រោងនឹងចំណាយថវិកាប្រមាណជា១០លានដុល្លារ ដោយសាងសង់ក្នុងពេលឆាប់ខាងមុខនេះ។
គម្រោងសាងសង់ពហុកីឡដ្ឋានលំដាប់ស្តង់ដាអន្តរជាតិក្នុងខេត្តសៀមរាបនេះ ក្នុងគោលបំណងដើម្បីជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាតំបន់ទេសចរណ៍វប្បធម៌អង្គរលើទឹកដីខេត្តសៀមរាប តាមរយៈយុទ្ធសាស្ត្រទេសចរណ៍កីឡា។ ទេសចរណ៍កីឡាមិនត្រឹមតែជួយចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាប៉ុណ្ណោះទេ លើសពីនេះជួយផ្តល់ការងារ និងរកប្រាក់ចំណូលជូនប្រជាពលរដ្ឋទៀតផង ជាពិសេសចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរ។
ថ្លែងនៅក្នុងសិក្ខាសាលាជាតិលើកទី១ស្តីពីកីឡាទេសចរណ៍នៅសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាបកាលពីពេលថ្មីៗ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖«ទេសចរណ៍កីឡាសំដៅទៅលើការធ្វើដំណើរដែលទាក់ទងនឹងការតាមដាន និងការចូលរួមព្រឹត្តិការណ៍កីឡាដែលនៅឆ្ងាយពីបរិស្ថាន។ ម្យ៉ាងទៀតវាជាផ្នែកមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មទេសចរណ៍ពិភពលោក ដែលអាចរកចំណូលស្មើនឹង ៧.៦៨កោដិដុល្លារ»។
លោកបានបន្តទៀតថា កីឡាទេសចរណ៍ចែកចេញជាពីរផ្នែកគឺផ្នែករឹងនិងផ្នែកទន់ ក្នុងនោះផ្នែករឹងសំដៅទៅលើបរិមាណកីឡាករដែលចូលរួមប្រកួតប្រជែងក្នុងព្រឹត្តការណ៍កីឡា។ រីឯផ្នែកទន់សំដៅទៅលើអ្នកដែលចូលរួមទស្សនាការប្រកួតក្នុងព្រឹត្តិការណ៍នោះ។ ដូច្នេះកីឡាទេសចរណ៍ត្រូវបានគេយកចិត្តគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម បរិស្ថានសង្គម សុខមាលភាពសង្គម និងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
គេសង្កេតឃើញកីឡាទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ច្រើនរួមមាន ព្រឹត្តិការណ៍កីឡាជាតិ, បាល់ទាត់, ប្រណាំងទូក, ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុន និងម៉ារ៉ាតុនអន្តរជាតិ, ប្រណាំងកង់អន្តរជាតិ, ប្រណាំងឡាន, ទ្រីយ៉ាត្លុង, SEA Game, Asian Game និងអូឡាំពិកហ្គេម។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា កីឡាជាសេវាមួយដែលបម្រើឲ្យទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។ ដូច្នេះដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារួមជាមួយក្រសួងទេសចរណ៍និងក្រសួងអប់រំ នឹងរួមគ្នាបង្កើតកីឡាប្លែកៗបែបទេសចរណ៍ឲ្យបានច្រើន។
លោកបានបន្តទៀតថា ការជ្រើសរើសខេត្តសៀមរាបជាគោលដៅអេកូទេសចរណ៍របស់កម្ពុជាលើកដំបូង ព្រោះ ខេត្តនេះសម្បូរទៅដោយសម្បតិ្តវប្បធម៌ធម្មជាតិ និងសម្បតិ្តបេតិកភ័ណ្ឌជាតិ ជាពិសេសសម្បូរទៅដោយប្រាសាទបុរាណដែលជាផលិតផលទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា។ ហើយលោកនឹងបន្តបង្កើនទៅតាមបណ្តាខេត្តផ្សេងៗជាបន្តបន្ទាប់ ជាពិសេសខេត្តនៅភាគឥសាន៕