ជាតិ
តុលាការ​ផ្តន្ទាទោស​ឯក​ឧ​ត្ត​ម សម រង្ស៊ី និង​ជំនួយការ​ពីរ​នាក់​ជាប់ពន្ធនាគារ​៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​ឯកសារ​ព្រំដែន​
27, Dec 2016 , 11:52 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ តុលាការ​ដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​​ឯក​ឧ​ត្ត​ម សម រង្ស៊ី និង​ជំនួយការ​ពីរ​នាក់ ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​ឯកសារ​ព្រំដែន ។​


 
​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ បានប្រកាស​សាលក្រម​ដោយ​សម្រេច​ផ្តន្ទាទោស ជនជាប់ចោទ ​ឯក​ឧ​ត្ត​ម សម រង្ស៊ី ដាក់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ឈ្មោះ អ៊ឹង ជុង​លាង ហៅ​ម៉ាប់ និង​ឈ្មោះ សត្យា សម្បត្តិ ដាក់ពន្ធនាគារ ៥​ឆ្នាំ តែ​អនុវត្ត​ទោស ៣​ឆ្នាំ សល់​ពី​នោះ​ត្រូវ​ព្យួរ តាម​មាត្រា ១០៧ ១០៨ ៤២៩ ៤៣០ ៤៩៥ និង​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ​។ តុលាការ​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនជាប់ចោទ​ទាំង​៣​នាក់ ដើម្បី​យកមកអនុវត្ត​ទោស​។ ការប្រកាស​សាលក្រម​នេះ ដោយ​ពុំមាន​វត្តមាន​មេធាវី និង​ជនជាប់ចោទ​ទាំង​៣​រូប​ឡើយ​។​
 
​ឯកឧត្តម សម រង្ស៊ី ដែល​កំពុងតែ​រស់​នៅឯ​បរទេស និង​ជំនួយការ​លោក​ពីររូប​គឺ​លោក អ៊ឹង ជុង​លាង និង សត្យា សម្បត្តិ ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ ក្លែងបន្លំ​ឯក​សារសាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ តុលាការ ពឹង​ផ្អែកលើ​ឯកសារ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងការ​ចោទប្រកាន់​ប​ទ​ល្មើស​ខាងលើ​។ 
 
​ឯកសារ​ទាំងនោះ ត្រូវបាន​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា យកទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម សម រង្ស៊ី​។ ដោយសារតែ​ការ​បង្ហោះ​ឯកសារ​នោះឯង តុលាការ ក៏បាន​កាត់ទោស​លោក ហុង សុខ​ហួរ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ពីបទ «​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​»៕

Tag:
 សម រង្ស៊ី​
  ​ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com