ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា ចាត់មន្ត្រីចុះវាស់វែងដីវិវាទឧកញ៉ាម្នាក់ក្នុងបញ្ជីខ្មៅ
×
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់មន្ត្រីចុះវាស់វែងដីវិវាទជិត ៣ពាន់ហិកតាករណីឧកញ៉ាម្នាក់ជាប់ឈ្មោះក្នុងបញ្ជីខ្មៅក្រសួងដែនដី កន្លងទៅ។
លោក ជា សុផារ៉ា បានផ្ញើលិខិតប្រាប់អភិបាលខេត្តកណ្តាលថា ក្រុមការងាររបស់លោក នឹងវាស់វែងប្រមូលទិន្នន័យ ដើម្បីចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋដែលមានវិវាទនឹងលោក ឡោក ហ៊ួរ ដែលរដ្ឋាភិបាលទើបដោះស្រាយរួច។
តាមលិខិតចុះថ្ងៃទី៦ មករានេះ ក្រុមការងារក្រសួងនឹងចុះទៅវាស់វែងដីខាងលើ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ មករា ឆ្នាំ២០១៧ នៅស្រុកមួយចំនួន ក្នុងខេត្តកណ្តាល។
បើតាមលិខិតលោក ជា សុផារ៉ា ក្រុមការងារក្រសួងនឹងវាស់វែងទីតាំងដីដែលរដ្ឋាភិបាលទើបដោះស្រាយរួច រួមមាន នៅស្រុកកៀនស្វាយក្នុងភូមិកណ្តាលក្រោម ភូមិកណ្តាលលើ ភូមិព្រែកពុល ឃុំបន្ទាយដែក ភូមិជ័យឧត្តម ភូមិព្រែកតាកែវ ភូមិជ្រោយដង ភូមិស្ទឹង ភូមិព្រែកត្រែង ភូមិសំរោងក្អែរ ឃុំសំរោងធំ ភូមិគគីរធំ ភូមិពោធិ៍មៀវ ភូមិវាំងដេក ឃុំគគីរធំ និងស្រុកស្អាង ក្នុងភូមិលេខ៤ ភូមិលេខ៥ និងភូមិជ្រោយឫស្សី ឃុំប្រាសាទ ខេត្តកណ្តាល។
រដ្ឋមន្ត្រីក្រសួងដែនដី ស្នើអាជ្ញាធរខេត្តកណ្តាលជួយសហការ ដោយត្រូវចាត់ចែងប្រកាសតំបន់វិនិច្ឆ័យ បង្កើតគណៈកម្មការរដ្ឋបាល និងជូនដំណឹងឲ្យបានប្រជាពលរដ្ឋបានដឹងទូលំទូលាយ។
គួររម្លឹកផងដែរ កាលពីខែឧសភា ឆ្នាំ២០១៦កន្លងមក លោក ជា សុផារ៉ា បានព្រមានរៀបចំឈ្មោះបុគ្គលរំលោភដីធ្លីពលរដ្ឋ ក្នុងបញ្ជីខ្មៅ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រហូតមកទល់ពេលនេះ មានតែលោក ឡោក ហ៊ួរ ម្នាក់ទេ ដែលស្ថិតក្នុងបញ្ជីខ្មៅ ហើយត្រូវបានចាត់វិធានការនៅពេលនេះ៕
Tag:
ជា សុផារ៉ា
ឡោក ហ៊ួរ
ជម្លោះដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com