កីឡាអន្តរជាតិ
អន្តរជាតិ
អតីតមន្ត្រី​ការទូត​កូរ៉េខាងជើង​៖ ព្យុងយ៉ាង​នឹង​ចូល​តុ​ចរចា ពេល​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ​
24, Dec 2016 , 11:19 pm        
រូបភាព
អតីតមន្ត្រី​ការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង Thae Yong-ho ដែល​រត់​ចុះចូល​កូរ៉េខាងត្បូង បាន​ចេញមក​ទម្លាយ​ព័ត៌មាន​ថា ក្រុង​ព្យុងយ៉ាង កំពុង​រៀបចំ​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​នៅ​ឆ្នាំក្រោយ ទោះជា​ត្រូវបាន​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​ធ្ងន់ៗ​ក៏ដោយ​។ លោក Thae Yong-ho អះអាង​ដែរ​ថា កូរ៉េខាងជើង ចង់បាន​តំណែង​ជា​មហាអំណាច​នុយក្លេអ៊ែរ​សិន មុននឹង​វិល​ចូល​តុ​ចរចា​វិញ​។​


​លោក Thae Yong-ho អតីតមន្ត្រី​ការទូត​លំ​ដាប់​ទី​២ នៃ​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ក្រុង​ឡុង​ដ៍ បាន​និយាយថា ក្រសួងការបរទេស​កូរ៉េខាងជើង បាន​ផ្ញើ​ឯកសារ​ទៅកាន់​ស្ថាន​បេសកកម្ម​របស់ខ្លួន​នៅ​បរទេស ដោយ​ប្រាប់ថា នឹងមាន​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី​៦ នៅ​ឆ្នាំ​២០១៧ ។ បើ​ដូច្នេះ​មែន នេះ​ជា​សញ្ញា​បង្ហាញ​ពី​ជំហរ​មិន​ងាករេ​របស់​កូរ៉េខាងជើង​ក្នុងការ​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​អតីតមន្ត្រី​ការទូត​រូបនេះ បាន​ប្រាប់​សមាជិកសភា​កូរ៉េខាងត្បូង​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ថា ឯកសារ​នោះ​ស្នើ​ឲ្យ​មានការ​ប្រុងប្រៀប​ទុក​មុន ព្រោះ​កូរ៉េខាងជើង​ស្វែងរក​ពេលវេលា​ដើម្បី​សាកល្បង​នុយក្លេអ៊ែរ អំឡុងពេល​កូរ៉េខាងត្បូង​បោះឆ្នោត​ប្រធានាធិបតី​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Yonhap ដែល​បន្តថា នេះ​ជាការ​ចេញមុខ​លើកដំបូង​របស់លោក Thae Yong-ho ចាប់តាំងពីរ​ត់ម​កកូ​រ៉េ​ខាងត្បូង​ក្នុង​ខែកក្កដា​។​

​លោក Thae Yong-ho ប្រាប់​សមាជិកសភា​កូរ៉េខាងត្បូង​ទៀតថា លោក គីម ជុង​អ៊ុន ចង់​ឲ្យ​កូរ៉េខាងជើង ត្រូវបានគេទទួលស្គាល់​ជា​មហាអំណាច​នុយក្លេអ៊ែរ​ដូច​ប៉ា​គី​ស្ថាន  ឬក៏​ឥណ្ឌា​អ៊ីចឹង​ដែរ​។ លោក​បន្តថា​៖ «​ហើយ​បន្ទាប់ពី​ត្រូវបាន​ទទួលស្គាល់​ហើយ កូរ៉េខាងជើង​នឹង​ដោះស្រាយ​បញ្ហា​ដែល​សេសសល់​ជាមួយ​សហគមន៍​អន្តរជាតិ​»​។​

​ការចរចា​៦​ភាគី គឺជា​យន្តការ​តែមួយគត់​ដែល​ដោះស្រាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង តែ​យន្តការ​នេះ​បាន​ជាប់គាំង​តាំងពី​ឆ្នាំ​២០០៨ មកម្ល៉េះ​។ មកទល់ពេលនេះ គេ​មិនទាន់​ឃើញ​មាន​សញ្ញា​នៃ​ការចាប់ផ្ដើម​ការចរចា​នេះ​ឡើងវិញ​នោះទេ​។ សមាជិក​ទាំង​៦ មាន​ចិន​ដែលជា​ម្ចាស់ផ្ទះ​កិច្ចចរចា កូ​រ៉ែ​ខាងត្បូង ជប៉ុន អាមេរិក និង​រុស្សី ព្រមទាំង​កូរ៉េខាងជើង​ផ្ទាល់​ផងដែរ​។​

​គិត​ត្រឹម​ឆ្នាំ​២០១៦ នេះ ក្រុង​ព្យុងយ៉ាង បាន​សាកល្បង​នុយក្លេអ៊ែរ​ចំនួន​៦​ដង​មកហើយ ដែល​រាល់​លើក​សុទ្ធតែ​ត្រូវបាន​សហគមន៍​អន្តរជាតិ​រិះគន់ និង​ដាក់ទណ្ឌកម្ម​យ៉ាង​ចាស់ដៃ​។ កូរ៉េខាងជើង​បាន​សាកល្បង​នុយក្លេអ៊ែរ​លើកដំបូង​ក្នុង​ឆ្នាំ​២០០៦ បន្ទាប់មក​ក្នុង​ឆ្នាំ​២០០៩, ២០១៣ ហើយ​សាកល្បង​ដល់​ទៅ​ពីរដង​ក្នុង​ឆ្នាំ​២០១៦ នេះ​។ ក្រោយ​ការធ្វើ​តេស្ត​លើកចុងក្រោយ ក្រុមប្រឹក្សាសន្តិសុខ​ក៏​សម្រេច​ដាក់ទណ្ឌកម្ម​ដ៍​ខ្លាំង ដែល​សំដៅ​កាត់ផ្ដាច់​ប្រភព​ហិរញ្ញវត្ថុ​របស់​កូរ៉េខាងជើង​៕     


© រក្សាសិទ្ធិដោយ thmeythmey.com