ជាតិ
មរណភាព​ព្រឹទ្ធាចារ្យ ឆេង ផុន គឺជា​ការបាត់បង់ «​មត៌ក​មនុ​ស្សរស់​» ដ៏​មហិមា​
24, Dec 2016 , 5:25 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជា​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌ និង​វិបស្សនា បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៦​ឆ្នាំ ដោយ​ជរាពាធ នៅ​គេហដ្ឋាន​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២២ ខែធ្នូ នា​វេលា​ម៉ោង​១៣ និង​១៣​នាទី​។ ការបាត់បង់ សមាសភាព​មត៌ក​មនុ​ស្សរស់​ក្រោម​គោ​រម្យ​ងារ ទេព​បញ្ញា​កោសល្យ​វិជ្ជា ឆេង ផុន រូបនេះ បានធ្វើ​ឲ្យ​ឥស្សរជន​កំពូលៗ​របស់​កម្ពុជា​មានការ​សោកស្តាយ​យ៉ាងខ្លាំង​។​


​តាមរយៈ​ព្រះរាជក្រឹត្យ​មួយ​ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​សព្វ​ព្រះរាជ​ហ​ប្ញ​ទ័យ​ប្រោស​ប្រទាន ជា​កិ​ច្ចប​ច្ឆា​មរណៈ​នូវ​គ្រឿង​ឥស្សរិយយស «​ជា​តូប​ការ​» ចំពោះ​សព​ព្រឹទ្ធាចារ្យ ទេព​បញ្ញា​កោសល្យ​វិជ្ជា ឆេង ផុន ដែល​បាន​ខិតខំ​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ អស់ពី​កម្លាំងកាយ​-​ចិត្ត​។​


​ក្នុង​ព្រះរាជសារ​ផ្ញើ​ទៅកាន់​លោកស្រី ភឿង ស​កុ​ណា ព្រះករុណា​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​ថា​៖ «​មរណភាព​របស់​ឯក​ឧ​ត្ត​ម ទេព​បញ្ញា​កោសល្យ​វិជ្ជា ឆេង ផុន គឺជា​ការបាត់បង់​កុលបុត្រ​ដ៏​ឆ្នើម​នៃ​ប្រទេសជាតិ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​បំផុត​ក្នុង​បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ​»​។​



​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើង​ក្នុង​លិខិត​រំលែក​ទុក្ខ​ថា​៖ «​ការទទួល​មរណភាព​របស់​ព្រឹទ្ធាចារ្យ ឆេង ផុន គឺជា​ការបាត់បង់​នូវ​ធនធានមនុស្ស​ម្នាក់​របស់​ជាតិ ដែល​កន្លងមក​ធ្លាប់បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងទិសដៅ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ជាតិ​មាតុភូមិ​»​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៖ «​មរណភាព​របស់លោក​ព្រឹទ្ធាចារ្យ​គឺជា​ការបាត់បង់​បិតា ជីតា ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ក៏​ជាការ​បាត់បង់​នូវ​ធនធានមនុស្ស​ដ៏​សំខាន់​ម្នាក់​របស់​ជាតិ ដែល​លោក​ធ្លាប់​ចូលរួមចំណែក​យ៉ាង​ថ្លៃថ្លា​ក្នុង​ការរៀបចំ​ប្រទេសជាតិ តាមរយៈ​ការធ្វើជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​បន្ទាប់​មកជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​»​។​

​លោក ឆេង ផុន កើត​នៅ​១៩៣០ ក្នុង​ខេត្តកំពង់ចាម​។ លោក​ធ្លាប់​ធ្វើជា​គ្រូបង្រៀន​នា​អំឡុង​ឆ្នាំ​១៩៥៥ មុននឹង​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​នា​ឆ្នាំ​១៩៦០ ។ ក្រោយ​បញ្ចប់​ការសិក្សា លោក​បាន​បំពេញការងារ​ជាច្រើន ក្នុងនោះ ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ និង​ជា​ប្រធាន​ផ្នែក​អភិរក្ស​ទស្សនីយភាព​ជា​តិ ជាដើម​។​

​ព្រឹទ្ធាចារ្យ ឆេង ផុន ជា​ធនធាន​ដ៏​សំខាន់​មួយរូប​ដែល​កសាង​ព្រលឹង​វប្បធម៌​ខ្មែរ​ឡើងវិញ ក្រោយ​របប​ខ្មែរក្រហម ជាពិសេស​នា​អំឡុង​ពេលដែល​លោក​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ឃោសនាការ និង​វប្បធម៌ ចន្លោះ​ពី​ឆ្នាំ​១៩៨២ ដល់​ឆ្នាំ​១៩៩០ ។ បន្ទាប់ពី​និវត្តន៍​ពី​កិច្ចការ​នយោបាយ នៅ​ឆ្នាំ​១៩៩២ លោក​បាន​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌ និង​វិបស្សនា ដើម្បី​បណ្តុះបណ្តាល​អប់រំ និង​ផ្តល់​ទស្សនីយភាព​វប្បធម៌​ជាច្រើន​។​

​បន្ថែម​ពីលើ​នេះ លោក​ធ្លាប់​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កាលពី​អំឡុង​ឆ្នាំ​១៩៩៨ ផងដែរ​។ លោក​បាន​បន្សល់​នូវ​ស្នាដៃ​អក្សរ​សិ​ល្បិ៍ និង​សិល្បៈ​អប់រំ​ចិត្ត​ជាច្រើន​សម្រាប់​ខ្មែរ​ទូទៅ ជាពិសេស​យុវជន​។

​កាលពី​ឆ្នាំ​១៩៩៧ លោក​ទទួលបាន​ពានរង្វាន់​ផ្នែក​វប្បធម៌​អាស៊ី​ពី​ប្រទេស​ជប៉ុន «The Fukuoka Prize» ចំពោះ​ស្នាដៃ​ដ៏​ធំធេង​របស់លោក​ក្នុងការ​បំផុសបំផុល​ចលនា​វប្បធម៌​នៅ​អាស៊ី​៕


© រក្សាសិទ្ធិដោយ thmeythmey.com