អន្តរជាតិ
នយោបាយអន្តរជាតិ
ជប៉ុន ដុតដៃដុតជើងប្រមែប្រមូលព័ត៌មានពីផែនការសាកល្បងបាញ់មីស៊ីលកូរ៉េខាងជើង
×
ដូចសព្វមួយដង ជប៉ុន ដែលមានភូមិសាស្ត្រជិតបង្កើយនឹងកូរ៉េខាងជើងនោះ មិនបណ្តែតបណ្តោយឲ្យសន្តិសុខរបស់ខ្លួនត្រូវរងការគំរាមកំហែងដោយងាយៗតាមរយៈការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងឡើយ។ ឆ្លើយតបនឹងរបាយការណ៍ចុងក្រោយនៃផែនការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ជប៉ុន ក៏កំពុងតែប្រមែលប្រមូលព័ត៌មានពាក់ព័ន្ធ ដើម្បីរៀបចំវិធានការទប់ស្កាត់វិញផងដែរ។
នាយខុទ្ទកាល័យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga នៅថ្ងៃទី១០ មករា បានថ្លែងក្នុងសន្និសីទសារព័ត៌ថា រដ្ឋាភិបាលក្រុងតូក្យូ បាននិងកំពុងតែរិះរកគ្រប់មធ្យោបាយដើម្បីតបត ក៏ដូចជា តាមឃ្លាំមើលឥរិយាបថរបស់កូរ៉េខាងជើងដើម្បីវាយតម្លៃពីស្ថានភាពដែលអាចបង្កឡើងដោយកូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters។
សូមរម្លឹកផងដែរថា នៅថ្ងៃទី០៨ មករា កន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងដែលមិនបញ្ចេញឈ្មោះម្នាក់ បាននិយាយថា ក្រុងព្យុងយ៉ាង បានអភិវឌ្ឍក្បាលគ្រាប់នុយក្លេអ៊ែរស្តង់ដារួចហើយដែរ។ អ្នកនាំពាក្យនោះ បានបន្ទោសអាមេរិកថា បានបន្តសកម្មភាពបង្កហេតុមកលើខ្លួន ហើយរឿងនេះជាមូលហេតុដែលបង្ខំខ្លួនឲ្យអភិវឌ្ឍអាវុធនោះ។
អ្វីគួរកត់សម្គាល់នោះ ការប្រកាសខាងលើនេះ ធ្វើឡើងក្រោយពេលមេដឹកនាំកំពូល គីម ជុងអ៊ុន ប្រកាសថា កូរ៉េខាងជើង បានមកដល់ដំណាក់កាលចុងក្រោយនៃការរៀបចំសាកល្បងមីស៊ីលអន្តរទ្វីប (ICBM) ។ ប្រសិនបើសាកល្បងជោគជ័យ មីស៊ីលអន្តរទ្វីបនេះ មានសមត្ថភាពបាញ់ដល់ទឹកដីអាមេរិក ដែលមានចម្ងាយជាង៩ពាន់គីឡូម៉ែត្រពីកូរ៉េខាងជើង។ មីស៊ីលប្រភេទនេះ អាចបាញ់គោលដៅក្នុងរង្វង់អប្បរមា៥ពាន់គីឡូម៉ែត្រ និងអាចបង្កើនសមត្ថភាពវាយប្រហារគោលដៅចម្ងាយលើសមួយម៉ឺនគីឡូម៉ែត្រផងដែរ។
ដូចសព្វមួយដងអាមេរិក ដែលជាអាណាព្យាបាលសន្តិសុខរបស់ជប៉ុន និងកូរ៉េខាងត្បូង មិនបណ្តែតបណ្តោយឲ្យកូរ៉េខាងជើង ធ្វើតាមចិត្តឡើយ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក Ashton Carter នៅថ្ងៃទី៨ មករាកន្លងទៅ បានអះអាងថា អាមេរិកនឹងបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើងដែលហោះសំដៅទឹកដីអាមេរិក។ ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន NBC ប្រមុខការពារជាតិអាមេរិករូបនេះបញ្ជាក់ថា អាមេរិក នឹងបាញ់ទម្លាក់មីស៊ីលដែលបាញ់ដោយកូរ៉េខាងជើង ក្នុងករណីមីស៊ីលនោះ បាញ់តម្រង់មកកាន់អាមេរិក ឬទឹកដីរបស់សម្ព័ន្ធមិត្តអាមេរិក។
លោក Carter សង្កត់ធ្ងន់ថា អាមេរិកបាញ់ទម្លាក់មីស៊ីលណាដែលជាការគំរាមសន្តិសុខអាមេរិក និងសម្ព័ន្ធមិត្តប៉ុណ្ណោះ។ តែបើមីស៊ីលកូរ៉េខាងជើង បាញ់តម្រង់ចូលសមុទ្រនោះ ក្រុងវ៉ាស៊ីនតោន នឹងមិនបាញ់ស្កាត់អ្វីឡើយ។ គេមិនទាន់ដឹងទេថា កូរ៉េខាងជើង នឹងបាញ់សាកល្បងមីស៊ីលរបស់ខ្លូននៅពេលណាឡើយ ប៉ុន្តែបើតាមព័ត៌មានលេចធ្លាយកន្លងមក កូរ៉េខាងជើង ទំនងជាបាញ់មីស៊ីល ពេល ប្រធានាធិបតី ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង៕
© រក្សាសិទ្ធិដោយ thmeythmey.com