ភ្នំពេញ៖ កម្ពុជានឹងចាប់ផ្ដើមបំពេញតួនាទីជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ចាប់ពីខែកុម្ភៈឆ្នាំ២០១៧ដល់ខែកុម្ភៈឆ្នាំ២០១៨។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ឲ្យដឹងថា អំឡុងពេលបំពេញតួនាទីនេះ កម្ពុជានឹងព្យាយាមជំរុញឲ្យមានការអនុគ្រោះពន្ធ និងគោលនយោបាយពាណិជ្ជកម្មថ្មីៗផ្សេងទៀត ដែលជាប្រយោជន៍ដល់ដល់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ។
ក្រុមប្រទេស LDC ត្រូវការសំឡេងរួម ឬសំឡេងជាក្រុម ដើម្បីចរចាបើកផ្លូវពាណិជ្ជកម្ម និងការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀត ជាមួយប្រទេសអភិវឌ្ឍន៍ ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ ដូច្នេះប្រទេស LDC ត្រូវមានកិច្ចប្រជុំជាក្រុម តាមវិស័យជាច្រើន ដើម្បីស្វែងចំណុចរួម លើវិស័យផ្សេងៗ ពិសេសផ្នែកពាណិជ្ជកម្ម ដើម្បីយកទៅជជែកជាមួយប្រទេសអភិវឌ្ឍន៍។ កម្ពុជាដែលជាប្រទេសអភិវឌ្ឍតិចតួច ត្រូវបានជ្រើសរើសជាលើកដំបូង នៅខែវិច្ឆិកាឆ្នាំ២០១៦ ឲ្យធ្វើជាប្រធានសម្របសម្រួលប្រទេស LDC ទាំងនោះ ក្នុងអាណត្តិ១ឆ្នាំ។
លោក ប៉ាន សូរស័ក្ដិ មានប្រសាសន៍ថា ក្នុងតួនាទីនេះ កម្ពុជានឹងសម្របសម្រួលប្រទេស LDC ដើម្បីជំរុញឲ្យប្រទេសទាំងនេះមានតុល្យភាពលើការចរចាក្នុងក្របខណ្ឌ WTO និងទាញយកប្រយោជន៍ផ្នែកពាណិជ្ជកម្មឲ្យបានច្រើន។ «ធ្វើម៉េចជំរុញវិស័យពាណិជ្ជកម្មជាចម្បងសម្រាប់ប្រទេសតិចតួច ពិសេសជំរុញឲ្យ LDC ឲ្យមានសំឡេងដែលមានតុល្យភាពនឹងប្រទេសអភិវឌ្ឍន៍ដើម្បីជំរុញផ្នែកពាណជ្ជកម្ម វិស័យកសិកម្ម ធនធានមនុស្សជាដើម»។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីកម្ពុជាធ្វើជាប្រធានសម្របសម្រួលក្រុមប្រទេស LDC នៅថ្ងៃទី៦មករា នៅក្រសួងពាណិជ្ជកម្ម។
កម្ពុជានឹងសហការជាមួយប្រទេស LDCs ដើម្បីរៀបចំ និងបង្កើតគោលនយោបាយពាណ្ជកម្មថ្មីៗបន្ថែមទៀតក្នុងក្របខណ្ឌពិភពលោកលើវិស័យនានា ដូចជា ការអនុគ្រោះពន្ធ វិធានប្រភពដើមទំនិញ កិច្ចសម្រួលពាណ្ជកម្ម កសិកម្ម ជំនួយសម្រាប់អភិវឌ្ឍន៍ពាណិជ្ជកម្ម ការកាពារកម្មសិទ្ធិបញ្ញា វិនិយោគ អភិវឌ្ឍស្ថាប័ន និងបណ្ដុះបណ្ដាលធនធានមនុស្សជាដើម។ នេះបើតាមលោក ប៉ាន សូរស័ក្ដិ ដែលលោកបញ្ជាក់ថា នេះគឺជាបច្ច័យអំណោយផលដល់ការធ្វើពាណិជ្ជកម្មវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាកាត់បន្ថយភាពក្រីក្រនៅតាមប្រទេស LDC ជាសមាជិក បើការចរចារបស់ LDC និងប្រទេសអភិវឌ្ឍន៍ទទួលជោគជ័យ។
លោក ប៉ាន សូរស័ក្ដិ បានសង្កត់ធ្ងន់លើគោលនយោបាយអនុគ្រោះពន្ធរបស់ប្រទេសអភិវឌ្ឍ សម្រាប់ប្រទេស LDC ។ លោកបញ្ជាក់ថា៖«កម្ពុជានឹងជំរុញការឯកភាព ដែលកាលប្រជុំថ្នាក់រដ្ឋមន្ត្រីនៅហុងកុង ប្រទេសអភិវឌ្ឍថានឹងជួយប្រទេស LDC ឲ្យរួចពន្ធ ៩៧ភាគរយដោយអត់គិតកូតា ប៉ុន្តែមិនទាន់បានអនុវត្តមកដល់សព្វថ្ងៃ។ ដូច្នេះយើងជំរុញកិច្ចការនេះ»។
លទ្ធផលប្រជុំរបស់ប្រទេស LDC ទាំង៣៦ប្រទេស និងប្រទេស LDC សង្កេតការណ៍ចំនួន ៨ផ្សេងទៀត នឹងត្រូវយកទៅចរចានៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១នៃអង្គការ WTO ដែលមានសមាជិក ១៦៤ប្រទេស នៅខែធ្នូឆ្នាំនេះ នៅប្រទេសអាហ្សង់ទីន ដើម្បីស្វែងរកភាពវិជ្ជមានតាមការចង់បានរបស់ LDC។
រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ អះអាងថា លោកនិងមន្ត្រីក្រសួងពាណិជ្ជកម្មគ្រប់ជាន់ថ្នាក់នឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីបំពេញតួនាទីដ៏សំខាន់នេះ សំដៅលើកស្ទួយកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។
បើតាមលោក ប៉ាន សូរស័ក្តិ កិច្ចប្រជុំរបស់ក្រុមប្រទេស LDC ដែលកម្ពុជាជាប្រធានសម្របសម្រួលនេះ នឹងធ្វើឡើងនៅប្រទេសជាច្រើន ពិសេសនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលជាមូលដ្ឋានរបស់ WTO ។ ហើយនៅខែមីនាខាងមុខនេះនឹងមានកិច្ចប្រជុំរបស់ក្រុមប្រទេស LDC នៅខេត្តសៀមរាប៕