សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន ទុក​រឿង​សមុទ្រ​ចិន​ខាងត្បូង​មួយ​ឡែក​សិន ហើយ​ងាក​មក​ចាប់ដៃ​ចិន​ធ្វើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​
17, Dec 2016 , 11:51 am        
រូបភាព
ដោយ:
​ក្រោយ​រដ្ឋបាល​ថ្មី​ហ្វីលីពីន​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ កាន់អំណាច ការប្រឈមមុខគ្នា​រវាង​ចិន និង​ហ្វីលីពីន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បាន​ស្ងប់ស្ងាត់ និង​មិនសូវ​ឡើងក​ម្តៅ​។ នេះ ក៏​មិនមែនជា​រឿង​ចែដ​ន្យ​ដែរ​។ តាម​ការបញ្ជាក់​របស់​ប្រមុខ​ការទូត​ហ្វីលីពីន ក្រុង​ម៉ានីល ចង់ទុក​រឿង​សមុទ្រ​ចិន​ខាងត្បូង​មួយ​ឡែក​សិន  ហើយ ងាក​ផ្តោតលើ​ការអភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​មហា​យក្ស​ចិន​លើ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​កិច្ចការ​នយោបាយ​ដើម្បី​កសាង​ទំនុកចិត្ត​គ្នា​ជាមុនសិន​។​



«​មធ្យោបាយ​តែមួយគត់​សម្រាប់​ដំណើរ​ឆ្ពោះទៅមុខ គឺ ត្រូវ​ពង្រឹង​វិស័យ​ផ្សេងៗ​ទៀត​នៃ​ទំនាក់ទំនង​របស់​យើង​(​ហ្វីលីពីន និង​ចិន​) និង​ត្រូវ​ធានា​ឲ្យ​បាន​ថា​ក្នុង​ដំណើរការ​នោះ អ្នក​អាច​បន្ត​ការកសាង​ទំនុកចិត្ត ដែល​នឹង​អាចជួយ​បើកផ្លូវ​ឲ្យ​អ្នកដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​បាន​នៅ​ថ្ងៃ​អនាគត​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​រដ្ឋមន្ត្រីការបរទេស Perfecto Yasay ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន Channel News Asia ពាក់ព័ន្ធ​នឹង​ការវិវត្ត​ចុងក្រោយ​នៃ​ទំនាក់ទំនង​ហ្វីលីពីន និង​ចិន​។

​ក្នុង​កិច្ចសម្ភាសន៍​ដដែល​នោះ លោក​ប្រមុខ​ការទូត​រូបនេះ បាន​បញ្ជាក់ដែរថា ការចរចា​ទ្វេភាគី​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង នឹង​បន្ត​នៅពេលដែល ក្រុង​ប៉េកាំង អាច​ទទួលយក​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​របស់​តុលាការអន្តរជាតិ​ក្រុង​ឡេ​នោះ​។ ជាមួយនឹង​ការអះអាង​ពី​ការមិន​បោះបង់​ការចរចា​នោះ លោក Yasay ក៏បាន​លើកឡើង​ដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មិន​កំណត់​ទំនាក់ទំនង​ទាំងស្រុង​រវាង​ហ្វីលីពីន និង​ចិន​ឡើយ​។

​លោក​ប្រមុខ​ការទូត ថែមទាំង​លើក​ជា​សំណួរ​ថា​៖«​អ្នកនឹង​ធ្វើ​បែបណា​(​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​)? គួរតែ​ប្រឈម​នឹង​ការធ្វើ​សង្គ្រាម​ជាមួយ​ចិន ដែល​ដឹងថា​លទ្ធផល​គ្មាន​អ្នក​ណាមួយ​ឈ្នះ​ឬ​? គ្មាន​នរណា​ចង់បាន​សង្គ្រាម​ឡើយ​»​។

​សូម​ជម្រាប​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​ដែល​រដ្ឋ​ពាក់ព័ន្ធ​ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ ហ្វីលីពីន និង​វៀតណាម ត្រូវបាន​មើលឃើញថា ជា​ដៃគូ​ប្រជែង​របស់​ចិន​ដ៏​មាន​សក្តានុពល​។ ជាពិសេស​នោះ ក្នុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ហ្វីលីពីន ប្រឈម​ជាមួយនឹង​ចិន​ទាំង​ផ្នែក​ច្បាប់ ការទូត និង​យោធា​។

​នៅ​ថ្ងៃទី​១២ ខែកក្កដា​កន្លងទៅ តុលាការ​មជ្ឈការ​អចិន្ត្រៃយ៍​ក្រុងឡាអេ បានចេញ​សាលដីកា​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​របស់​ហ្វីលីពីន​ដែល​ប្តឹង​ដោយ​រដ្ឋបាល​អតីត​ប្រ​ធានា​ធីប​តី​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ដោយបាន​កាត់ក្តី​ថា ចិន បាន​បំពាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ការទាមទារ​របស់​ចិន​ក៏​គ្មាន​មូលដ្ឋាន​អ្វី​ដែរ​។ ហើយ​សាលក្រម​នេះ ប្រាកដ​ណាស់ ថា ចិន មិន​ទទួលស្គាល់​ឡើយ ដ្បិត បើ​អនុវត្តតាម​សាលក្រម​នោះ ចិន នឹងត្រូវ​ខាតបង់ ហើយ​ចិន ក៏​តែងតែ​បដិសេធ​បណ្តឹង​នោះ​តាំងពី​ការចាប់ផ្តើម​នីតិ​វ​ធី​នេះ​មកម្ល៉េះ​៕


Tag:
 ហ្វីលីពីន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com