អន្តរជាតិ
លោក Duterte អាច​លើក​រឿង​សមុទ្រ​ចិន​ខាងត្បូង​មក​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​
10, Dec 2016 , 12:01 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុ​ជានា​សប្ដាហ៍​ក្រោយនេះ​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា​។ លោក Duterte ក៏​គ្រោង​ជួបពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លើ​របៀបវារៈ​មួយចំនួន​ផងដែរ​។ ក្នុងនោះ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​មិនទាន់​រក​ច្រកចេញ​ឃើញ ក៏​ទំនងជា​ប្រធានបទ​សំខាន់​នៃ​ជំនួប​នេះដែរ​។​



អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វីលីពីន​នៅ​ថ្ងៃទី​៩ ខែធ្នូ បាន​និយាយថា លោក​ប្រធានាធិបតី Rodrigo Duterte ប្រហែលជា​ពិភាក្សា​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន អំឡុង​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​។ លោក Duterte នឹង​ចាប់ផ្ដើម​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៤ ខែធ្នូ ដោយ​នឹងមាន​របៀប​សំខាន់ៗ​ជាច្រើន រួមទាំង​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ផងដែរ​។   
 
​លោក Charles Jose ដែលជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វីលីពីន​និយាយទៀតថា មេដឹកនាំ​ប្រទេស​ទាំងពីរ នឹង​ជជែក​គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ផ្នែក​នៃ​ប្រធានបទ​សន្តិសុខ​និង​ការ​ការពារជាតិ​នៅក្នុង​តំបន់​។ លោក​បន្តថា ប្រធានាធិបតី Duterte ក៏​នឹង​លើកឡើង​ពី​ការប្ដេជ្ញាចិត្ត​របស់​ហ្វីលីពីន ក្នុងការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី​ផងដែរ​។ 
 
«​ខ្ញុំ​គិតថា លោក​ប្រធានាធិបតី នឹង​បញ្ជាក់​ម្ដងទៀត​ពី​ជំហរ​របស់​ហ្វីលីពីន​លើ​ដំណោះស្រាយ​សន្តិវិធី​នៃ​ជម្លោះ ក៏ដូចជា​ការដោះស្រាយ​ស្របតាម​នី​តី​រដ្ឋ​ទៀតផង​។​» នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ខាងលើ នាឱកាស​សន្និសីទកាសែត​ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Inquirer.Net ។ អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា ជំនួប​ទ្វេភាគី​នេះ ក៏​នឹង​ផ្ដោតលើ​បញ្ហា​ផ្សេងទៀត​ដូចជា ពាណិជ្ជកម្ម​ទ្វេភាគី ការការពារ​ពលកម្ម​ទាំងពីរ​ប្រទេស ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​និង​វប្បធម៌​ជាដើម​។​
 
​ប្រភពព័ត៌មាន​ដដែល​ផ្ស​យ​ថា ទាក់ទិន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដំណោះស្រាយ​ជាក់លាក់​ណាមួយ នៅ​មិនទាន់​រកឃើញ​នៅឡើយ ដោយសារ​ការខ្វែងគំនិត​គ្នា​ក្នុងចំណោម​សមាជិក​អាស៊ាន​។ កម្ពុជា ដែល​គេ​មើលឃើញ​ជា​មិត្ត​ជិតស្និទ្ធ​របស់​អាស៊ាន តែងតែ​ត្រូវបាន​សមាជិក​ដទៃ​ចោទប្រកាន់ថា បាន​រារាំង​ការរួម​មតិ​ឯកច្ឆន្ទ​របស់​អាស៊ាន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​
 
​យ៉ាងណាក្ដី លោក Charles Jose ក៏បាន​និយាយ​ដែរ​ថា ហ្វីលីពីន និង​កម្ពុជា បានធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​ក្រោម​ក្របខណ្ឌ​អាស៊ាន ក្នុងការ​ដោះស្រាយ​ជម្លោះ​នេះ​។ ហើយ​រដ្ឋបាល​លោក Duterte ក៏​សប្បាយចិត្ត ជាមួយនឹង​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់​របស់​អាស៊ាន ដែល​បានបញ្ជាក់​ពី​ការ​ជំហរ​របស់​សមាជិក​លើ​ការដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ដោយ​សន្តិភាព​៕

Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com