ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទីប្រឹក្សា​ផ្ទាល់​សម្តេច ហ៊ុន សែន ចេញផ្សាយ​សៀវភៅ «​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​»
10, Jan 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​លោក រស់ ច​ន្ត្រា​បុត្រ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​ផ្សាយ​សៀវភៅ​ដែលមាន​ចំណងជើង​ថា «​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​» ។ សម្រាប់​ស្នាដៃ​ដែលមាន​កម្រាស់​ជាង​៤០០​ទំព័រ​នេះ អ្នកនិពន្ធ បាន​រៀបរាប់​ពី​ប្រវត្តិ​ដ៏​ជូរចត់​របស់​កម្ពុ​ជាកា​លពី​អតីតកាល និង​បាន​លើក​ពី​គុណសម្បត្តិ​របស់​សម្តេច ហ៊ុន សែន ក្នុង​ដំណើរ​សាង​សន្តិភាព​នៅ​កម្ពុជា​។​

 
​ពុំទាន់​មាន​អ្នកស្រាវជ្រាវ​ខ្មែរ ឬ​បរទេស​ណាមួយ ចងក្រង​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ពេញលេញ​ចប់​ចុង​ចប់​ដើមឡើយ​ទាក់ទង​នឹង «​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​»​។ នេះ​ជាការ​កត់សម្គាល់​របស់​បណ្ឌិតសភា​ចា​រ្យ រស់ ច​ន្ត្រា​បុត្រ ដោយបាន​អះអាងថា ស្នាដៃ «​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​» របស់លោក ជាការ​ប្រមូលផ្តុំ​ឯកសារ​ផ្លូវ​ការដែល​រំលឹក​ពី​អតីតកាល​ដ៏​ជូរចត់ និង​បង្ហាញ​ពី​ស្នាដៃ​របស់​សម្តេច ហ៊ុន សែន ក្នុង​ដំណើរ​ការកសាង​សន្តិភាព​។​
 
​លោក រស់ ច​ន្ត្រា​បុត្រ សាស្ត្រាចារ្យ វិទ្យាសាស្ត្រ​នយោបាយ និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេច ហ៊ុន សែន ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ស្ថានភាព​នយោបាយ​អន្ត​រ​ជាតិ បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​សម្បើម​អស្ចារ្យ​មកលើ​អាយុជីវិត​កម្ពុជា ពោលគឺ​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាមលោកលើកទីពីរ​ម​ក​ម្ល៉េះ​។​
 
​នៅ​ផ្នែក​ទីមួយ អ្នកនិពន្ធ​បាន​សង្ខេប​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សំខាន់ៗ​នៅ​កម្ពុជា ពី​ឆ្នាំ​១៩៤១ ដល់​ឆ្នាំ​១៩៧៩ ដោយ​ចាប់ផ្តើម​បង្ហាញ​ពី​ស្ថានភាព​របស់​កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​តូចតាច​ដែល​រងគ្រោះ​ដោយ​ការប៉ះទង្គិច​គ្នា​រវាង​ប្លុក​ទាំងពីរ គឺ​សហរដ្ឋអាមេរិក (​លោក​សេរី​) និង​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត (​មនោគមន៍វិជ្ជា​កុម្មុយនីស្ត​) ដែល​គេ​ដាក់ឈ្មោះថា «​សង្គ្រាមត្រជាក់​» មុន​លើកឡើង​ពី​សម័យ​អាណានិគម​បារាំង ​ចលនា​ខ្មែរឥស្សរៈ និង​វៀត​មិញ​។​
 
​លោក រស់ ច​ន្ត្រា​បុត្រ បាន​រៀបរាប់​ផងដែរ​ពី​ស្ថានភាព​របស់​កម្ពុជា​ដែល​ស្ថិតក្នុង​ចន្លោះ «​ញញួរ និង​ត្រ​នា​ប់​» ពី​សម័យ​សង្គមរាស្ត្រនិយម សម័យ​សាធារណរដ្ឋ​ខ្មែរ រហូតដល់​សម័យ​ខ្មែរក្រហម​ប្រល័យពូជសាសន៍​។ បន្ថែម​ពីលើ​នេះ លោក​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានការណ៍​មួយចំនួនបន្ថែមទៀត ដូចជា ចលនា​តស៊ូ​ប្រឆាំង​ខ្មែរក្រហម ឬ​សេរីការ សង្គ្រាម​ក្នុង​ព្រះរាជ​វង្ស និង​ប្រវត្តិ​នយោបាយ​ការបរទេស ជាពិសេស​ការ​កាត់ផ្តាច់​ទាំងស្រុង​នៅ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​។​
 
​នៅ​ផ្នែក​ទី​ពីរ​នៃ​សៀវភៅ​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​កាលពី​ឆ្នាំ​២០១៦​កន្លងមកនេះ អ្នកនិពន្ធ បាន​រៀបរាប់​ពី​សកម្មភាព​នានា​ដែល​ឈានដល់​ថ្ងៃ​រំដោះ «៧ មករា ឆ្នាំ​១៩៧៩» ដែល​ក្នុងនោះ មាន​សម្តេច ហ៊ុន សែន ដែលជា​មេដឹកនាំ​ចលនា​តស៊ូ​ដ៏​សំខាន់​មួយរូប​ដែល​បញ្ជា​ផ្នែក​ខាងកើត​ទន្លេមេគង្គ​។ លោក​បាន​រៀបរាប់​ទាក់ទង​នឹង​សង្គ្រាម​ដែល​នៅ​បន្ត​លើ​ទឹកដី​កម្ពុជា ដូចជា​សង្គ្រាម​តាម​ព្រំដែន​កម្ពុជា​-​ថៃ និង​ការបង្កើត​រដ្ឋាភិបាលចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ​ជាដើម​។​
 
​នៅ​ផ្នែក​បន្តបន្ទាប់ អ្នកនិពន្ធ​បានលើកឡើង​ពី​ដំណើរ​ចរចា​សន្តិភាព រហូតដល់​បាន​សន្តិភាព​ពេញលេញ​។ លោក​បាន​កត់សម្គាល់ថា តួអង្គ​សំខាន់​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា គឺ​សម្តេច ហ៊ុន សែន និង​សម្តេចព្រះ នរោត្តម សីហនុ​។ ចំណែកឯ​អ្នក​ពន្លត់ភ្លើង​សង្គ្រាម​នៅ​កម្ពុជា គឺ​សម្តេច ហ៊ុន សែន​។​
 
​ក្នុង​អារម្ភកថា​របស់ខ្លួន សម្តេច ហ៊ុន សែន បាន​ចាត់ទុកថា នេះ​ជា​ស្នាដៃ​ដំបូង​ដែល​និយាយ​អំពី​សន្តិភាព​នៅ​កម្ពុជា និង​ផ្តល់​តម្លៃ​សន្តិភាព​ពិតប្រាកដ​។ សម្តេច​លើកឡើងថា​៖ «​ស្នាដៃ​នេះ ជា​សក្ខីភាព​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប​ដែល​បង្ហាញថា សង្គ្រាម​ប្រើពេល​វេលា​ខ្លី ហើយ​ងាយស្រួល​ក្នុង​ការឆាបឆេះ​ដុតបំផ្លាញ តែ​សន្តិភាព​វិញ ត្រូវការ​ពេលវេលា​យូរអង្វែង​ដើម្បី​ពន្លត់ភ្លើង​សង្គ្រាម និង​កសាង​អ្វីដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​អន្តរាយ​»​។ សម្រាប់​សម្តេច ស្នាដៃ​ចងក្រង​របស់លោក រស់ ច​ន្ត្រា​បុត្រ អាច​ឲ្យ​កូន​ខ្មែរ​ទាំងអស់​ទុកជា​មេរៀន​ប្រចាំជីវិត​៕
 
 
 

Tag:
 រស់ ច​ន្ត្រា​បុត្រ​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com