ជាតិ
សុវត្តិភាព ចរាចរណ៍
សាលា​រាជធានី​រើស​នគរបាល​ចរាចរ​ណ៍ ៣០០​នាក់ ទៀត​សម្រាប់​ដោះស្រាយ​ការកកស្ទះ​នៅ​ភ្នំពេញ​
03, Jan 2017 , 12:22 pm        
រូបភាព
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឯកភាព​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រើស​មន្ត្រី នគរបាល​ចរាចរណ៍​ជាប់កិច្ចសន្យា​ជាង ៣០០​នាក់​ទៀត ជា​កម្លាំង​បន្ថែម​សម្រាប់​ដោះស្រាយ ការកកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដែល​កាន់​តែមាន​សភាព​យ៉ាប់យ៉ឺន​ឡើងៗ ។​



​សម្តេច ស ខេង ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផងដែរ​នោះ បានផ្តល់​ការយល់ព្រម​បែបនេះ​ ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​ផ្ទាល់មាត់​របស់លោក​ប៉ា​ សុជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការងារ​អនុវត្ត​ច្បាប់ស្តីពី​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២ ខែមករា​​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជម្រាប​​​សម្តេច ស ខេង និង​មន្ត្រី​ចូលរួម​ក្នុង​ពិធី​នោះ​ថា ​បច្ចុប្បន្ន​មន្ត្រីនគរបាល​ចរាចរ​ណ៍​ចាស់​មាន​ចំនួន​ជាង ៤០០​នាក់​ប៉ុណ្ណោះ ដែល​ប្រចាំ​បញ្ជា​ចរាចរណ៍ ហើយ​ចំនួន​នេះ​ពុំ​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរណ៍ ​តាម​គោលដៅ​កកស្ទះ​ខ្លាំង​ចំនួន ១៨២​គោលដៅ នៅ​រាជធានី​ភ្នំពេញ​ឡើយ​។​

​លោក​និយាយថា​ ការកកស្ទះ​នឹង​កើតឡើង​ដោយសារ​ការខ្វះ​កម្លាំង​នគរបាល​ចរាចរណ៍ ឬ​កងរាជអាវុធហត្ថ ហើយ​ក្នុងចំណោម​នោះ​ មន្ត្រី​ច្រើន​នាក់​មាន​វ័យ​ចំណាស់​ដែល​ទៅ​ជួយ​បញ្ជា​ចរាចរណ៍​ម្តងៗ​ បានត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​តាម​គោលដៅ​នីមួយៗ។​

​ជាការ​ឆ្លើយតប ​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង និយាយថា​ការបង្កើន​ចំនួន​មន្ត្រីនគរបាល​ចរាចរ​ណ៍ ​ក្នុង​ក្របខ័ណ្ឌ​ជាប់កិច្ចសន្យា​ អាចជួយ​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​ផង​។​

​យោងតាម ​លោក ប៉ា ​សុជាតិ​វង្ស​ បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​រថយន្ត​ចំនួន​ជាង ៤០​ម៉ឺន និង​ម៉ូតូ ១​លាន ៤​សែន​គ្រឿង និង​ប្រជាពលរដ្ឋ​រស់នៅ​ជិត ៣​លាន​នាក់​៕


Tag:
 ស ខេង​
  ប៉ា​សុជាតិ​វង្ស​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com