ជាតិ
សេដ្ឋកិច្ច
តើ​គេ​គណនា​ពន្ធលើប្រាក់បៀវត្ស​ដោយ​របៀប​ណា​?
07, Jan 2017 , 8:59 pm        
រូបភាព
ដោយ:
 
​ចាប់ពី​ខែមករា​ឆ្នាំ​២០១៧ រដ្ឋាភិបាល​ចាប់ផ្ដើម​ដក​ពន្ធលើប្រាក់បៀវត្ស​ចំពោះ​បុគ្គលិក​ក្រុមហ៊ុន ស្ថាប័នរដ្ឋ និង​អង្គការ​នានា ដែលមាន​ប្រាក់បៀវត្ស​ចាប់ពី​១​លាន​និង​១​រៀល​ឡើងទៅ​។

​អ្នកទទួល​ប្រាក់បៀវត្ស​ចាប់ពី ១​លាន​និង​១​រៀល ដល់ ១,៥​លាន​រៀល ត្រូវ​ជាប់ពន្ធ ៥​ភាគរយ ខណៈ​អ្នកមាន​បៀវត្ស​លើសពី ១,៥​លាន​រៀល ដល់ ៨,៥​លាន​រៀល ត្រូវ​បង់ពន្ធ ១០​ភាគរយ​។ ចំណែក​ប្រាក់បៀវត្ស​លើសពី ៨,៥​លាន​រៀល ដល់ ១២,៥​លាន​រៀល ត្រូវ​ជាប់ពន្ធ ១៥​ភាគរយ ហើយ​លើសពី ១២,៥​លាន​រៀល​ត្រូវ​បង់ពន្ធ ២០​ភាគរយ​។​
 
​ប៉ុន្តែ​មន្ត្រីរាជការ​និង​កម្មករនិយោជិត  ដែលមាន​បន្ទុក​ចិញ្ចឹម​កូន ប្ដី​ឬ​ប្រពន្ធ មូលដ្ឋាន​គិត​ពន្ធ​របស់​ពួកគេ​ត្រូវយក​ប្រាក់បៀវត្ស ដកចេញ​នូវ​បន្ទុក​ក្នុង​ម្នាក់ៗ ១៥​ម៉ឺន​រៀល​។​
 
​ពាក្យ​«​ប្រាក់បៀវត្ស​» ត្រូវបាន​ច្បាប់​ស្ដីពី​សារពើពន្ធ​ឲ្យ​និយមន័យ​ថា ប្រាក់បៀវត្ស​សំដៅ​ដល់​បៀវត្ស លាភការ ប្រាក់​បំណាច់ បុព្វលាភ ប្រាក់​ម៉ោង​បន្ថែម ប្រាក់​ប៉ះប៉ូវ​នានា និង​អត្ថប្រយោជន៍​បន្ថែម​ដែល​បាន​ទូទាត់​ឲ្យ​ដល់​និយោជិត ឬ​ដែល​បាន​ទូទាត់​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ ឬ​ប្រយោល​ដល់​និយោជិត​ចំពោះ​ការបំពេញ​សកម្មភាព​បម្រើ​ការងារ​។​
 
​បើតាម​សារាចរ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ខែតុលា​ឆ្នាំ​២០១៦  ប្រាក់ឧបត្ថម្ភ​មួយចំនួន​របស់​កម្មក​រ និយោជិត​នៃ​រោងចក្រ សហគ្រាស ត្រូវ​រួច​ផុតពី​ការយក​ពន្ធលើប្រាក់បៀវត្ស និង​មិនមែនជា​កម្មវត្ថុ​នៃ​ពន្ធ​លើ​អត្ថប្រយោជន៍​។ ប្រាក់ឧបត្ថម្ភ​ទាំងនោះ រួមមាន​៖ សោហ៊ុយ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់នៅ​, ប្រាក់​ថ្លៃ​បាយ​, មូលនិធិ​បេឡា​សន្តិសុខ​សង្គម ឬ​មូលនិធិ​សុខមាលភាព​សង្គម​, ប្រាក់​ធានារ៉ាប់រង​សុខភាព ឬ​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត ឬ​សុខភាព​, ប្រាក់​ឧ​ត្ថ​ម​ទារក ឬ​ចំណាយ​ទារកដ្ឋាន និង​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា ឬ​ប្រាក់​បំណាច់​បញ្ឈប់​លែង​ឲ្យ​ធ្វើការ​។​
 
​បើតាម​សេចក្ដីណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៦ បានកំណត់​ពី​លម្អៀង​លើស​ប្រាក់​ពន្ធ​តាម​ថ្នាក់​នីមួយៗ ។ ប្រាក់បៀវត្ស​លើសពី​១​លាន​ដល់​១,៥​លាន​រៀល មាន​លម្អៀង​លើស​ប្រាក់​ពន្ធ (​លបព​)៥​ម៉ឺន​រៀល , ប្រាក់បៀវត្ស​លើសពី ១,៥​លាន​រៀល ដល់ ៨,៥​លាន​រៀល មាន លបព ១២,៥​ម៉ឺន​រៀល​, លើសពី ៨,៥​លាន​រៀល ដល់ ១២,៥​លាន​រៀល មាន លបព ៥៥,៥​ម៉ឺន​រៀល ហើយ​ប្រាក់បៀវត្ស​លើសពី ១២,៥​លាន​រៀល មាន លបព ១១៧៥០០០​រៀល​។​
 
​ដើម្បី​គណនា​ពន្ធលើប្រាក់បៀវត្ស គេ​ត្រូវ​រក​មូលដ្ឋាន​គិត​ពន្ធលើប្រាក់បៀវត្ស ដោយ​ត្រូវយក​ចំនួន​ប្រាក់បៀវត្ស​សរុប ក្រៅពី​ប្រាក់រង្វាន់ និង​ប្រាក់ឧបត្ថម្ភ ដូច​មាននៅ​ក្នុង​សារាចរ​ខាងលើ រួច​ដកចេញ​នូវ​បន្ទុក​សហព័ន្ធ​និង​កូន​។ បន្ទាប់មក​ត្រូវ​ពិនិត្យ​មើលថា តើ​មូលដ្ឋាន​គិត​ពន្ធលើប្រាក់បៀវត្ស​ស្ថិតក្នុង​ថ្នាក់​អត្រាពន្ធ​មួយណា ទើប​យក​មូលដ្ឋាន​គិត​ពន្ធលើប្រាក់បៀវត្ស​នោះ ទៅ​គុណ​នឹង​អត្រាពន្ធ​នីមួយៗ ហើយ​ដកចេញ​នូវ​លម្អៀង​លើ​ប្រាក់​ពន្ធ​សម្រាប់​ថ្នាក់​អត្រាពន្ធ​នោះ​។ នេះ​បើតាម​សេចក្ដីណែនាំ​ខាងលើ​។​
​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​អាន​ឧទាហរណ៍​ខាងក្រោម​នេះ​៖
 
​ឧទាហរណ៍ និយោជិត​ម្នាក់​មាន​ប្រាក់បៀវត្ស ២​លាន​រៀល​។ ករណី​នៅ​លីវ គេ​ត្រូវយក ២​លាន​រៀល គុណ​នឹង ១០%(១០​លើ​១០០) រួច​ដក ១២,៥​ម៉ឺន​រៀល ដែល​ស្មើ ៧៥០០០​រៀល​។ ដូច្នេះ និយោជិត​ម្នាក់នេះ​ត្រូវ​បង់​ពន្ធលើប្រាក់បៀវត្ស​ចំនួន ៧៥០០០​រៀល​។ 
 
​ក្នុង​ឧទាហរណ៍​ដដែល តែ​ក្នុងករណី​និយោជិត​ម្នាក់នេះ​មាន​សហព័ន្ធ​ជា​មេផ្ទះ និង​កូន​ក្នុងបន្ទុក​ចំនួន​៣​នាក់​។ ករណីនេះ គេ​ត្រូវយក ២​លាន​រៀល ដក​៦០​ម៉ឺន​រៀល (១៥​ម៉ឺន គុណ​៤​នាក់​) ស្មើ ១,៤​លាន​រៀល រួច​យក ១,៤​លាន​រៀល គុណ​៥​ភាគរយ និង​ដក ៥​ម៉ឺន​រៀល ស្មើ ២​ម៉ឺន​រៀល​។ ដូចនេះ និយោជិត​ម្នាក់នេះ​ត្រូវ​បង់​ពន្ធលើប្រាក់បៀវត្ស​ចំនួន ២​ម៉ឺន​រៀល​។ 
 
​ជាមួយ​ឧទាហរណ៍​ខាងលើនេះ តែ​និយោជិត​ម្នាក់នេះ​មាន​សហព័ន្ធ​ជា​មេផ្ទះ និង​កូន​ក្នុងបន្ទុក​ចំនួន ៦​នាក់​។ ក្នុងករណីនេះ គេ​ត្រូវយក ២​លាន​រៀល ដក ១០៥០០០០​រៀល (១៥​ម៉ឺន​គុណ​៧​នាក់​) ស្មើ ៩៥​ម៉ឺន​រៀល​។ ដូច្នេះ​និយោជិត​ម្នាក់នេះ​មិន​ជាប់ពន្ធ​នោះទេ​៕
 

Tag:
 ពន្ធលើប្រាក់បៀវត្ស​
© រក្សាសិទ្ធិដោយ thmeythmey.com