កីឡាអន្តរជាតិ
អន្តរជាតិ
Cristiano Ronaldo ប្រជែងឈ្នះ Messi លើកពាន Ballon d’Or លើកទី៤
× កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានយកឈ្នះគូប្រជែង Lionel Messi ដើម្បីលើកពាន Ballon d’Or ជាលើកទីបួន កាលពីរាត្រីថ្ងៃទី ១២ ខែធ្នូ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។
ខ្សែប្រយុទ្ធឆ្នើម សញ្ជាតិព័រទុយហ្គាល់ វ័យ៣១ឆ្នាំរូបនេះ បាននាំមុនសំឡេងគាំទ្រលើដៃគូប្រជែងដ៏សំខាន់ Messi ដែលគ្រងពាននេះ ៥ ដង និងតាមពីក្រោយដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann បានត្រឹមលេខ ៣ ពីការបោះឆ្នោតចុងក្រោយពីសំណាក់អ្នកសារព័ត៌មានទាំង១៧៣រូប នៅទូទាំងពិភពលោក។
Ronaldo បានជួយឲ្យ Real Madrid ឈ្នះពានកំពូលប្រចាំទ្វីបអឺរ៉ុប Champions League កាលពីរដូវកាលមុន និងជួយក្រុមជម្រើសជាតិព័រទុយហ្គាល់លើកពាន Euro ២០១៦ ផងដែរ។
យ៉ាងណាក៏ដោយ Ronaldo នៅខ្វះតែម្តងទៀតប៉ុណ្ណោះ នឹងអាចតាមទាន់កំណត់ត្រារបស់កំពូលខ្សែប្រយុទ្ធ Lionel Messi ដែលគ្រងជើងឯក Ballon d’Or នេះដល់ទៅប្រាំដង។
អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United រូបនេះ មិនធ្លាប់រំពឹងថា ខ្លួននឹងឈ្នះពាននេះជាលើកទី ៤ ឡើយ។ «ខ្ញុំមិនធ្លាប់គិតក្នុងចិត្តថា អាចឈ្នះពានបាល់មាសនេះជាលើកទីបួនទេ។ ខ្ញុំពិតជារីករាយ និងមានអារម្មណ៍ថាមានមោទនភាពខ្លាំណាស់»។ Ronado និយាយដូច្នេះហើយ ក៏បន្ថែមយ៉ាងនេះទៀតថា៖« ខ្ញុំមានឱកាសដើម្បីអរគុណដល់មិត្តរួមក្រុមទាំងអស់ក៏ដូចជាក្រុមជម្រើសជាតិ និងក្លិប Real Madrid ដែលបានជួយខ្ញុំដើម្បីឈ្នះពានរង្វាន់ឯកត្តជនមួយនេះ»។
CR7 ឈ្នះពាន Ballon d’Or លើកដំបូងនៅឆ្នាំ២០០៨ និងបន្តបន្ទាប់ក្នុងឆ្នាំ ២០១៣, ២០១៤ និងចុងក្រោយឆ្នាំ២០១៦នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com