ជាតិ
ព្រំដែន
នាយករដ្ឋមន្ត្រី​កម្ពុជា វៀតណាម ប្តេជ្ញា​រក​ដំណោះស្រាយ​ស្ថាពរ​លើ​បញ្ហា​បន្ទាត់​ព្រំដែន​ដែល​នៅ​សេសសល់
20, Dec 2016 , 11:08 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុន សែន
រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុន សែន
នាយករដ្ឋមន្ត្រី​កម្ពុជា-វៀតណាម​បាន​ប្តេជ្ញា​រួមគ្នា ថា​នឹង​ស្វែងរក​ដំណោះស្រាយ​ជា​ស្ថាពរ​នូវ​កំណាត់​ខ្សែ​ព្រំដែន​ដែល​នៅ​សេសសល់។ ការងារ​កំណត់​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង២ សម្រេចបាន​ជាង៨៣ភាគរយ​ហើយ។



ក្នុងជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា-វៀតណាម នៅ​ថ្ងៃទី២០ ធ្នូ ភាគី​ទាំង​ពីរបាន​ប្តេជ្ញា​រួមគ្នា​ថា នឹង​ស្វែងរក​ដំណោះស្រាយ​ជា​ស្ថាពរ ចំពោះ​កំណាត់​ខ្សែ​ព្រំដែន​ដែល​នៅ​សេសសល់។ ការងារ​កំណត់​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង២ ដែល​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក សម្រេចបាន​ជាង៨៣ភាគរយ​ហើយ។ នេះ​បើតាម​ការផ្សាយ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស។

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បាន​សរសេ​រ​ដូច្នេះ​ថា៖« ជាមួយនឹង​សមិទ្ធផល​ដែល​សម្រេចបាន ភាគី​ទាំង​ពីរបាន​ប្តេជ្ញា​ថា នឹង​ស្វែងរក​ដំណោះស្រាយ​ជា​ស្ថាពរ​នូវ​កំណាត់​ខ្សែ​ព្រំដែន​ដែល​នៅ​សេសសល់ ដើម្បី​បញ្ចប់​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន ដើម្បី​កសាង​បន្ទាប់​ព្រំដែន​នៃ​សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព»។

ក្នុងជំនួប​នេះ មេដឹកនាំ​ទាំង២ ក៏បាន​គូសបញ្ជាក់​ជាថ្មី​អំពី​ការ​ការគោរព និង​ការអនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​សន្ធិសញ្ញា​កំណត់ព្រំដែន និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ដទៃទៀត​រវាង​រដ្ឋ​ទាំង២ ។ នេះ​បើតាម​ប្រភព​ដដែល។

សូមបញ្ជាក់ថា សម​ភាគី​ទាំង២ ក៏​ធ្លាប់​ជួបពិភាក្សា​ពី​ទាក់ទង​នឹង​ការងារ​បោះបង្គោល​បញ្ហា​ព្រំដែន​នេះដែរ​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​ខេត្តសៀមរាប ក្នុងឱកាស​នៃ​កិច្ចប្រជុំ​CLVលើក​ទី៩ ។ ពេលនោះ​សម្ដេច ហ៊ុន សែន បាន​បង្គាប់​ឲ្យ​លោក ឡុង វី​សា​ឡូ រដ្ឋលេខាធិការ​ក្រសួង ការបរទេស​កម្ពុជា ព្រាង​ឯកសារ​ច្បាប់​ជាមួយ​ភាគី​វៀតណាម ដើម្បី​រៀបចំ​លិខិតស្នាម​ផ្លូវការ​ស្នើ​ទៅ​បារាំង ផ្តល់ជំនួយ​បច្ចេកទេស​មកជួយ​រៀបចំ​ផែនទី​ផ្ទេរ​ពី​ខ្នាត១លើ១០០ពាន់ មក​ខ្នាត១លើ៥០ពាន់​វិញ។ ប៉ុន្តែ​សម្តេចនាយក​រដ្ឋមន្ត្រី​មិនបាន​បញ្ជាក់​ហេតុផល​នៅ​ពីក្រោយ​គោលបំណង​បំ​លែង​ផែនទី​ពី​ខ្នាត១លើ១០០ពាន់ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ទៅប្រើ​ខ្នាត១លើ ៥០ពាន់​វិញ ទេ។ បំណង​បំ​លែង​ខ្នាត​ផែនទី​នេះ ក៏​ទទួល​បានការ​សាទរ​ពី ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ដោយសារ​ក្តីក្តាំ​មួយចំនួន រួម​នឹង​រឿង​ព្រំដែន​នេះដែរ។

ព្រោះតែ​បញ្ហា​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម​នេះដែរ សមាជិក​ព្រឹទ្ធសភា​បក្ស​សម រង្ស៊ី លោក ហុង សុខ​ហ៊ួ​រ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ៧ឆ្នាំ
ពីបទ «ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ» ។

ក្រៅពី​បញ្ហា​ព្រំដែន ភាគី​ទាំងពី​ក៏​ពិភាក្សាគ្នា​ពី​ការទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ធ្វើជា​សាក្សី​ក្នុង​ពិធី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការសំខាន់ៗចំនួន៣ រួមមាន៖ ទី១ សន្ធិសញ្ញា​ស្តីពី​ជំនួយ​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ។ ទី២ សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត ចុះហត្ថលេខា​រវាង​លោក អង្គ​វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌  និង​លោក ឡេ មិញ​ជី អគ្គ​រដ្ឋអាជ្ញា​ប្រជាជន​កំពូល​វៀតណាម និង​ទី៣ កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ធម្មការ និង​សាសនា ប្រទេស​កម្ពុជា និង​គណៈកម្មាធិការ​ជនជាតិ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចុះហត្ថលេខា​រវាង​លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក ជុង វ៉ាន់​ចៀន រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជនជាតិ​វៀតណាម៕



Tag:
 ព្រំដែន
 ហ៊ុន សែន
 ង្វៀន សួន​ហ្វ៊ុ​ក
 សម រង្សី
 ផែនទី
© រក្សាសិទ្ធិដោយ thmeythmey.com