អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជនសង្ស័យ​បណ្តាញ​ក្រុម​រដ្ឋ​ឥស្លាម​ពីរ​នាក់​ត្រូវ​ទាហាន​ហ្វីលីពីន​សម្លាប់​
08, Jan 2017 , 12:33 pm        
រូបភាព
 
​កងកម្លាំង​សន្តិសុខ​ហ្វីលីពីន​បានសម្លាប់​ជនសង្ស័យ​ពីរ​នាក់​ដែល​ពាក់ព័ន្ធ​បណ្តាញ​ក្រុម​ភេរវជន​ដែល​គាំទ្រ​ក្រុម​រដ្ឋ​ឥស្លាម​។ មុន​មានការ​បាញ់សម្លាប់​នេះ ជនសង្ស័យ​បាន​ព្យាយាម​រត់គេច​ពី​ការឃាត់ខ្លួន​និង​ព្យាយាម​គប់​គ្រាប់បែក​លើ​ក្រុមប៉ូលិស​និង​ទាហាន​ថែម​ទៀ​តោង​។​


​ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កង​ម្លាំ​ង​សន្តិសុខ​ហ្វីលីពីន​បាញ់សម្លាប់​នៅ​ថ្ងៃ ៧​មករា​ឆ្នាំ ២០១៧ ។ ជន​ទាំងពីរ​នាក់​នេះ​ជា​ជនសង្ស័យ​ដែលជា​ប់​ពាក់ព័ន្ធ​បណ្តាញ​ក្រុម​ប្រដាប់អាវុធ​ដែល​គាំទ្រ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​ប៉ូលីស​ហ្វីលីពីន​បាន​អះអាងថា​ជនសង្ស័យ​ដែល​ស្លាប់មាន​គ្នា​ពីរ​នាក់​ម្នាក់​ជា​បុរស​និង​ម្នាក់ទៀត​ជា​ស្ត្រី​។ មកទល់ពេលនេះ​ប៉ូលីស​កំពុង​ព្យាយាម​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ជា​ស្ត្រី​ដែលជា​ជនបរទេស​នៅឡើយ​។​
 
​រីឯ​ជនសង្ស័យ​ភេទ​ប្រុស​នោះ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​បាន​ថា​ជា​ជនជាតិ​ប៉ា​គី​ស្ថាន ហើយ​មានឈ្មោះ Abu Naila ។ មុន​មានការ​បាញ់សម្លាប់​នេះ ជន​ខាងលើ​បាន​ព្យាយាម​រត់គេច​ពី​ការឃាត់ខ្លួន ហើយ​ថែមទាំង​ប៉ុនប៉ង​បោក​គ្រាប់បែក​លើ​កងកម្លាំង​ប៉ូលិស​និង​ទាហាន​ខណៈ​កង​ម្លាំ​ង​ទាំងនេះ​បំពេញ​ប្រតិបត្តិ​ការតាមប្រមាញ់​ភេរវជន​នៅ​ខេត្ត Sarangani​។ 
 
​ក្រុម​កងកម្លាំង​ប៉ូលិស​និង​ទាហាន​ហ្វីលីពីន បាន​បំពេញ​ប្រតិបត្តិ​ការប្រឆាំង​បណ្តាញ​ក្រុម​សកម្មប្រយុទ្ធ Ansar Al-Khilafah ដែលជា​ក្រុម​ដែល​បានប្រកាស​បង្ហាញ​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ដែរ​។ ក្រុម​នេះ​ល្បីឈ្មោះ​ខាង​បង្ក​អសន្តិសុខ​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​អស់​រាប់​ឆ្នាំ​មកនេះ​។ 
 
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មេប៉ូលីស​ហ្វីលីពីន លោក Ronald dela Rosa បាន​បញ្ជាក់ថា កងកម្លាំង​សន្តិសុខ​ហ្វីលីពីន​បាន​បំបាក់​ធ្មុង​ក្រុម​សកម្មប្រយុទ្ធ​ខាងលើ​រួចទៅហើយ ដោយ​ពួកគេ​បានសម្លាប់​មេដឹកនាំ​ក្រុម​នេះ Mohamma Jaafar Maguid និង​ចាប់ខ្លួន​មេដឹកនាំ​ក្រុម​នេះ​បីនាក់​ផ្សេងទៀត​។ 
 
​ប៉ុន្តែ​លោក​បាន​ព្រមាន​ជាមុន​ថា ក្រុម​ប្រដាប់អាវុធ​នេះ​អាច​នឹង​ចាប់ផ្តើម​សងសឹក​ចំពោះ​សកម្មភាព​របស់​កងក​ម្លាំ​ង​សន្តិសុខ​ហ្វីលីពីន ហើយ​លោក​បញ្ជា​ឲ្យ​មានការ​ប្រុង​ជើងការ​ខ្ពស់​ដើម្បី​ការពារ​សន្តិសុខ​។​
​ចំណែក​លោក​ប្រធានាធិបតី Rodrigo Duterte ក៏បាន​ព្រមាន​ផងដែរ​ពី​លទ្ធភាព​នៃ​ការ​ឈានទៅ​បង្កើត​បណ្តាញ​ក្រុម​រដ្ឋ​ឥស្លាម​កាន់តែច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​លោក​សង្កត់ធ្ងន់ថា វា​ចាំបាច់​ត្រូវមាន​វិធានការ​មួយ​ដើម្បី​បញ្ចៀស​ការ​រឿងរ៉ាវ​ដ៏​អាក្រក់​នេះ​៕​

Tag:
 IS
  ហ្វីលីពីន​
  Ansar Al-Khilafah
  Rodriog Duterte
© រក្សាសិទ្ធិដោយ thmeythmey.com