អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូ​ណា​ល់ ត្រាំ ថា​អ្នក​មិន​ចង់​ឲ្យ​អាមេរិក​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​រុស្ស៊ី​ជាម​នុស្ស​ឆ្កួត​ឡប់​
08, Jan 2017 , 9:30 pm        
រូបភាព
 
​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំំ បាន​ទិតៀន​បណ្តា​អ្នក​ដែល​រិះគន់​គោលជំហរ​ស្តារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​របស់​រដ្ឋបាល​លោក ដោយ​បញ្ជាក់​មានតែ​មនុស្ស​ឆ្កួត​ប៉ុណ្ណោះ​ដែល​មិន​ចង់​ឲ្យ​អាមេរិក​ត្រូវរ៉ូវ​គ្នា​ជាមួយ​រុស្ស៊ី​។ លោក​អះអាងថា រុស្ស៊ី​នឹង​គោរព​អាមេរិក​ពេល​លោក​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី មិនមែន​ដូច​ពេលនេះ​ឡើយ​។​

-
​នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ លោក ដូ​ណា​ល់ ត្រាំ នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ហើយ​។ លោក​នៅតែ​រក្សា​បំណង​ចង់​ស្តារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ដដែល ទោះបីជា​មានការ​រិះគន់ ឬ​ការ​វាយតម្លៃថា​ជា​គ្រោះថ្នាក់​យ៉ាងណាក៏ដោយ​។​
 
​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ៧​មករា លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​បង្ហោះ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​រុស្ស៊ី​ជា​រឿង​ល្អ​មួយ ហើយ​លោក​ទិតៀន​មិន​សំចៃមាត់​ចំពោះ​អ្នក​ដែល​ចាំ​ចាប់កំហុស​និង​គិតថា វា​ជា​រឿង​អាក្រក់​។ មានតែ​មនុស្ស​ឆ្កួត​ប៉ុណ្ណោះ​ដែល​គិតថា ការបង្កើត​ទំនាក់ទំនង​ល្អ​រវាង​រុស្ស៊ី និង​អាមេរិក​ជា​រឿង​គ្រោះថ្នាក់​នោះ​។​
 
«​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី​ជា​រឿង​មួយ​ដ៏​ល្អ មិនមែនជា​រឿង​អាក្រក់​ឡើយ​។ មានតែ​មនុស្ស​ឆ្កួត​ទេ​ដែល​គិតថា វា​អាក្រក់​។ មាន​បញ្ហា​ច្រើន​គ្រប់គ្រាន់​ហើយ​នៅលើ​ពិភពលោក​។ នៅពេលដែល​ខ្ញុំ​ក្លាយជា​ប្រធានាធិបតី រុស្ស៊ី​នឹង​គោរព​អាមេរិក​ឆ្ងាយ​ជា​ពេលបច្ចុប្បន្ន​នេះ​។ ប្រទេស​យើង​ទាំងពីរ​នឹង​អាចធ្វើ​ការរួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ធំៗ​របស់​ពិភពលោក​»​។​
 
​ការលើកឡើង​បែបនេះ ក្រៅពី​បង្ហាញ​ជំហរ​ឥត​ងាករេ​ក្នុងការ​ឈានទៅ​ចាប់ដៃ​រុស្ស៊ី លោក ដូ​ណា​ល់ ត្រាំ ក៏​ព្រលះ​អ្នកនយោបាយ​អាមេរិក​មួយចំនួន​ដែល​តែង​ចោទប្រកាន់​លោក និង​រិះគន់​គោលនយោបាយ​ស្តារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​។ មួយទៀត​លោក​ចង់​ផ្ញើ​សារ​ទៅកាន់​បណ្តា​ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​បន្ត​ចោទ​រុស្ស៊ី​ថា​បាន​លូកលាន់​ចូលក្នុង​ការបោះឆ្នោត​និង​ជួយ​ឲ្យ​លោក​ឈ្នះឆ្នោត​កន្លងមក​នោះ​។ 
 
​ដើមឡើយ​លោក ទាត់ចោល​របាយការណ៍​ចារកម្ម​រឿង​រុស្ស៊ី​ចូល​លួច​ទិន្នន័យ​និង​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។  ប៉ុន្តែ​ក្រោយពេល​ជួប​ជាមួយ​បណ្តា​ស្ថាប័ន​ចារកម្ម​កាលពី​ថ្ងៃ​សុក្រ​ទី ៦​មករា លោក​បានទទួល​ស្គា​ល់ពី​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​តែ​មិនមែន​មានតែរ​ស្ស៊ី​ឡើយ​។ ប្រទេស​ផ្សេងទៀត​មានដូចជា​ចិន​ក៏​ជា​គ្រោះថ្នាក់​សម្រាប់​អាមេរិក​ដែរ​។ 
 
​តាំងពី​យូរ​មកហើយ​លោក ដូ​ណា​ល់ ត្រាំ​តែងតែ​កោតសរសើ​រុស្ស៊ី ហើយ​លោក​ប្តេជ្ញាចិត្ត​ថា​នឹង​ស្តារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ឲ្យ​ខាងតែបាន​នៅពេលដែល​លោក​ចូលកាន់​តំណែង​។ លោក​រៀបចំ​គោលនយោបាយ​ខ្លះៗ​ដែល​អាច​ជំរុញ​ឲ្យ​រុស្ស៊ី និង​អាមេរិក​ត្រឡប់​ទៅ​ចាប់ដៃគ្នា​និង​សហការគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ពិភពលោក​។ ក្នុងនោះ​មាន​ការដក​ទណ្ឌកម្ម និង​ទទួលស្គាល់​ទឹកដី Crimea ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​ស្របច្បាប់​៕
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com