ជាតិ
ការវែកញែករបស់ព្រឹទ្ធាចារ្យ ឆេង ផុន ទាក់ទងនឹង «គុណកថា»
× សារព័ត៌មានថ្មីៗ សូមចុះផ្សាយទាំងស្រុងនូវប្រសាសន៍របស់ព្រឹទ្ធាចារ្យ ឆេង ផុន នាពិធីបុណ្យខួបទី ៣០ នៃការចូលទិវង្គតរបស់ សម្ដេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ដោយឯកសារនេះ ត្រូវបានចុះផ្សាយផងដែរនៅក្នុងទស្សនាវដ្តីកម្ពុជាសូរិយា របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០០០ ។
សូមអាន និងធ្វើការស្វែងយល់ដូចខាងក្រោម៖
ប្រជាជនខ្មែរគ្រប់រូបតែងចាត់ទុកថា សម្ដេចព្រះសង្ឃរាជ ជួន ណាត គឺជាវរជនអក្សរសាស្ត្រខ្មែរ ។ ហើយព្រះអង្គគឺជាតំណាងដ៏ខ្ពង់ខ្ពស់លើវិស័យវប្បធម៌អក្សរសាស្ត្រខ្មែរ ។ ព្រះអង្គបានរៀបចំជាក្បួនខ្នាតអក្ខរក្រមភាសាខ្មែរ ព្រមទាំងបានបន្សល់ទុកនូវស្នាដៃដ៏ធំធេងសម្រាប់កូនខ្មែរជំនាន់ក្រោយ យកជាមូលដ្ឋានសិក្សាជ្រាវជ្រាវ ។ យើងអាចសន្មត់ស្នាដៃដ៏ថ្លៃថ្លារបស់ព្រះអង្គនេះថាជា « គុណ » ដ៏លើសលប់មកលើកូនខ្មែរម្នាក់ៗនៃយើងគ្រប់ៗរូប ។
ក្នុងន័យដូចខាងលើនេះ ខ្ញុំសូមអនុញ្ញាតរៀបរាប់ត្រួសៗអំពីអត្ថន័យរបស់គុណ ។ តើអ្វីទៅដែលហៅថា « គុណ » នោះ ?
គុណស្គាល់គុណ ដឹងគុណ សងគុណ និង រមិលគុណ ។ អ្នកមានគុណទាំងឡាយតែងតែស្រឡាញ់គុណ ខំសងគុណសន្សំគុណឲ្យបានច្រើន ទុកចែកគេឯងគ្រប់ៗគ្នា ។ ព្រះរាជាមានគុណ អ្នកដឹកនាំមានគុណ តែងតែផ្ដល់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ដល់អ្នកក្រោម ។ អ្នក « មេ » មានគុណ ម្ដាយឪពុកមានគុណតែងផ្ដល់សេចក្ដីសុខសាន្ត ដល់កូនចៅក្នុងគ្រួសារ ។
ព្រះសង្ឃឧបជ្ឈាយ៍ លោកគ្រូ អ្នកគ្រូ មានគុណ ព្រោះបានផ្ដល់ចំណេះវិជ្ជា ផ្ដល់បញ្ញា ផ្ដល់សេចក្ដីសុខស្ងប់ មិនរើសមុខ មិនរើសឋានៈ មិនរើសវណ្ណៈដល់មនុស្សសត្វគ្រប់ៗរូប ។ អ្នកមានគុណតែងមានចិត្តគិតគេ ចិត្តត្រេកអរតាម ចិត្តជួយជ្រោមអ្នកដទៃ មិនបំភ្លេច មិនបំផ្លាញ មិនមួលបង្កាច់គុណអ្នកដទៃ ។
គុណជាអំពើល្អ អំពើល្អរបស់មេ របស់គ្រូ របស់ឪពុកម្ដាយ ជាគំរូដ៏ល្អដល់អ្នកក្រោម ដល់អ្នកក្រោយធ្វើតាមទម្លាប់ល្អរបស់ជំនាន់ ទម្លាប់មានមារយាទ មានគំនិតថែរក្សាគុណ ថែរក្សាមរត៌ក ថែរក្សាកេរ្តិ៍ មិនឲ្យក្លាយទៅជាជនឥតពូជ ព្រោះតែខ្វះគុណ ។
សងគុណ និងតបស្នងសងគុណ គឺសងអំពើល្អ សងអំពើរបស់មេ គំនិតល្អ របស់គ្រូ ចិត្តល្អរបស់ឪពុកម្ដាយ សងនៅពេលដែលខ្លួនមានគុណហើយ ត្រូវសងគុណចាស់ និងបុលគុណថ្មី ។
សុភមង្គលរបស់មនុស្សស្ថិតនៅត្រង់ស្គាល់គុណគ្នា និងចេះសងគុណគ្នាទៅវិញទៅមក ។ ជនរមិលគុណ គឺជនបំភ្លេចគុណ មូលបង្កាច់អំពើល្អរបស់អ្នកដទៃ មួយបដិសេធមួយ តៗគ្នាទៅ សង្គមពោរពេញទៅដោយអំពើអាក្រក់ព្រោះតែខ្វះគុណ៕
© រក្សាសិទ្ធិដោយ thmeythmey.com