អន្តរជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ថា រុស្ស៊ី​គ្មាន​ជួយ​វាយ ISIS អ្វី​ឡើយ និង​ទុក​ឲ្យ​អាមេរិក​ប្រយុទ្ធ​ម្នាក់ឯង​
09, Jan 2017 , 2:34 pm        
រូបភាព
​ខណៈដែល​រុស្ស៊ី​ហាក់​បន្ធូរដៃ​ក្នុង​យុទ្ធនាការ​នៅ​ស៊ី​រី ប្រមុខ​ការពារជាតិ​អាមេរិក លោក Ashton Carter បាន​និយាយ​រិះគន់​ក្រុង​មូ​ស្គូ​ថា មិនបាន​ជួយ​អ្វី​ឡើយ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម នៅ​ស៊ី​រី​។ លោក Carter អះអាងថា អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ទៅវិញ​ទេ ដែលជា​អ្នកទទួលបន្ទុក​រឿងនេះ និង​បាន​ចេញមុខ​វាយ​ប្រយុទ្ធ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ដែល​អុកឡុក​នៅលើ​ទឹកដី​ស៊ី​រី​។​



«​ពួកគេ មិនបាន​ជួយ​អ្វី​ឡើយ​។ ពួកគេ ចូលមក​ស៊ី​រី និង​និយាយថា ពួកគេ​នឹង​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម និង​ជួយ​ដោះស្រាយ​ជម្លោះ​នៅ​ស៊ី​រី​។ ប៉ុន្តែ​ពួកគេ​មិនបាន​ធ្វើ​អ្វី​ទេ ហើយ​ជា​លទ្ធផល យើង​ត្រូវ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​តែម្នាក់ឯង​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក Ashton Carter ទាក់ទង​នឹង​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅ​ស៊ី​រី ដែល​លោក​អះអាងថា ស្ទើរតែ​មិនបាន​ទទួលបាន​លទ្ធផល​អ្វី​សោះ​។​

​តាំងតែ​ពី​ដើម​មក ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី និង​អាមេរិក​នៅ​ស៊ី​រី មិនដែល​ត្រូវ​គ្នា​ឡើយ​។ ក្រៅតែពី​ការ​មានគំនិត​ផ្ទុយគ្នា​លើ​អនាគត​របស់​ប្រធានាធិបតី​អាសាដ ទាំង​អាមេរិក និង​រុស្ស៊ី ក៏​មិនត្រូវ​គ្នា​លើ​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​ដែរ​។ អាមេរិក បាន​ចោទ​ប្រតិបត្តិការ​ដែនអាកាសរ​បស់​រុស្ស៊ី​ថា វាយប្រហារ​តែ​គោលដៅ​ក្រុម​ឧទ្ទាម​ប្រឆាំង​មួយចំនួន ដែល​រុស្ស៊ី​ចាត់ទុកជា​ក្រុម​រដ្ឋ​ឥស្លាម ឬ​ជាប់​ពាក់ព័ន្ធ​ក្រុម​នេះ និង​មិនបាន​វាយប្រហារ​គោលដៅ​ក្រុម​រដ្ឋ​ឥស្លាម​ពិតប្រាកដ​ឡើយ​។​

​ចំណែកឯ​ក្រុង​មូ​ស្គូ​វិញ ក៏បាន​ប្រកាន់​ក្រុង​វ៉ាស៊ីនតោន​វិញ​ថា មិន​ជួយ​វាយ​ប្រយុទ្ធ​កម្ទេច​ក្រុម​រដ្ឋឥស្លាម​ឡើយ និង​គិតតែ​ជួយ​ក្រុម​ឧទ្ទាម ដើម្បី​ផ្ដួលរំលំ​របប​ប្រធានាធិបតី អាសាដ ប៉ុណ្ណោះ​។ កន្លងមក ក្រុង​មូ​ស្គូ ចង់​ឲ្យ​អា​មេ​រិ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ក្រុម​ឧទ្ទាម​ប្រឆាំង ដើម្បី​ចៀសវាងវាយ​ប្រហារ​ខុស​គោលដៅ​។ មួយវិញទៀត រុស្ស៊ី ក៏​ចោទ​ប្រតិបត្តិការ​យោធា​អាមេរិក​ថា បានសម្លាប់​ប្រជាជន​ស៊ីវិល​ជាច្រើន និង​ព្យាយាម​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ស៊ី​រី​ទៀតផង​។ 

​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ NBC នៅ​ថ្ងៃទី​៨ ខែមករា ក្រៅពី​និយាយ​វាយប្រហារ​រុស្ស៊ី លោក Carter ក៏បាន​សរសើរ​ប្រតិបត្តិ​ការរំដោះ​ក្រុង Mosul ដែល​លោក​បញ្ជាក់ថា ធ្វើឡើង​តាម​ផែនការ បើទោះជា​អាមេរិក​ធ្លាប់​សន្យា​ជួយ​រំដោះ​ទីក្រុង​នេះ នៅត្រឹម​ការបោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០១៦ ក៏ដោយ​។ ខណៈដែល​យុទ្ធនា​ការរំដោះ Mosul នៅ​មិនទាន់​ជោគជ័យ រុស្ស៊ី បាន​ជួយ​រំដោះ​ក្រុង​ជាច្រើន​របស់​ស៊ី​រី ពី​ដៃ​ក្រុម​រដ្ឋ​ឥស្លាម​ផងដែរ​។​

​ស្ថានការណ៍​នៅ​ស៊ី​រី បាន​ប្រែប្រួល​យ៉ាងខ្លាំង បន្ទាប់ពី​កងទ័ព​រុស្ស៊ី ជួយ​រំដោះ​ទីក្រុង Aleppo ពី​ដៃ​ក្រុម​ឧទ្ទាម ដែល​ជួយ​គាំទ្រ​ពីក្រោយ​ដោយ​អាមេរិក​។ ប្រធានាធិបតី​អាសាដ ចាត់ទុក​ជ័យជម្នះ​លើក​នេះ ជា​ផ្លូវ​ទៅកាន់​ជោគជ័យ ដែល​នេះ​ក៏​មានន័យថា លោក ទំនងជា​អាច​រក្សា​កៅអី​ប្រធានាធិបតី​បាន​ដដែល បន្ថែម​ពីលើ​គោលនយោបាយ​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដែល​ចង់​ដកខ្លួន​ឈប់​គាំទ្រ​ក្រុម​ឧទ្ទាម​នោះ​៕


Tag:
 អាមេរិក​
  រុស្ស៊ី​
  ក្រុម​រដ្ឋ​ឥស្លាម​
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com