អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អឺរ៉ុប ប្រឈមមុខ​ការបែកបាក់​ដោយសារ​កំណើន​ក្រុម​នយោបាយ​ស្ដាំនិយម​ជ្រុល​
07, Jan 2017 , 7:19 am        
រូបភាព
 
​វិបត្តិ​ជនភៀសខ្លួន​, ការធ្លាក់ចុះ​សេដ្ឋកិច្ច​, ផលប៉ះពាល់​នៃ​សកលភាវូបនីយកម្ម ជា​កម្លាំងចលករ​សំខាន់ នាំ​ឲ្យ​មានការ​កើនឡើង​ក្រុម​ចលនានយោបាយ​ស្ដាំនិយម​នៅ​ប្រទេស​ជាច្រើន​របស់​អឺរ៉ុប​។ ក្រុម​ស្ដាំនិយម​ខ្លះ ប្រឡូក​ក្នុង​នយោបាយ​រាប់សិប​ឆ្នាំ​មកហើយ តែ​ពេលវេលា​មិនសូវ​អំណោយផល និង​ខ្លះទៀត​ទើប​បង្កើត​ថ្មី ជាពិសេស​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច ដ្បិត​រដ្ឋាភិបាល​ប្រ​ទស​អឺរ៉ុប​ខ្លះ នៅ​មិនទាន់​អាច​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​ខ្លូន​នៅឡើយ​។ ការកើនឡើង​ខ្លាំង​នៃ​ក្រុម​ស្ដាំនិយម​នេះ ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ​ចំពោះ​កា​រួបរួមគ្នា​របស់​សហភាព​អឺរ៉ុប ដែល​កំពុង​ប្រេះស្រាំ​ស្រាប់​ហើយ​។​

មានសំឡេង



​រយៈពេល​ចុងក្រោយ​នេះ ក្រុម​អ្នកនយោបាយ​មានគំនិត​ស្ដាំនិយម បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​បណ្ដា​ប្រទេស​សមាជិក​អឺរ៉ុប​។ ពួកគេ​បាន​ឆក់​ឱកាស​នៃ​វិបត្តិ​នយោបាយ​ក្នុងស្រុក លំហូរ​ជនភៀសខ្លួន​ពី​មជ្ឈិមបូព៌ា និង​ការគំរាមកំហែង​លើ​សន្តិសុខ សម្រាប់​ទាក់ទាញ​ប្រជាប្រិយភាព​ក្នុងចំណោម​ប្រជាជន​ដែល​មិន​ពេញ​ចិត្តនឹង​វិធានការ​របស់​រដ្ឋាភិបាល​នៃ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​។ ការចាកចេញ​របស់​អង់គ្លេស រឹតតែ​ធ្វើ​ឲ្យ​ក្រុម​អ្នក​ស្ដាំនិយម​មាន​ទឹកមាត់​លេប​បន្ថែមទៀត​។​
 
​បើ​និយាយ​ពី​អ្នកនយោបាយ​ស្ដាំនិយម​នៅ​អឺរ៉ុប​វិញ​នោះ គេ​ប្រហែល​ស្គាល់​ច្បាស់​លោកស្រី Marine Le Pen នៃ​រណសិរ្ស​ជាតិ​បារាំង​, លោក Geert Wilder នៃ​គណបក្ស​សម្រាប់​សេរីភាព​របស់​ហូ​ឡង់ និង​គណបក្ស​សេរីភាព​របស់​អូទ្រីស​មិន​ខាន​។ ក្រុម​អ្នកនយោបាយ​ស្ដាំនិយម​ទាំងនេះ មានគំនិត​ជាតិនិយម​, ប្រកាន់​សេដ្ឋកិច្ច​គាំពារ និង​មាន​និន្នាការ​ប្រឆាំង​តួនាទី​របស់​អឺរ៉ុប ដែល​ពួកគេ​អះអាងថា ធ្វើ​ឲ្យ​បាត់បង់​អធិបតេយ្យភាព​ប្រទេស​ខ្លួន​។​
 
​ការលេចឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ក្រុម​អ្នកនយោបាយ​ស្ដាំនិយម ពេលខ្លះ​ស្ដាំនិយម​ជ្រុល​នោះ កំពុង​បង្ក​ជាការ​គំរាម​ដល់​សហភាព​អឺរ៉ុប​។ ក្រុមបក្សនយោបាយ​ស្ដាំនិយម​ជាច្រើន ចាប់ផ្ដើម​ទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រជាជន​អឺរ៉ុប បើទោះជា​ពួកគេ​មាន​គោលនយោបាយ​ចម្រូងចម្រាស​ខ្លះ​ក៏ដោយចុះ​។ អ្វី​ដែលជា​គំរាមកំហែង​ខ្លាំង គឺ​ត្រង់ចំណុច​ដែល​ក្រុម​អ្នក​ស្ដាំនិយម​ទាំងនោះ មាន​ជំហរ​ចាក​ចេញពី​អឺរ៉ុប នៅពេល​ពួកគេ​កាន់អំណាច​។​
 
​មកដល់​ចំណុច​នេះ គេ​ប្រហែល​ចាំ​ពី​ការសន្យា​របស់​អ្នកនយោបាយ​នៅ​បារាំង លោកស្រី Marine Le Pen ។ មេដឹកនាំ​ក្រុម​ស្ដាំនិយម​រូបនេះ​សន្យាថា លោកស្រី នឹងធ្វើ​ប្រជាមតិ​ស្ដីពី​សមាជិកភាព​របស់​បារាំង​នៅក្នុង​សហភាព​អឺរ៉ុប ប្រសិនបើ​លោកស្រី​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​បារាំង ក្នុងការ​បោះឆ្នោត​ទូទៅ​ឆ្នាំ​២០១៧ ។ រណសិរ្ស​ជាតិ​របស់លោក​ស្រី គឺជា​បក្ស​ជាតិនិយម ដែលមាន​គោលនយោបាយ​ប្រឆាំង​ជនភៀសខ្លួន និង​ប្រឆាំង​អឺរ៉ុប​។​
  
១. ការ​ងើបឡើង​ក្រុម​ស្ដាំនិយម ជា​បញ្ហា​ប្រឈម​របស់​អឺរ៉ុប​
​តាមពិតទៅ មិនមែន​មានតែ​លោកស្រី Le Pen ម្នាក់​ទេ ដែល​ចង់​ធ្វើ​ប្រជាមតិ​ចាក​ចេញពី​អឺរ៉ុប​ឡើយ អ្នកនយោបាយ​ស្ដាំនិយម​ភាគច្រើន​នៅ​អឺរ៉ុប សុទ្ធតែ​ចាត់ទុក​ការ​ប្រជាមតិ​លើ​សមាជិកភាព​របស់ខ្លួន​នៅ​អឺរ៉ុប ជា​រឿង​អាទិភាព ពេល​កាន់អំណាច​។ ដោយសារតែ​គោលនយោបាយ​បែបនេះហើយ ទើប​គេ​បារម្ភ​ជុំវិញ​ការរួបរួម​របស់​សហ​ភាព​អឺរ៉ុប​ដែលមាន​អាយុ​ច្រើនជាង​កន្លះ​សតវត្សរ៍​មកហើយ​នោះ​។ ចង់​មិន​ចង់​នោះ មេដឹកនាំ​អឺរ៉ុប ត្រូវ​រក​ដំណោះស្រាយ​ទប់​ទល់នឹង​ការកើនឡើង​ក្រុម​ស្ដាំនិយម​នេះ​។ 
 
​ការចាកចេញ​របស់​អង់គ្លេស អាចនិយាយបាន​ថា​ជា​ជោគជ័យ​ដំបូង​គេ របស់​ក្រុម​ស្ដាំនិយម​នៅ​អឺរ៉ុប​។ មនុស្ស​មិនតិច​ទេ ដែល​ភ្ញាក់ផ្អើល​នឹង​ការចាកចេញ​នេះ​។ ក្រុមគាំទ្រ​ការចាកចេញ បាន​យក​វិបត្តិ​ជនភៀសខ្លួន បញ្ហា​ជនអន្តោប្រវេសន៍ និង​ការវាយប្រហារ​ភេរវកម្ម ជា​ចំណុស​ស្នូល​នៃ​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​របស់ខ្លួន​។ ជោគជ័យ​នេះ ក្លាយជា​ជំហាន​ថ្មី​មួយ​របស់​ក្រុម​អ្នកនយោបាយ​ស្ដាំនិយម ខណៈ​ពួកគេ​សង្ឃឹម​ទទួល​ការបោះឆ្នោត​តាម​ប្រទេស​ប្រទេស​របស់​ពួកគេ​។​
 
​ចុងក្រោយ​នេះ បក្សនយោបាយ​ស្ដាំនិយម​ជាច្រើន ទទួលបាន​សំឡេង​ជាច្រើន​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ បើទោះជា​មិនទាន់​អាច​គ្រប់គ្រង​រដ្ឋាភិបាល​ក្ដី​។ យ៉ាងណា នេះ​ជា​ជំហាន​វិជ្ជមាន​សម្រាប់​ពួកគេ ក្នុងការ​សាបព្រោះ​នយោបាយ​របស់​ក្រុម​ខ្លួន​។ លើសពីនេះ ទោះជា​មិនទាន់​អំណាច​ក្នុង​ដៃ​នោះ ក្រុម​នយោបាយ​ស្ដាំនិយម ក៏​ចាប់ផ្ដើម​កិច្ចការ​របស់ខ្លួន តាមរយៈ​ការប្រមូល​សំឡេង​ប្រជាជន​ដើម្បី​ធ្វើ​ប្រជាមតិ​ដែរ​។​
 
២. ជ័យជម្នះ​របស់ ដូ​ណា​ល់ ត្រាំ ជា​សារ​លើកទឹកចិត្ត​សម្រាប់​អ្នកនយោបាយ​ស្ដាំនិយម​នៅ​អឺរ៉ុប  
​ក្រុម​អ្នកនយោបាយ​ស្ដាំនិយម​នៅ​តំបន់​អឺរ៉ុប សប្បាយចិត្ត​មិនតិច​ឡើយ​ចំពោះ​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ នៅពេល​ដឹង​លទ្ធផល​បោះឆ្នោត​ភ្លាម បណ្ដា​មេដឹកនាំ​ក្រុម​ស្ដាំនិយម​អឺរ៉ុប បាន​ចេញមក​សាទរ​ជ័យជម្នះ​របស់លោក ត្រាំ ដោយ​ពួកគេ​គិតថា ជ័យជម្នះ​នេះ ជាការ​ហុច​ឱកាស​សម្រាប់​ពួកគេ​ក្នុងការ​បោះឆ្នោត​ខាងមុខ និង​ឆ្លៀត​យកជ័យ​ជម្នះ​នេះ សម្រាប់​ធ្វើជា​ភស្តុតាង​នៃ​នយោបាយ​របស់​ពួកគេ​ផងដែរ​។ 
 
​ក្នុង​ឆ្នាំ​២០១៧ សមាជិក​សំខាន់​បី​របស់​សហភាព​អឺរ៉ុប គឺ​បារាំង អាល្លឺម៉ង់ និង​ហូ​ឡង់ នឹង​រៀបចំ​ការបោះឆ្នោត​ទូទៅ​សម្រាប់​ជ្រើសរើស​មេដឹកនាំ​ថ្មី ចំ​ពេលដែល​អឺរ៉ុប​ប្រ​ឈ​មុខ​បញ្ហា​ជាច្រើន​។ វិបត្តិ​ជនភៀសខ្លួន​ដែល​រក​ដំណោះស្រាយ​មិនទាន់​ឃើញ ការវាយប្រហារ​ភេរវកម្ម​ជា​ញឹកញាប់ និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ជាដើម គឺជា​ចំណុចខ្សោយ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន និង​ត្រូវបាន​ក្រុម​ស្ដាំនិយម​យកមកប្រើ​ប្រាស់​ដើម្បី​ទាញ​ប្រជាប្រិយភាព​។ 
 
​គោលនយោបាយ​របស់លោក ត្រាំ និង​ក្រុម​ស្ដាំនិយម​នៅ​អឺរ៉ុប គឺ​ស្រដៀង​គ្នា​ខ្លាំង ជាពិសេស​លើ​ការប្រកាន់​នយោបាយ​គាំពារ​និយម ប្រឆាំង​របប​សេដ្ឋកិច្ច​សេរីនិយម ហើយ​លោក ត្រាំ ក៏​មិនសូវ​ជា​ពេញចិត្ត​ស្ថានភាព​ដឹកនាំ​នៅក្នុង​អឺរ៉ុប​សព្វថ្ងៃ​នេះដែរ​។ ចុងក្រោយ អ្នកនយោបាយ​ស្ដាំនិយម​ទាំងនោះ សង្ឃឹម​ទទួលបាន​ការគាំទ្រ​ពី​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ក្នុងករណី​ពួកគេ​មានលទ្ធភាព​ឈ្នះឆ្នោត និង​មិនអាច​រកស៊ី​ជាមួយ​សមាជិក​អឺរ៉ុប​បាន​ទៀត​នោះ​៕  
 
 

Tag:
 អឺរ៉ុប​
  ក្រុម​ស្ដាំនិយម​
© រក្សាសិទ្ធិដោយ thmeythmey.com