សេដ្ឋកិច្ច
NBC ដាក់ឲ្យដេញថ្លៃសាច់ប្រាក់ ៤០ពាន់លានរៀលលើកទី៤
× ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) ប្រកាសដាក់ឲ្យដេញថ្លៃសាច់ប្រាក់ ៤០ពាន់លានរៀល (ជិត១០លានដុល្លារ) លើកទី៤ សម្រាប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានតម្រូវការប្រាក់រៀលនៅក្នុងចរន្តឥណទានរបស់ខ្លួន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ NBC នៅថ្ងៃទី១០ខែមករា។
NBC នឹងដាក់ឲ្យដេញថ្លៃប្រាក់រៀលលើកទី៤នេះ នៅថ្ងៃទី១៧ខែមករាឆ្នាំនេះ។ ការដេញថ្លៃនេះ គឺស្ថិតក្នុងប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) ដែលត្រូវបាន NBC ដាក់ឲ្យអនុវត្តចាប់តាំងពីខែតុលាឆ្នាំ២០១៦ មក ដើម្បីបង្កើនការប្រើប្រាស់ប្រាក់រៀល និងផ្ដល់កម្ចីប្រាក់រៀលជាមួយអត្រាការប្រាក់សមរម្យ។ តាមរយៈប្រតិបត្តិការនេះ NBC នឹងផ្ដល់ទុនបង្វិលជាប្រាក់រៀល ដល់គ្រឹះស្ថានហិរញ្ញវត្ថុជាមួយអត្រាការប្រាក់ក្នុងកម្រិតណាមួយ។
គួរបញ្ជាក់ថា ការដេញថ្លៃប្រាក់រៀលរបស់ NBC នេះ គឺប្រព្រឹត្តទៅជារៀងរាល់ខែ។ សាច់ប្រាក់ដាក់ឲ្យដេញថ្លៃ ៣លើកមុននេះ គឺមានទំហំ ៤០ពាន់លានរៀលដូចគ្នា។ ហើយទឹកប្រាក់ដេញថ្លៃបានសរុបក្នុងលើកមុនៗ មិនលើសពី ១២ពាន់លានរៀលនោះទេ ជាមួយនឹងអត្រាការប្រាក់ ៣ភាគរយក្នុង១ឆ្នាំ។
Tag:
LPCO
ប្រាក់រៀល
កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com