ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯ​.​ឧ កឹម សុខា ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដល់​ផ្នូរ និង​សន្យា​រក​យុត្តិធម៌​
07, Jan 2017 , 1:27 pm        
រូបភាព
រូបពីហ្វេសប៊ុកឯកឧត្តម កឹម សុខា
រូបពីហ្វេសប៊ុកឯកឧត្តម កឹម សុខា
ដោយ:
​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ទៅ​គោរព​វិញ្ញាណក្ខន្ធ​ដល់​ផ្នូរ​លោក​បណ្ឌិត កែម ឡី ស្ថិតក្នុង​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

 
​ស្ថិតនៅក្នុង​សម្លៀកបំពាក់​ខោ​ខ្មៅ អាវខ្មៅ ឯកឧត្តម កឹម សុខា បាន​លុតជង្គង់​លើកដំបូង នៅមុខ​ផ្នូរ​របស់លោក​បណ្ឌិត កែម ឡី ស្ថិតក្នុង​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​បញ្ញវន្ត ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ទី ១០ ខែកក្កដា ឆ្នាំ ២០១៦ ។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម សុខា បាន​បួងសួង និង​សន្យា​ស្វែងរក​យុត្តិធម៌​ជូន​លោក កែម ឡី ដូច្នេះ​ថា​៖« សូម​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី បាន​ទៅដល់​ស្ថាន​សុគតិភព ហើយ​យើងខ្ញុំ​នៅតែ​បន្ដ​ស្វែងរក​យុត្ដិធម៌​ជូន​លោក​បណ្ឌិត ទោះបី​ពេលនេះ​មិនទាន់មាន​ពន្លឺ​ក៏ដោយ ក៏​យើងខ្ញុំ​សង្ឃឹមថា ថ្ងៃក្រោយ​លោក​បណ្ឌិត​នឹង​ទទួលបាន​យុត្ដិធម៌​ពិត​»​។​
 
​ដោយសារ​លោក​បណ្ឌិត កែម ឡី ជា​មនុស្ស​ស្និទ្ធ​នឹង​ខ្លួន​នោះ ប្រធានស្តីទី​បក្សប្រឆាំង​ដែល​ទើបតែ​រួច​ពី​ទោស និង​ឈប់​ឃុំខ្លួន​ឯង​នៅ​ស្នាក់ការ​បក្ស កាលពីដើម​ខែធ្នូ រូបនេះ បាន​រម្លឹក​ពី​គំនិត​របស់លោក កែម ឡី ដែល​ធ្លាប់​ផ្តល់ជូន​ឯកឧត្តម​ពី​គោលនយោបាយ​វិមជ្ឈការ​។ «​ខ្ញុំ​នៅ​ចងចាំ​ជានិច្ច​នូវ​អ្វីដែល​យើង​ធ្លាប់បាន​ពិភាក្សាគ្នា​កន្លងមក អំពី​បញ្ហា​ប្រទេសជាតិ បញ្ហា​សង្គម និង​បញ្ហា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ជាពិសេស​ចុងក្រោយ​នេះ យើង​បាន​ជួបគ្នា និង​ប្រើពេល​យ៉ាងយូរ ពិភាក្សាគ្នា​លើ​គោលនយោបាយ​វិមជ្ឈការ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ »​។  ឯកឧត្តម កឹម សុខា រម្លឹក​បែបនេះហើយ ក៏​បន្ត​សរសេរ​គំនិត​លោក កែម ឡី យ៉ាងនេះ​ទៀតថា​៖«​លោក​បណ្ឌិត បានផ្ដល់​យោបល់​មក​ខ្ញុំ​ថា ដើម្បី​វិមជ្ឈការ​អំណាច​ជូន​ដល់​ប្រជាពលរដ្ឋ គឺ​យើង​ត្រូវធ្វើ វិមជ្ឈការ​ថវិកា វិមជ្ឈការ​ធនធានមនុស្ស និង​វិមជ្ឈការ​សេវាសាធារណៈ​»​។​
 

Tag:
 កឹម សុខា
  កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com