ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឧទ្ធរណ៍ ពន្យារពេល​ជំនុំជម្រះ​សំណុំរឿង​លោក ហុង សុខ​ហួរ ព្រោះ​គ្មាន​មេធាវី​
05, Jan 2017 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាលាឧទ្ធរណ៍ បាន​លើក​ពេល​នៃ​ការបើក​សវនាការ​សំណុំរឿង​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា ពី​គណបក្ស​សម រង្ស៊ី ទៅ​ខែកុម្ភៈ ឆ្នាំ​២០១៧ ។ ការពន្យារ​ពេលនេះ គឺ​ដោយសារតែ​ក្រុម​មេធាវី​របស់លោក ហុង សុខ​ហួរ អវត្តមាន​ក្នុង​បន្ទប់​សវនាការ​។



​បើតាម​សំណើ​របស់​ក្រុម​មេធាវី សាលាឧទ្ធរណ៍ ត្រូវ​បើកសវនាការ ជំនុំជម្រះ​សំណុំរឿង​របស់លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា ពី​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃទី​៥ មករា​នេះ​។ ក្រុម​មេធាវី សុំ​ឲ្យ​សាលាឧទ្ធរណ៍ បើកសវនាការ ដើម្បី​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់ទោស​លោក ហុង សុខ​ហួរ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ឯកសារ​ស្តីពី ព្រំដែន​កម្ពុជា​-​វៀតណាម​។

​ប៉ុន្តែ ក្រុម​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​លោក ហុង សុខ​ហួរ បែរជា​មិន​ចូលរួម​សវនាការ​នៅថ្ងៃនេះ ទៅវិញ​។ មេធាវី ប្រាប់​មូលហេតុ​ថា ការសម្រេច​មិន​ចូលរួម​សវនាការ គឺ​ដោយសារតែ​សាលាឧទ្ធរណ៍ មិនបាន​ធ្វើតាម​សំណើ​មួយចំនួន ដែល​ពួកគេ​បានស្នើ​សុំ​។

​ដោយសារតែ​អវត្តមាន​របស់​ក្រុម​មេធាវី​នេះហើយ ទើប​សាលា​ឧ​ទ្ធ​រ​រណ៍ ប្រកាស​លើក​ពេល​នៃ​ការបើក​សវនាការ ទៅ​ខែកុម្ភៈ ឆ្នាំ​២០១៧ ។  យ៉ាងណា សាលាឧទ្ធរណ៍ មិនទាន់​បានកំណត់​កាលបរិច្ឆេទ នៃ​ការបើក​សវនាការ​សាជាថ្មី​នេះ ឲ្យ​បានជា​ក់លាក់​នោះទេ​។

​លោក សំ សុ​គង់ ដែលជា​មេធាវី​១​រូប​របស់លោក ហុង សុខ​ហួរ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុម​មេធាវី បានដាក់​សំណើ​ទៅកាន់​សាលា​ឧ​ទ្ធ​ណ៍ ដើម្បី​ស្នើសុំ​អ្នកជំនាញ​ខាង​ព្រំដែន​កម្ពុជា​-​វៀតណាម​ឲ្យ​ចូលរួម​ក្នុង​សវនាការ​នោះ​។ លោក បន្ថែមថា ការស្នើសុំ​បែបនេះ ដោយសារតែ​សំណុំរឿង​លោក ហុង សុខ​ហួរ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន រវាង​កម្ពុជា និង​វៀតណាម​។

​ជាងនេះទៀត ក្រុម​មេធាវី ក៏បាន​ស្នើ​ឲ្យ​សាលាឧទ្ធរណ៍​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត នៅក្នុង​បន្ទប់​សវនាការ​ផងដែរ ដើម្បី​ឲ្យ​ភាគី​ជនជាប់ចោទ បានបង្ហាញ​អង្គជំនុំជម្រះ ពី​របៀប​នៃ​ការ​ទាញ​ឯកសារ​ចេញពី​ប្រព័ន្ធ​អ៊ីនធឺណិត​។ បើតាម​ការបកស្រាយរ​បស់​មេធាវី សំណុំរឿង​របស់លោក ហុង សុខ​ហួរ កើតចេញពី​ការទាញយក​ឯកសារ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​យកទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដូច្នេះ វា ជា​កត្តា​សំខាន់ ដែល​សាលាឧទ្ធរណ៍ គប្បី​ឲ្យ​លោក ហុង សុខ​ហួរ បង្ហាញ​ពី​របៀប​នៃ​ការ​ទាញ​ឯកសារ​ទាំងនោះ ពី​ប្រព័ន្ធ​អ៊ីនធឺណិត

​លោក សំ សុ​គង់ សោកស្តាយ ដែល​សាលាឧទ្ធរណ៍ ច្រានចោល​សំណើ​ខាងលើ​។ លោក​មេធាវី​រូបនេះ លើកឡើង​ទៀតថា ក្រុម​មេធាវី អាច​នឹងមិន​ចូលរួម​សវនាការ​នៅលើ​ក​ក្រោយ​ទៀត ប្រសិនបើ​សាលាឧទ្ធរណ៍ នៅតែ​មិន​ធ្វើតាម​សំណើ​របស់​ពួកគេ​។ លោក បញ្ជាក់​ដូច្នេះ​ថា​ថា​៖«​វា​អត់​មាន​ភស្តុតាង​អ្វីដែល​ថ្មី​ទេ បើ​សាលាឧទ្ធរណ៍ មិន​ឲ្យ​មាន​អ្នកជំនាញ​ខាង​ព្រំដែន ចូលរួម​សវនាការ ហើយ​មិន​ឲ្យ​ភ្ជាប់​អ៊ីនធឺណិត​នោះ​។ បើ​សាលាឧទ្ធរណ៍​មិន​ធ្វើតាម​សំណើ​ទេ ពួក​ខ្ញុំ នឹងមិន​ចូល​ទេ ព្រោះ​បើ​ជម្រះ​ទៅ វា​ដូចនឹង​សាលាដំបូង​ដដែល​ហ្នឹង​»​។

​សូម​រម្លឹកថា លោក ហុង សុខ​ហួរ ត្រូវបាន​ឃុំខ្លួន តាំងពី​ខែសីហា ឆ្នាំ​២០១៥ មកម្ល៉េះ បន្ទាប់ពី​លោក បង្ហោះ​ឯកសារ ដែល​ពាក់​ធ​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម សម រង្ស៊ី​។ ដោ​សារ​តែ​ការ​បង្ហោះ​ឯកសារ​នោះឯង តុលាការ ក៏​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ក្រោម​បទ​ចោទ «​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​»​។

​ម្យ៉ាងទៀត ពី​ព្រោះតែ​សំណុំរឿង​ដែល​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​នេះឯង ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ជំនួយការ​ពីរ​នាក់​ទៀត  ក៏​ត្រូវបាន​តុលាការ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ក្នុង​ម្នាក់ៗ ផងដែរ កាលពី​ខែធ្នូ ឆ្នាំ​២០១៦ ។ អ្នក​ទាំង​៣​នាក់​នេះ ត្រូវបាន​ចោទ​ពីបទ «​សមគំនិត ក្នុង​អំពើ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​»៕


Tag:
 ហុង សុខ​ហួរ​
  មេធាវី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com