កីឡាជាតិ
PNN បន្ត​ប្តេជ្ញា​មិន​ឲ្យ​មាន​វត្តមាន​កីឡាករ និង​មន្ត្រី​បច្ចេក​ទេសលក់ខ្លួន​
10, Jan 2017 , 8:39 am        
រូបភាព
ដោយ:

​អ្នកគ្រប់គ្រង​កម្មវិធី​ព័ត៌មាន​កីឡា​ទូរទស្សន៍​ភី​អិន​អិន​លោក ស្រឺ ស្រេង​(​ហៅ​សំណព្វ​)​បាន​ប្តេជ្ញា​មិន​ឲ្យ​មាន​វត្តមាន​កីឡាករ និង​មន្ត្រី​បច្ចេកទេស​នៅលើ​សង្វៀន​របស់​ភី​អិន​អិន​នោះឡើយ ​ប្រសិនបើ​មាន​ករណី​លក់ខ្លួន​។ ការបញ្ជាក់​បែបនេះ ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ​បើក​ការប្រកួត​ជើងឯក​គោ​ជល់​ទម្ងន់​៥៧​គីឡូក្រាម​ រដូវ​កាល​ទី​៥ ​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៧​។​

 
​វា​មិនមែនជា​លើក​ទី​១​នោះទេ ​សម្រាប់​ថ្នាក់ដឹកនាំ​ព័ត៌មាន​កីឡា​ និង​ការប្រកួត​ជើងឯក​គោ​ជល់ លោក សំណព្វ ដែល​តែងតែ​និយាយ​មិន​ឲ្យ​មាន​វត្តមាន​កីឡាករ និង​មន្ត្រី​បច្ចេកទេស​លក់ខ្លួន​នៅ​ភី​អិន​អិន​(PNN)​។ យ៉ាងណាមិញ សម្រាប់​ការបើក​ជើងឯក​គោ​ជល់​រដូវ​កាល​ថ្មី​ទម្ងន់​៥៧​គីឡូក្រាម លោក នៅតែ​បន្ត​បេ្ត​ជ្ញា​មិន​ឲ្យ​មាន​វត្តមាន​កីឡាករ និង​មន្ត្រី​បច្ចេកទេស​នៅលើ​សង្វៀន​ភី​អិន​អិន​ប្រសិនបើ​មាន​ករណី​លក់ខ្លួន​កើតឡើង​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​បើក​រដូវ​កាល​ថ្មី​ កាលពី​ថ្ងៃទី​៨ ខែមករា ម្សិលមិញ លោក សំណព្វ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ចង់​ជម្រាបជូន​ថា ចិត្ត​អ្នករៀបចំ​កម្មវិធី​ក៏ដូចជា​តំណាង​ឲ្យ​ទូរទស្សន៍​ផ្ទាល់ ​សន្យា​នៅតែ​សន្យា​ដដែល​ថា ប្រសិនបើ​មាន​ករណី​មិន​ប្រក្រតី​(​លក់ខ្លួន​)​កើតឡើង យើង​នៅតែ​ចិញ្ចឹមចិត្ត នឹង​ចាត់​តាម​វិធាន​ការដែល​កើតឡើង​កាលពីមុន​អ៊ីចឹង​។ គឺ​យើង​មិន​ទុក​ឱកាស​ ឲ្យ​ជន​ដែល​បំផ្លាញ​កីឡា ​មក​ចូល​ទូរទស្សន៍​ភី​អិន​អិន​នោះទេ​»​។     
 
​នេះ​ជា​លើក​ទី​១​ហើយ​ ដែល​សម្រាប់​សង្វៀន​ភី​អិន​អិន​ ដែល​ដាក់​ឲ្យ​មានការ​ប្រកួត​ជើងឯក​ទម្ងន់​ស្រាល​បែបនេះ​។ ​ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រដាល់​រូបនេះ​អះអាងថា រដូវ​កាល​ថ្មី​នេះ​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​ជក់ចិត្ត ព្រោះ​កីឡាករ​ដែល​ចូលរួម​សុទ្ធសឹង​ជា​កីឡាករ​ជើង​ខ្លាំង ដែល​បាន​ឆ្លងកាត់​ការសម្រិតសម្រាំង និង​វាស់​ស្ទង់​មតិ​ពី​អ្នកទស្សនា​។ 
 
​គួរ​បញ្ជាក់ថា សម្រាប់​ជើងឯក​គោ​ជល់​ទម្ងន់​៥៧​គីឡូក្រាម​រដូវ​កាល​នេះ មាន​កីឡាករ​កម្ពុជា​៤ និង​ថៃ​៤​រូប​។ កីឡាករ​កម្ពុជា​ទាំងនោះ​រួមមាន​កីឡាករ ពេជ្រ ម្ទេសខ្មាំង​, ព្រឿង សុជាតិ​, ម៉ន សា​ម៉េ​ត និង​កីឡាករ យុគ យក្ស​ផ្លែ រីឯ​កីឡាករ​ថៃ​រួមមាន ផេ​ត សិលា​, ភូ​ន សាវ៉ាត​, កាំ​ឡៃ​យោគ និង ផេ​ត ងិន​ថង​។ 
 
​ដោយឡែក សម្រាប់​រូបមន្ត​នៃ​ការប្រកួត​ គឺកីឡាករ​កម្ពុជា​មិន​ជួប​ជា​កីឡាករ​កម្ពុជា​នោះឡើយ។  ​កម្ពុជា​ម្នាក់ៗ​ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ទាំង​៤​នាក់​ ទៅវិញទៅមក​ ដើម្បី​ចម្រាញ់​ជ្រើសរើស​កីឡាករ​កម្ពុជា​ម្នាក់​ ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ ឡើងទៅ​ជួប​កីឡា​ថៃ​ដែលមាន​ពិន្ទុ​ជាងគេ​ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ សម្រាប់​ពេលវេលា​ប្រកួត ​ត្រូវបាន​ផ្លាស់ប្តូរ គឺ​ប្រកួត​ចាប់ពី​ម៉ោង​៥​រសៀល​រហូតដល់​ម៉ោង​៧​យប់​ រៀងរាល់​ថ្ងៃអាទិត្យ​៕  

Tag:
 ប្រដាល់​
  សំណព្វ​
  PNN
  ជើងឯក​គោ​ជល់
© រក្សាសិទ្ធិដោយ thmeythmey.com