ជាតិ
សេដ្ឋកិច្ច
មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នាំ​ផ្លូវ​អ្នកជំនួញ និង​ទេសចរ​ចិន​មក​កម្ពុជា​
10, Jan 2017 , 8:19 am        
រូបភាព
ប៉ាន សូរស័ក្ដិ(រូបភាពពីក្រសួងពាណិជ្ជកម្ម)
ប៉ាន សូរស័ក្ដិ(រូបភាពពីក្រសួងពាណិជ្ជកម្ម)
ដោយ: ថ្មីៗ
ភ្នំពេញ​៖ រដ្ឋាភិបាល​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម នៅ​ប្រទេស​ចិន​ជា​បន្តបន្ទាប់ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរ​កម្ពុជា​-​ចិន​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ ។​


 
​ការបង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង ស្រប​ពេលដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បានកំណត់​ទិសដៅ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​ឲ្យ​ឡើងដល់ ៥​ពាន់​លាន​ដុល្លារ នៅត្រឹម​ឆ្នាំ​២០១៧​នេះ​។ ជាមួយគ្នានេះដែរ កម្ពុជា​បានដាក់​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ចំនួន ២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។​
 
 ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​សន្និសីទកាសែត​ស្ដីពី​កម្ពុជា​ធ្វើជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច នៅ​ថ្ងៃទី​៦​ខែមករា លោក ប៉ាន សូរ​ស័ក្ដិ ឲ្យ​ដឹងថា កម្ពុជា​ជ្រើសរើស​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តំបន់​យុទ្ធសាស្ត្រ​របស់​ចិន ដែល​អាច​ឲ្យ​វិនិយោគិន និង​ទេសចរ​ចិន ស្រាវជ្រាវ​រក​ព័ត៌មាន​អំពី​កម្ពុជា មុននឹង​ពួកគេ​សម្រេច​បោះទុន ក៏ដូចជា​មក​ទេសចរណ៍​នៅ​កម្ពុជា​។ លោក​បញ្ជាក់ថា កម្ពុ​ជាមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ទីក្រុង​ណាន​នី​ង និង​មួយទៀត​នៅ​ខេត្ត​ក្វាង​ចូ​វ ហើយ​អាច​នឹង​បង្កើត​ចំនួន​៤​កន្លែង​ទៀត​នៅ ទីក្រុង​ប៉េកាំង ម៉ា​កាវ សៀង​ហៃ និង​ទីក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី​។​
 
​សូម​ស្ដាប់​ប្រសាសន៍ លោក ប៉ាន សូរ​ស័ក្ដិ ខាងក្រោម​នេះ​៖

 
 
 
​បើតាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោកស្រី សឿង សុ​ផា​រី មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ណាន​នី​ង គឺ​ផ្ដោតទៅលើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ រីឯ​មជ្ឈមណ្ឌល​ដែល​បង្កើត​បន្តបន្ទាប់​ទៀត​គ្របដ​ណ្ដា​ប់​ទៅលើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វប្បធម៌​។ លោកស្រី​បន្ថែមថា មជ្ឈមណ្ឌល​ទាំងនេះ​ជួយផ្ដល់​ព័ត៌មាន​ដល់​ប្រជាជន​ទាំងសងខាង​អំពី​ប្រទេស​កម្ពុជា និង​ចិន​។​
 
​យោងតាម​តួលេខ​របស់​ស្ថានទូត​ចិន​ប្រចាំ​ក​ម្ព​ជា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចិន នៅក្នុង​ឆមាស​ទី​១​ដើមឆ្នាំ​២០១៦ មាន​ចំនួន ២,៣​ពាន់​លាន​ដុល្លារ កើនឡើង​១០​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥ ។ នៅក្នុង​ឆ្នាំ​២០១៥ ការជួញដូរ​របស់​ប្រទេស​ទាំងពីរ​សម្រេចបាន ៤,៤​ពាន់​លាន​ដុល្លារ​៕ 
 

Tag:
 មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com