សេដ្ឋកិច្ច
NBC ដាក់​ឲ្យ​ដេញថ្លៃ​សាច់ប្រាក់ ៤០​ពាន់​លាន​រៀល​លើក​ទី​៤
10, Jan 2017 , 8:59 pm         4360
រូបភាព
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) ប្រកាស​ដាក់​ឲ្យ​ដេញថ្លៃ​សាច់ប្រាក់ ៤០​ពាន់​លាន​រៀល (​ជិត​១០​លាន​ដុល្លារ​) លើក​ទី​៤ សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដែលមាន​តម្រូវការ​ប្រាក់រៀល​នៅក្នុង​ចរន្ត​ឥណទាន​របស់ខ្លួន​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ NBC នៅ​ថ្ងៃទី​១០​ខែមករា​។​


NBC នឹងដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់រៀល​លើក​ទី​៤​នេះ នៅ​ថ្ងៃទី​១៧​ខែមករា​ឆ្នាំនេះ​។ ការដេញថ្លៃ​នេះ គឺ​ស្ថិតក្នុង​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ដែល​ត្រូវបាន NBC ដាក់​ឲ្យ​អនុវត្ត​ចាប់តាំងពី​ខែតុលា​ឆ្នាំ​២០១៦ មក ដើម្បី​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល និង​ផ្ដល់​កម្ចី​ប្រាក់រៀល​ជាមួយ​អត្រា​ការប្រាក់​សមរម្យ​។ តាមរយៈ​ប្រតិបត្តិការ​នេះ NBC នឹង​ផ្ដល់ទុន​បង្វិល​ជា​ប្រាក់រៀល ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាមួយ​អត្រា​ការប្រាក់​ក្នុង​កម្រិត​ណាមួយ​។

​គួរ​បញ្ជាក់ថា ការដេញថ្លៃ​ប្រាក់រៀល​របស់ NBC នេះ គឺ​ប្រព្រឹត្ត​ទៅជា​រៀងរាល់ខែ​។ សាច់ប្រាក់​ដាក់​ឲ្យ​ដេញថ្លៃ ៣​លើក​មុននេះ គឺមាន​ទំហំ ៤០​ពាន់​លាន​រៀល​ដូចគ្នា​។ ហើយ​ទឹកប្រាក់​ដេញថ្លៃ​បាន​សរុប​ក្នុង​លើក​មុនៗ មិន​លើសពី ១២​ពាន់​លាន​រៀល​នោះទេ ជាមួយនឹង​អត្រា​ការប្រាក់ ៣​ភាគរយ​ក្នុង​១​ឆ្នាំ​។
Tag:
 LPCO
  ប្រាក់រៀល​
  កម្ចី​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next